កំណើត​ពិភព​លោក 18

18
អុលឡោះ​មក​ឲ្យ​អ៊ីព្រហ៊ីម​ឃើញ​សា​ជា​ថ្មី នៅ​ដើម​ជ្រៃ​តា​ម៉ាមរ៉េ
1 អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីព្រហ៊ីម​ឃើញ នៅ​ដើម​ជ្រៃ​តា​ម៉ាមរ៉េ។ ពេល​នោះ ថ្ងៃ​ពេញ​កំដៅ​ហើយ អ៊ីព្រហ៊ីម​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ​របស់​គាត់ 2គាត់​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​បុរស​បី​នាក់ ឈរ​នៅ​ជិត​គាត់។ ពេល​ឃើញ​បុរស​បី​នាក់​នោះ គាត់​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប​ក្រាប​ដល់​ដី 3ហើយ​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ បើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។ 4សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន! សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ 5ខ្ញុំ​នឹង​ទៅ​យក​នំបុ័ង​មួយ​ដុំ មក​ជូន​លោក​ពិសា ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដូច្នេះ លោក​នឹង​មិន​ឆៀង​កាត់​តាម​ផ្ទះ​អ្នក​បម្រើ​របស់​លោក ដោយ​ឥត​បាន​ការ​ឡើយ»។ បុរស​ទាំង​បី​តប​ថា៖ «សុំ​ធ្វើ​តាម​ពាក្យ​អ្នក​ចុះ»។
6អ៊ីព្រហ៊ីម​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀប​ចំ​ធ្វើ​នំ​ឲ្យ​បាន​រួស​រាន់​ទៅ»។ 7បន្ទាប់​មក គាត់​រត់​ទៅ​រក​ហ្វូង​សត្វ យក​កូន​គោ​ស្ទាវ​យ៉ាង​ធាត់​ល្អ​មួយ ប្រគល់​ឲ្យ​ក្មេង​បម្រើ​ម្នាក់​យក​ទៅ​សម្លាប់​ធ្វើ​ម្ហូប​ជា​បន្ទាន់។ 8គាត់​យក​ខ្លាញ់ និង​ទឹក​ដោះ​គោ ព្រម​ទាំង​សាច់​កូន​គោ ដែល​គេ​បាន​រៀប​ចំ​នោះ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី។ ខ្លួន​គាត់​ផ្ទាល់ ឈរ​កំដរ​បុរស​ទាំង​បី​ក្រោម​ដើម​ឈើ​នោះ បុរស​ទាំង​បី​នាក់​ក៏​នាំ​គ្នា​បរិភោគ។
9បន្ទាប់​មក បុរស​ទាំង​បី​ពោល​មក​គាត់​ថា៖ «សារ៉ា ភរិយា​របស់​អ្នក នៅ​ឯ​ណា?»។ គាត់​តប​វិញ​ថា៖ «នាង​នៅ​ក្នុង​ជំរំ​ឯ​ណោះ»។ 10អុលឡោះ‌តាអាឡា មាន​បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ សារ៉ា​ឈរ​ស្តាប់​ក្រោយ​ខ្នង​គាត់ នៅ​មាត់​ទ្វារ​ជំរំ។ 11អ៊ីព្រហ៊ីម និង​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។ 12គាត់​អស់​សំណើច​នឹក​ក្នុង​ចិត្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ចាស់​ប៉ុណ្ណឹង​ហើយ តើ​ខ្ញុំ​នៅ​មាន​តំរេក​ទៀត​ឬ? រីឯ​ប្ដី​របស់​ខ្ញុំ​សោត ក៏​ចាស់​ជរា​ណាស់​ដែរ»។ 13អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អ៊ីព្រហ៊ីម​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​សារ៉ា​សើច ទាំង​ពោល​ថា “តើ​ខ្ញុំ​ដែល​ចាស់​ណាស់​ហើយ អាច​នឹង​មាន​កូន​ទៅ​កើត​ឬ” 14តើ​មាន​ការ​អ្វី​អស្ចារ្យ​ពេក ដែលអុលឡោះ‌តាអាឡា​ធ្វើ​មិន​កើត? ឆ្នាំ​ក្រោយ​នៅ​ខែ​ដដែល យើង​នឹង​មក​ជួប​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ 15សារ៉ា​បដិសេធ​ថា៖ «ខ្ញុំ​ពុំ​បាន​សើច​ទេ»។ គាត់​ថា​ដូច្នេះ មក​ពី​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក។ ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នាង​ពិត​ជា​បាន​សើច​មែន!»។
ណាពី​អ៊ីព្រហ៊ីម​អង្វរ​ឲ្យ​ក្រុង​សូដុម
16បុរស​ទាំង​បី​នាក់​ក្រោក​ឡើង ចាក​ចេញ​ទៅ​ដោយ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ អ៊ីព្រហ៊ីម​ជូន​ដំណើរ​ដើម្បី​លា​គ្នា។ 17ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «តើ​គួរ​ឲ្យ​យើង​លាក់​កិច្ច‌ការ​ដែល​យើង​បំរុង​នឹង​ធ្វើ​នោះ មិន​ឲ្យ​អ៊ីព្រហ៊ីម​ដឹង​ឬ? 18អ៊ីព្រហ៊ីម​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​មួយ​ដ៏​ធំ ហើយ​មាន​អំណាច​យ៉ាង​ខ្លាំង​ទៀត​ផង ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក៏​នឹង​ទទួល​ពរ​តាម​រយៈ​គាត់​ដែរ 19ដ្បិត​យើង​បាន​ជ្រើស​រើស​គាត់ ដើម្បី​ណែ​នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​ប្រោស​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក​អំពី​គាត់»។
20 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពាក្យ​ដែល​គេ​ចោទ​ប្រកាន់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ធ្ងន់​ធ្ងរ​ណាស់ ហើយ​អ្នក​ក្រុង​នោះ ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន​ដែរ។ 21យើង​ត្រូវ​តែ​ចុះ​ទៅ​មើល ដើម្បី​ឲ្យ​ដឹង​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ ពិត​ដូច​ពាក្យ​ដែល​លាន់​ឮ​មក​ដល់​យើង ឬ​យ៉ាង​ណា។ បើ​ពិត ឬ​មិន​ពិត​យើង​មុខ​ជា​ដឹង​មិន​ខាន»។
22បុរស​ទាំង​នោះ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ រីឯ​អ៊ីព្រហ៊ីម​វិញ ឈរ​នៅ​ជា​មួយអុលឡោះ‌តាអាឡា​ដដែល។ 23អ៊ីព្រហ៊ីម​ចូល​ទៅ​ជិត​អុលឡោះ ហើយ​បាន​សួរ​ថា៖ «តើ​អុលឡោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​មែន​ឬ? 24ក្នុង​ក្រុង​នោះ ប្រហែល​ជា​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​ដែរ​មើល​ទៅ។ តើ​អុលឡោះ​ពិត​ជា​រំលាយ​ក្រុង​នោះ​មែន​ឬ? តើ​ទ្រង់​មិន​លើក​លែង​ទោស​ឲ្យ​គេ ដោយ​យោគ​យល់​ដល់​មនុស្ស​សុចរិត ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ? 25អុលឡោះ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ទ្រង់​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។ 26អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់ រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើក​លែង​ទោស​ឲ្យ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគ​យល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។ 27អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​គ្រាន់​តែ​ជា​ធូលី​ដី និង​ជា​ផេះ​ប៉ុណ្ណោះ សូម​មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​អុលឡោះ‌ជាអម្ចាស់​បែប​នេះ។ 28ប្រហែល​ជា​មនុស្ស​សុចរិត​មិន​ទាន់​បាន​គ្រប់​ចំនួន​ហាសិប​ទេ គឺ​នៅ​ខ្វះ​ប្រាំ​នាក់ តើ​អុលឡោះ​នឹង​រំលាយ​ទី​ក្រុង​ទាំង​មូល​ចោល ព្រោះ​តែ​ប្រាំ​នាក់​នោះ​ឬ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​តែ​សែ‌សិប​ប្រាំ​នាក់ យើង​នឹង​មិន​រំលាយ​ទី​ក្រុង​នោះ​ឡើយ»។ 29អ៊ីព្រហ៊ីម​នៅ​តែ​មាន​ប្រសាសន៍​ទៅ​កាន់​អុលឡោះ​ថា៖ «ប្រហែល​មាន​តែ​សែ‌សិប​នាក់​ទេ»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សែ‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។ 30អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ថា៖ «សូម​អុលឡោះ‌ជាអម្ចាស់​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​សូម​អង្វរ​ម្តង​ទៀត។ ប្រហែល​ជា​មាន​តែ​សាម‌សិប​នាក់»។ ទ្រង់​មាន​បន្ទូល​ថា៖ ព្រោះ​តែ​អ្នក​ទាំង​សាម‌សិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។ 31អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ថា៖ «សូម​មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​អុលឡោះ‌ជាអម្ចាស់ ប្រហែល​ជា​មាន​តែ​ម្ភៃ​នាក់​ប៉ុណ្ណោះ»។ ទ្រង់​មាន​បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ម្ភៃ​នោះ យើង​នឹង​មិន​រំលាយ​ទី​ក្រុង​ឡើយ»។ 32អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ថា៖ «សូម​អុលឡោះ‌ជាអម្ចាស់​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ ខ្ញុំ​សូម​អង្វរ​តែ​ម្តង​ទៀត​ទេ។ ប្រហែល​ជា​មាន​តែ​ដប់​នាក់​ប៉ុណ្ណោះ»។ ទ្រង់​មាន​បន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ដប់​នោះ យើង​នឹង​មិន​រំលាយ​ទី​ក្រុង​ឡើយ»។
33កាលអុលឡោះ‌តាអាឡា មាន​បន្ទូល​ជា​មួយ​អ៊ីព្រហ៊ីម​រួច​រាល់​ហើយ ទ្រង់​ក៏​ចាក​ចេញ​ទៅ រីឯ​អ៊ីព្រហ៊ីម​ក៏​វិល​ទៅ​ជំរំ​គាត់​វិញ​ដែរ។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 18: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល