កំណើត​ពិភព​លោក 17

17
សញ្ញា​សំគាល់​នៃ​សម្ពន្ធ‌មេត្រី
1នៅ​ពេល​ដែល​អ៊ីប្រាំ​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ។ 2យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក កើន​ចំនួន​ច្រើន​ជា​អនេក»។ 3អ៊ីប្រាំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖ 4«ចំណែក​យើង យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​ដូច​តទៅ: អ្នក​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន 5គេ​លែង​ហៅ​អ្នក​ថា “អ៊ីប្រាំ” ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា “អ៊ីព្រហ៊ីម” វិញ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។ 6យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្តេច​ជា​ច្រើន កើត​ចេញ​ពី​អ្នក​ដែរ។ 7យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​តទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក ហើយ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក ដែល​កើត​មក​តាម​ក្រោយ​ដែរ។ 8យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​តទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក»។
9អុលឡោះ​មាន​បន្ទូល​មក​អ៊ីព្រហ៊ីម​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង គឺ​ទាំង​អ្នក ទាំង​ពូជ‌ពង្ស​របស់​អ្នក ដែល​នឹង​កើត​មក​តាម​ក្រោយ ត្រូវ​គោរព​តាម​គ្រប់​តំណ​តទៅ។ 10អ្នក​រាល់​គ្នា​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​នឹង​កើត​មក​តាម​ក្រោយ ដូច​តទៅ​នេះ គឺ​ត្រូវ​ខតាន់*​ឲ្យ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ 11អ្នក​រាល់​គ្នា​ខតាន់​ជា​សញ្ញា​សំគាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។ 12នៅ​ពេល​កើត​បាន​ប្រាំ​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់ គ្រប់​តំណ​តទៅ ទោះ​បី​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ក្តី ឬ​ក៏​ទិញ​មក​ពី​អ្នក​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្តី ត្រូវ​តែ​ខតាន់​គ្រប់ៗ​គ្នា។ 13គេ​ត្រូវ​ខតាន់​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សំគាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។ 14រីឯ​បុរស​ណា ដែល​គ្មាន​សញ្ញា​សំគាល់​ខតាន់ នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់​កាល់​បុរស​នោះ ឲ្យ​ដាច់​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ហើយ»។
15អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីព្រហ៊ីម​ទៀត​ថា៖ «រីឯ​សារ៉ាយ ជា​ភរិយា​របស់​អ្នក​វិញ មិន​ត្រូវ​ហៅ​នាង​ថា “សារ៉ាយ” ទៀត​ទេ គឺ​នាង​នឹង​មាន​ឈ្មោះ​ថា “សារ៉ា” វិញ។ 16យើង​នឹង​ឲ្យ​ពរ​នាង ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​កូន​មួយ​តាម​រយៈ​នាង។ យើង​នឹង​ឲ្យ​ពរ​នាង នាង​នឹង​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​ក៏​នឹង​មាន​ស្តេច​របស់​សាសន៍​នា​នា កើត​ចេញ​ពី​នាង​ដែរ»។
17អ៊ីព្រហ៊ីម​ក្រាប​ចុះ អោន​មុខ​ដល់​ដី គាត់​អស់​សំណើច ហើយ​នឹក​ក្នុង​ចិត្ត​ថា «តើ​មនុស្ស​អាយុ​មួយ​រយ​ឆ្នាំ​ដូច​ខ្ញុំ​នេះ អាច​មាន​កូន​ទៅ​កើត​ឬ? រីឯ​សារ៉ា​ដែល​មាន​អាយុ​កៅ‌សិប​ឆ្នាំ​ហើយ តើ​នៅ​តែ​អាច​សំរាល​កូន​បាន​ឬ?»។ 18អ៊ីព្រហ៊ីម មាន​ប្រសាសន៍​ទៅ​កាន់​អុលឡោះ​ថា៖ «បើ​អុលឡោះ​ទុក​ឲ្យ​អ៊ីស្មា‌អែល​មាន​ជីវិត​រស់​នោះ ក៏​គ្រប់​គ្រាន់​ហើយ!»។ 19ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។ 20ចំពោះ​អ៊ីស្មា‌អែល​វិញ យើង​បាន​ឮ​ពាក្យ​របស់​អ្នក​ហើយ យើង​នឹង​ឲ្យ​ពរ​វា យើង​នឹង​ធ្វើ​ឲ្យ​វា​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​វា​កើន​ចំនួន​យ៉ាង​ច្រើន​អនេក។ ស្តេច​ដប់​ពីរ​នាក់ នឹង​កើត​ចេញ​ពី​វា ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​វា​ដែរ។ 21ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសា‌ហាក់ គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ»។ 22បន្ទាប់​ពី​អុលឡោះ​មាន​បន្ទូល​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ចេញ​ពី​អ៊ីព្រហ៊ីម​ឡើង​ទៅ។
23នៅ​ថ្ងៃ​ដដែល​នោះ អ៊ីព្រហ៊ីម​បាន​នាំ​អ៊ីស្មា‌អែល​ជា​កូន និង​អស់​អ្នក​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ព្រម​ទាំង​អស់​អ្នក​ដែល​គាត់​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គឺ​ប្រុសៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​គាត់ មក​ខតាន់​ស្រប​តាម​អុលឡោះ​បង្គាប់​ដល់​គាត់។ 24ពេល​អ៊ីព្រហ៊ីម​ខតាន់​នោះ គាត់​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ​ហើយ 25រីឯ​អ៊ីស្មា‌អែល​ជា​កូន​របស់​គាត់ មាន​អាយុ​ដប់​បី​ឆ្នាំ នៅ​ពេល​ខតាន់។ 26អ៊ីព្រហ៊ីម និង​អ៊ីស្មា‌អែល​ជា​កូន​បាន​ខតាន់​នៅ​ថ្ងៃ​ជា​មួយ​គ្នា 27ហើយ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់ គឺ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​របស់​គាត់ ឬ​អ្នក​ក្រៅ​ដែល​គាត់​បាន​ទិញ​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ ក៏​បាន​ខតាន់​ជា​មួយ​គាត់​ដែរ។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 17: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល