ណាពី​អេសេ‌គាល 8

8
ការ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្រុង​យេរូ‌សាឡឹម
1នៅ​ឆ្នាំ​ទី​ប្រាំ​មួយ ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំ​មួយ ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​មាន​អះលី‌ជំអះ​នៃ​ជន‌ជាតិ​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដាក់​ដៃ​លើ​ខ្ញុំ។
2ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។ ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម មាន​សណ្ឋាន​ដូច​ភ្លើង ហើយ​ត្រឹម​ចង្កេះ​ឡើង​ទៅ​លើ មាន​សណ្ឋាន​ដូច​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់។ 3ពេល​នោះ មាន​ដូច​ជា​ទ្រង់‌ទ្រាយ​ដៃ លូក​មក​ចាប់​ទាញ​សក់​ខ្ញុំ។ រស​របស់​អុលឡោះ​លើក​ខ្ញុំ​ពី​ដី​ឡើង​ទៅ​លើ​មេឃ ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មក​ពី​អុលឡោះ គឺ​នាំ​ខ្ញុំ​ទៅ​ក្រុង​យេរូ‌សាឡឹម ត្រង់​មាត់​ទ្វារ​ខាង​ក្នុង នា​ទិស​ខាង​ជើង​កន្លែង​មាន​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​អុលឡោះ​ប្រច័ណ្ឌ។ 4សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​សណ្ឋិត​នៅ​ទី​នោះ មាន​ទ្រង់‌ទ្រាយ​ដូច​ខ្ញុំ​បាន​ឃើញ​នៅ​តាម​ជ្រលង​ភ្នំ​ដែរ។
5ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង​ទៅ!»។ ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ទិស​ខាង​ជើង ឃើញ​រូប​ដែល​បណ្ដាល​ឲ្យ​អុលឡោះ​ជា​ម្ចាស់​ប្រច័ណ្ឌ​នោះ ស្ថិត​នៅ​ខាង​ជើង​មាត់​ទ្វារ​ចូល​ទី​អាសនៈ។ 6ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ឬ​ទេ? ពូជ‌ពង្ស​អ៊ីស្រ‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ធ្វើ​ឲ្យ​យើង​ចាក​ចេញ​ឆ្ងាយ​ពី​ទី‌សក្ការៈ​របស់​យើង។ ប៉ុន្តែ អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត»។
7ពេល​នោះ ទ្រង់​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​មាត់​ទ្វារ​ចូល​លាន​ម៉ាស្ជិទ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​មាន​រន្ធ​មួយ​នៅ​ក្នុង​ជញ្ជាំង។ 8ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ចោះ​ជញ្ជាំង​ទៅ!»។ ខ្ញុំ​ក៏​ចោះ​ជញ្ជាំង ធ្វើ​ប្រឡោះ​មួយ។ 9ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ចូល​មក​មើល​អំពើ​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​នៅ​ទី​នេះ!»។ 10ខ្ញុំ​ក៏​ចូល​ទៅ​មើល ឃើញ​មាន​រូប​សត្វ​លូន​វារ និង​សត្វ​ចង្រៃ​គ្រប់​ប្រភេទ ព្រម​ទាំង​រូប​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់​របស់​ពូជ‌ពង្ស​អ៊ីស្រ‌អែល ឆ្លាក់​លើ​ជញ្ជាំង​ដែល​នៅ​ជុំ‌វិញ។ 11មាន​អះលី‌ជំអះ​នៃ​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ចិត‌សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ម្នាក់ៗ​កាន់​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង។ លោក​យ៉ាសា‌ណា ជា​កូន​របស់​លោក​សាផាន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ។ 12ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​អះលី‌ជំអះ​របស់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់ ម្នាក់ៗ​ថ្វាយ‌បង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “អុលឡោះ‌តាអាឡា​មើល​យើង​ពុំ​ឃើញ​ទេ! អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។
13ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​បំផុត​ជា​ច្រើន​ទៀត ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត»។ 14ទ្រង់​នាំ​ខ្ញុំ​ទៅ​ទ្វារ​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា ប៉ែក​ខាង​ជើង។ នៅ​ទី​នោះ ស្រីៗ​អង្គុយ​យំ​ស្រណោះ​ព្រះ​ថាមូស។ 15ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អ្នក​នឹង​ឃើញ​អំពើ​គួរ​ស្អប់​ខ្ពើម​អាក្រក់​ជាង​នេះ​ទៅ​ទៀត»។
16បន្ទាប់​មក ទ្រង់​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ នៅ​មាត់​ទ្វារ​ម៉ាស្ជិទ គឺ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនៈ មាន​មនុស្ស​ប្រមាណ​ម្ភៃ​ប្រាំ​នាក់​បែរ​ខ្នង​ដាក់​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អាទិត្យ។ 17ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពូជ‌ពង្ស​យូដា​ប្រព្រឹត្ត​នៅ​ទី​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ បាន​ជា​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ពាស‌ពេញ​ស្រុក​ថែម​ទៀត ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង។ ពួក​គេ​យក​មែក​ឈើ​ដាក់​ជិត​ច្រមុះ​របស់​ខ្លួន។ 18យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​កំហឹង​របស់​យើង។ យើង​នឹង​មិន​អាណិត​មេត្តា​ពួក​គេ ហើយ​ក៏​មិន​ត្រា​ប្រណី​ពួក​គេ​ដែរ។ កាល​ណា​ពួក​គេ​ស្រែក​អង្វរ​យើង យើង​នឹង​មិន​ស្ដាប់​ពួក​គេ​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

ណាពី​អេសេ‌គាល 8: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល