ណាពីអេសេគាល 37
37
និមិត្តហេតុអស្ចារ្យអំពីឆ្អឹងខ្មោចដែលរស់ឡើងវិញ
1 អុលឡោះតាអាឡាដាក់ដៃលើខ្ញុំ រសរបស់ទ្រង់នាំខ្ញុំទៅដាក់កណ្ដាលជ្រលងភ្នំមួយ ដែលមានឆ្អឹងខ្មោចពាសពេញ។ 2ទ្រង់នាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែងទាំងអស់។ 3អុលឡោះមានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! តើឆ្អឹងទាំងនេះអាចរស់មកជាមនុស្សវិញបានឬទេ?»។ ខ្ញុំឆ្លើយតបថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! មានតែទ្រង់ទេដែលជ្រាប»។ 4ទ្រង់មានបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា: ឆ្អឹងដ៏ស្ងួតអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! 5អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា “យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។ 6យើងនឹងឲ្យអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា”»។
7ខ្ញុំក៏ថ្លែងបន្ទូលតាមបញ្ជារបស់ទ្រង់។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានឮស្នូរសំឡេង គឺឆ្អឹងទាំងអស់កំរើកចូលជិតគ្នាទៅវិញទៅមក។ 8ខ្ញុំសង្កេតឃើញមានសរសៃនៅលើឆ្អឹង ហើយសាច់ដុះពីលើ រួចមានស្បែករុំស្រោបផង ប៉ុន្តែ មិនទាន់មានខ្យល់ដង្ហើមនៅឡើយទេ។ 9អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះឲ្យមានជីវិតរស់ឡើង»។ 10ខ្ញុំថ្លែងបន្ទូលតាមបញ្ជារបស់អុលឡោះតាអាឡា។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។
11ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!” 12ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់គេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាឡើងពីផ្នូរនោះ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រអែលវិញ។ 13ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាឡើងមក នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 14យើងនឹងដាក់រសរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ យើងនិយាយយ៉ាងណាយើងនឹងធ្វើយ៉ាងនោះ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះនឹងបង្រួបបង្រួមអ៊ីស្រអែល និងយូដា ជានគរតែមួយ
15 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 16«កូនមនុស្សអើយ! ចូរយកក្ដារមួយបន្ទះមកសរសេរពីលើថា “កុលសម្ព័ន្ធយូដា និងកូនចៅអ៊ីស្រអែល ជាដៃគូនឹងគ្នា”។ ចូរយកក្ដារមួយបន្ទះទៀតមកសរសេរពីលើថា “យូសុះ (គឺអេប្រាអ៊ីម) និងពូជពង្សអ៊ីស្រអែលទាំងមូលជាដៃគូនឹងគ្នា”។ 17បន្ទាប់មក ចូរយកក្ដារទាំងពីរនោះមកដាក់ភ្ជាប់គ្នាជាបន្ទះតែមួយ នៅក្នុងដៃរបស់អ្នក។ 18កាលណាប្រជាជនរបស់អ្នកសួរថា “សូមពន្យល់យើងខ្ញុំផង អ្នកធ្វើដូច្នេះមានន័យដូចម្ដេច?” 19ត្រូវប្រាប់ពួកគេវិញថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា បន្តិចទៀត យើងនឹងយកក្ដារជាតំណាងយូសុះ(គឺអេប្រាអ៊ីម) ព្រមទាំងកុលសម្ព័ន្ធអ៊ីស្រអែលដែលនៅជាមួយគេ ទៅដាក់ភ្ជាប់នឹងក្ដារជាតំណាងយូដា ហើយយើងនឹងផ្គុំក្ដារទាំងពីរឲ្យទៅជាបន្ទះតែមួយ នៅក្នុងដៃរបស់យើង។ 20បន្ទះក្ដារទាំងពីរដែលអ្នកសរសេរនោះ នឹងស្ថិតក្នុងដៃរបស់អ្នកនៅចំពោះមុខប្រជាជនទាំងអស់”។ 21ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងយកជនជាតិអ៊ីស្រអែលចេញពីចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅ។ យើងនឹងប្រមូលពួកគេពីគ្រប់ទិសទី ហើយនាំពួកគេវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ។ 22យើងនឹងបង្រួបបង្រួមពួកគេជាប្រជាជាតិតែមួយ នៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្ដេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។ 23ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មង ដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឲ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឲ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាម្ចាស់របស់ពួកគេ។ 24ពេលនោះ ទតជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួកគេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមហ៊ូកុំរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមហ៊ូកុំរបស់យើងទៀតផង។ 25ពួកគេនឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យយ៉ាកកូប ជាអ្នកបម្រើរបស់យើង គឺជាស្រុកដែលដូនតារបស់ពួកគេធ្លាប់រស់នៅកាលពីដើម។ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងរស់នៅក្នុងស្រុកនោះរហូត ហើយទតជាអ្នកបម្រើរបស់យើង នឹងគ្រប់គ្រងលើពួកគេតរៀងទៅ។ 26យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឲ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឲ្យពួកគេកើនចំនួនច្រើនឡើង ហើយយើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។ 27ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។ 28ពេលដែលទីសក្ការៈរបស់យើង ស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលបានប្រោសជនជាតិអ៊ីស្រអែលឲ្យទៅជាប្រជាជនដ៏វិសុទ្ធ»។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 37: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.