ណាពីអេសេគាល 13
13
បន្ទូលរបស់អុលឡោះប្រឆាំងនឹងណាពីក្លែងក្លាយ
1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ 2«កូនមនុស្សអើយ! ចូរថ្លែងបន្ទូល ប្រឆាំងនឹងពួកណាពីរបស់ជនជាតិអ៊ីស្រអែល។ ចូរប្រាប់ពួកណាពីដែលបានទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួនថា: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!។ 3អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ណាពីល្ងីល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្តហេតុពីអុលឡោះឡើយ។ 4ឱអ៊ីស្រអែលអើយ ណាពីរបស់អ្នកប្រៀបបាននឹងកញ្ជ្រោង ដែលរស់នៅតាមគំនរបាក់បែក! 5ណាពីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃរបស់អុលឡោះតាអាឡា»ទេទេ។ 6អ្នករាល់គ្នារៀបរាប់ពីនិមិត្តហេតុឥតបានការ និងពាក្យទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាតែងពោលថា “នេះជាបន្ទូលរបស់អុលឡោះតាអាឡា” តែអុលឡោះតាអាឡាពុំបានចាត់អ្នករាល់គ្នាមកទេ។ អ្នករាល់គ្នាសង្ឃឹមថា ពាក្យរបស់ខ្លួននឹងសម្រេចជារូបរាង។ 7និមិត្តហេតុដែលអ្នករាល់គ្នារៀបរាប់នោះ សុទ្ធតែឥតបានការ ហើយពាក្យដែលអ្នករាល់គ្នាទស្សន៍ទាយសុទ្ធតែកុហក! អ្នករាល់គ្នាតែងពោលថា “នេះជាបន្ទូលរបស់អុលឡោះតាអាឡា!” តែយើងពុំបាននិយាយឡើយ»។ 8ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 9ពួកណាពីក្លែងក្លាយអើយ យើងនឹងប្រហារអ្នករាល់គ្នា ព្រោះអ្នករាល់គ្នារៀបរាប់អំពីនិមិត្តហេតុឥតបានការ និងទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាមិនស្ថិតនៅក្នុងចំណោមប្រជាជនរបស់យើង ហើយក៏គ្មានឈ្មោះក្នុងបញ្ជី របស់ពូជពង្សអ៊ីស្រអែលដែរ អ្នករាល់គ្នានឹងមិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាជាម្ចាស់មែន។
10ណាពីទាំងនោះបាននាំប្រជាជនរបស់យើងឲ្យវង្វេង ដោយពោលថា មានសន្តិភាពហើយ! តែគ្មានសន្តិភាពទាល់តែសោះ។ ប្រជាជនរបស់យើងសង់ជញ្ជាំង ហើយណាពីទាំងនោះនាំគ្នាបូកបាយអពីលើ។ 11ចូរប្រកាសប្រាប់អ្នកបូកបាយអទាំងនោះថា: ជញ្ជាំងនេះមុខជារលំមិនខាន! ភ្លៀងនឹងបង្អុរមកយ៉ាងខ្លាំង ព្រឹលក៏ធ្លាក់មក ហើយខ្យល់ព្យុះក៏កើតមានដែរ ពេលនោះ ជញ្ជាំងនឹងរលំបាក់បែកអស់។ 12ពេលជញ្ជាំងរលំ គេនឹងសួរអ្នករាល់គ្នា តើបាយអដែលអ្នករាល់គ្នាបូកនោះទៅណាបាត់ហើយ?»។ 13ហេតុនេះអុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។ 14យើងនឹងកំទេចជញ្ជាំងដែលអ្នករាល់គ្នាបូកបាយអពីលើ យើងនឹងធ្វើឲ្យជញ្ជាំងនោះរលំដល់ដី គ្រឹះរបស់វានឹងរលើង ហើយជញ្ជាំងរលំសង្កត់លើអ្នករាល់គ្នា។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 15យើងនឹងប្រព្រឹត្តចំពោះជញ្ជាំងនោះ ព្រមទាំងអស់អ្នកដែលបូកបាយអ តាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម។ គេនឹងពោលថា: គ្មានជញ្ជាំង គ្មានអ្នកបូកបាយអ 16គ្មានណាពីរបស់ជនជាតិអ៊ីស្រអែលទស្សន៍ទាយអំពីក្រុងយេរូសាឡឹម និងរៀបរាប់អំពីនិមិត្តហេតុដែលថាក្រុងនេះនឹងមានសន្តិភាព តែគ្មានសន្តិភាពសោះ! -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
បន្ទូលរបស់អុលឡោះប្រឆាំងនឹងអ្នកថ្លែងបន្ទូលក្លែងក្លាយ
17កូនមនុស្សអើយ ចូរបែរមុខទៅរកស្រីៗនៃប្រជាជនរបស់អ្នក ដែលទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួន។ ចូរថ្លែងបន្ទូលប្រឆាំងនឹងស្រីទាំងនោះទៅ! 18ចូរពោលទៅពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: វេទនាហើយស្រីៗ ដែលវេញអំបោះឲ្យប្រជាជនទាំងអស់ពាក់នៅកដៃ និងដេរឆ្នួតឲ្យប្រជាជនគ្រប់អាយុពាក់នៅលើក្បាល ដើម្បីខាបព្រលឹង! ពួកនាងខាបព្រលឹងប្រជាជនរបស់យើង ហើយនឹកស្មានថាអាចរក្សាជីវិតរបស់ខ្លួនបានឬ? 19ពួកនាងបន្ថោកយើងនៅចំពោះមុខប្រជាជនរបស់យើង ព្រោះចង់បានអង្ករពីរបីក្តាប់ និងនំបុ័ងពីរបីដុំ។ ពួកនាងបោកប្រាស់ប្រជាជនរបស់យើង ដ្បិតគេឆាប់ជឿពាក្យកុហករបស់ពួកនាងធ្វើដូច្នេះ ពួកនាងសម្លាប់អស់អ្នកដែលមិនត្រូវស្លាប់ តែទុកជីវិតឲ្យអស់អ្នកដែលមិនត្រូវរស់»។
20ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងប្រឆាំងនឹងអំបោះ ដែលពួកនាងប្រើសម្រាប់ខាបព្រលឹង។ យើងនឹងយកអំបោះទាំងនោះចេញពីដៃរបស់ពួកនាង ហើយដោះលែងព្រលឹងដែលពួកនាងចាប់យកមកឃុំឃាំង។ 21យើងនឹងហែកឆ្នួតរបស់ពួកនាង ព្រមទាំងដោះលែងប្រជាជនរបស់យើងពីកណ្ដាប់ដៃពួកនាង ហើយពួកនាងមិនអាចចាប់ពួកគេ ទុកជារំពាក្នុងកណ្ដាប់ដៃរបស់ខ្លួនបានឡើយ។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 22ដោយសារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើឲ្យពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ ឲ្យដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនឲ្យគេងាកចេញពីផ្លូវរបស់ខ្លួន ដើម្បីទទួលជីវិតឡើយ។ 23ពួកនាងនឹងលែងប្រឌិតនិមិត្តហេតុដ៏ឥតបានការ ហើយក៏លែងទស្សន៍ទាយទៀតដែរ។ យើងនឹងដោះលែងប្រជារាស្ត្ររបស់យើងពីកណ្ដាប់ដៃរបស់ពួកនាង។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 13: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.