ណាពីអេសេគាល 11
11
អុលឡោះដាក់ទោសមេដឹកនាំអ៊ីស្រអែល
1រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅទ្វារខាងកើតនៃដំណាក់របស់អុលឡោះតាអាឡា។ មានមនុស្សម្ភៃប្រាំនាក់អង្គុយនៅមាត់ទ្វារនោះ។ ខ្ញុំឃើញមេដឹកនាំពីរនាក់របស់ប្រជាជន ស្ថិតនៅកណ្ដាលចំណោមពួកគេ គឺលោកយ៉ាសានា ជាកូនរបស់លោកអស៊ើរ និងលោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា។ 2ទ្រង់មានបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ពួកនេះជាមនុស្សរៀបចំគម្រោងការប្រព្រឹត្តអំពើទុច្ចរិត ហើយផ្តល់យោបល់អាក្រក់ដល់ក្រុងនេះ។ 3ពួកគេពោលថា “គ្មាននរណាសង់ផ្ទះក្នុងពេលឆាប់ៗខាងមុខទេ។ ក្រុងនេះប្រៀបបាននឹងឆ្នាំង រីឯពួកយើង ពួកយើងជាសាច់នៅក្នុងឆ្នាំង”។ 4ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងបន្ទូលនៃអុលឡោះ ចូរប្រកាសប្រឆាំងនឹងពួកគេទៅ!»។
5ពេលនោះ រសរបស់អុលឡោះតាអាឡាមកសណ្ឋិតលើខ្ញុំ ទ្រង់មានបន្ទូលមកខ្ញុំថា៖ «ចូរប្រកាសថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ពូជពង្សអ៊ីស្រអែលអើយ អ្វីៗដែលអ្នករាល់គ្នានិយាយ អ្វីៗដែលអ្នករាល់គ្នាគិត យើងដឹងទាំងអស់។ 6អ្នករាល់គ្នាបានសម្លាប់មនុស្សជាច្រើននៅក្នុងទីក្រុង អ្នករាល់គ្នាបានធ្វើឲ្យមានសាកសពពាសពេញផ្លូវ។ 7ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា សាកសពដែលអ្នករាល់គ្នាបានសម្លាប់នៅក្នុងទីក្រុង ប្រៀបបាននឹងសាច់មែន ហើយទីក្រុងជាឆ្នាំង។ រីឯអ្នករាល់គ្នាវិញ យើងនឹងដេញអ្នករាល់គ្នាចេញពីក្រុងនេះ។ 8អ្នករាល់គ្នាខ្លាចសង្គ្រាម តែយើងនឹងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 9យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។ 10អ្នករាល់គ្នានឹងដួលស្លាប់ដោយមុខដាវ។ យើងនឹងដាក់ទោសអ្នករាល់គ្នា ក្នុងទឹកដីអ៊ីស្រអែល ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 11ក្រុងនេះមិនមែនជាឆ្នាំងសម្រាប់អ្នករាល់គ្នាទេ អ្នករាល់គ្នាក៏មិនមែនជាសាច់នៅក្នុងក្រុងនេះដែរ។ យើងនឹងដាក់ទោសអ្នករាល់គ្នានៅក្នុងទឹកដីអ៊ីស្រអែល។ 12នៅពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ អ្នករាល់គ្នាពុំបានប្រព្រឹត្តតាមហ៊ូកុំរបស់យើងទេ ហើយអ្នករាល់គ្នាក៏ពុំបានធ្វើតាមវិន័យរបស់យើងដែរ តែអ្នករាល់គ្នាបែរជាយកទម្លាប់តាមប្រជាជាតិនានា ដែលនៅជុំវិញ»។
13ពេលខ្ញុំកំពុងថ្លែងបន្ទូលទាំងនេះ លោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា ក៏ស្លាប់មួយរំពេច។ ខ្ញុំក្រាបចុះអោនមុខដល់ដី ហើយស្រែកយ៉ាងខ្លាំងៗថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់មុខជាប្រល័យជនជាតិអ៊ីស្រអែល ដែលនៅសេសសល់ ឲ្យវិនាសសូន្យមិនខាន!»។
បន្ទូលរបស់អុលឡោះសន្យាចំពោះប្រជាជនដែលជាប់ជាឈ្លើយ
14 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ដូចតទៅ៖ 15«កូនមនុស្សអើយ ប្រជាជននៅក្រុងយេរូសាឡឹមនាំគ្នាពោលទៅកាន់បងប្អូន និងសាច់ញាតិរបស់អ្នក ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូលថា “ចូរស្ថិតនៅឲ្យឆ្ងាយពីអុលឡោះតាអាឡា ដ្បិតទ្រង់ប្រគល់ទឹកដីនេះឲ្យតែពួកយើងប៉ុណ្ណោះ”។ 16ចូរប្រាប់បងប្អូនរបស់អ្នកថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ទោះបីយើងបណ្តេញអ្នករាល់គ្នាទៅក្នុងចំណោមប្រជាជាតិនានា ដែលនៅឆ្ងាយៗ ទោះបីយើងកំចាត់កំចាយអ្នករាល់គ្នាទៅតាមស្រុកផ្សេងៗក្តី ក៏យើងនឹងធ្វើជាទីសក្ការៈសម្រាប់អ្នករាល់គ្នានៅក្នុងស្រុកទាំងនោះដែរ”។ 17ចូរប្រាប់ពួកគេទៀតថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងនាំអ្នករាល់គ្នាចេញពីកណ្ដាលចំណោមជាតិសាសន៍នានាមកវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីស្រុកទាំងឡាយ ដែលអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅ ហើយយើងនឹងប្រគល់ទឹកដីអ៊ីស្រអែលឲ្យអ្នករាល់គ្នា”។ 18ពួកគេនឹងនាំគ្នាត្រឡប់មកវិញ ហើយដកព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ចេញពីទឹកដីនេះ។ 19យើងនឹងឲ្យពួកគេមានចិត្តតែមួយ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងពួកគេ យើងដកចិត្តរឹងដូចថ្មចេញពីពួកគេ ហើយឲ្យពួកគេមានចិត្តចេះស្ដាប់បង្គាប់វិញ 20ដើម្បីឲ្យពួកគេធ្វើតាមហ៊ូកុំរបស់យើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យរបស់យើង។ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង យើងក៏ទៅជាម្ចាស់របស់ពួកគេ។ 21រីឯអស់អ្នកដែលជាប់ចិត្តនឹងព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមវិញ យើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
សិរីរុងរឿងរបស់អុលឡោះចាកចេញពីក្រុងយេរូសាឡឹម
22ពួកម៉ាឡាអ៊ីកាត់មានស្លាបទទះស្លាបហោះ ហើយកង់ក៏ឡើងទៅជាមួយដែរ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលស្ថិតនៅពីលើម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះ។ 23សិរីរុងរឿងរបស់អុលឡោះតាអាឡាក៏អណ្ដែតឡើងពីទីក្រុង ហើយស្ថិតនៅលើភ្នំខាងកើតទីក្រុង។ 24រសរបស់អុលឡោះលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅស្រុកខាល់ដេ ឲ្យនៅជាមួយប្រជាជនដែលជាប់ជាឈ្លើយ។ បន្ទាប់មក និមិត្តហេតុអស្ចារ្យដែលរសរបស់អុលឡោះតាអាឡាសំដែងឲ្យខ្ញុំឃើញនោះ ក៏រលាយបាត់ទៅ។ 25ខ្ញុំក៏និយាយប្រាប់ប្រជាជនជាប់ជាឈ្លើយនូវអ្វីៗទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាសំដែងឲ្យខ្ញុំឃើញ។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 11: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.