ណាពី​អេសេ‌គាល 10

10
ណាពី​អេសេ‌គាល​និមិត្ត​ឃើញ​សិរី‌រុង​រឿង​អុលឡោះ​សា​ជា​ថ្មី
1ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​លំហ​អាកាស​នៅ​ពី​លើ​ក្បាល​របស់​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។ ក្នុង​លំហ​អាកាស​នោះ មាន​ដូច​ជា​បល្ល័ង្ក​មួយ​ធ្វើ​ពី​ត្បូង​កណ្ដៀង។ 2អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៅ​កាន់​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ​នោះ​ថា៖ «ចូរ​ចូល​ទៅ​ខាង​ក្នុង​កង់ ដែល​ស្ថិត​នៅ​ពី​ក្រោម​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ហើយ​យក​រងើក​ភ្លើង ដែល​កំពុង​តែ​ឆេះ​នៅ​ចន្លោះ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ពេញ​មួយ​ក្បង់​ដៃ រួច​ជះ​ទៅ​លើ​ទីក្រុង​ទៅ!»។
ខ្ញុំ​ក៏​ឃើញ​បុរស​នោះ​ចូល​ទៅ។ 3ពេល​គាត់​ទៅ​ដល់ ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ស្ថិត​នៅ​ខាង​ស្តាំ​ដំណាក់​របស់​អុលឡោះ ហើយ​មាន​ពពក​ពាស‌ពេញ​ទី‌លាន​ខាង​ក្នុង។ 4សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​អណ្ដែត​ឡើង​ពី​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ឆ្ពោះ​កាន់​មាត់​ទ្វារ​ដំណាក់​របស់​អុលឡោះ។ មាន​ពពក​នៅ​ពេញ​ហើយ​ទី‌លាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា5សន្ធឹក​ស្លាប​របស់​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប លាន់​ឮ​រហូត​ទៅ​ដល់​ទី‌លាន​ខាង​ក្រៅ មាន​សូរ‌ស័ព្ទ​ដូច​សំឡេង​របស់​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត។ 6អុលឡោះ‌តាអាឡា​បង្គាប់​ទៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ​ដូច​ត​ទៅ៖ «ចូរ​យក​ភ្លើង​ពី​ក្នុង​កង់ នៅ​ចន្លោះ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​មក!»។ បុរស​នោះ​ក៏​ទៅ​ឈរ​ក្បែរ​កង់។ 7ពេល​នោះ ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ហើយ​យក​ភ្លើង​ហុច​ទៅ​ឲ្យ​បុរស​នោះ។ គាត់​ក៏​ទទួល​យក រួច​ចេញ​ទៅ។ 8នៅ​ក្រោម​ស្លាប​របស់​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប មាន​ហាក់​ដូច​ជា​ដៃ​របស់​មនុស្ស​លេច​ចេញ​មក។
9ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​កង់​បួន​នៅ​ក្បែរ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប គឺ​នៅ​ក្បែរ​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នីមួយៗ​មាន​កង់​មួយ។ កង់​ទាំង​នោះ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ 10កង់​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ ដោយ​កង់​ទាំង​នោះ​មាន​ទ្រង់‌ទ្រាយ និង​មាន​រាង​ដូចៗ​គ្នា មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។ 11ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​អាច​វិល​ទៅ​ទិស​ទាំង​បួន ដោយ​ឥត​ងាក​រេ គឺ​វា​វិល​ទៅ​មុខ តាម​ទិស​ដែល​មុខ​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​បែរ​ទៅ​គេ ដោយ​ឥត​ងាក​រេ​ឡើយ។ 12រូប​កាយ​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​មូល គឺ​ខ្នង ដៃ ស្លាប មាន​ភ្នែក​ពាស‌ពេញ ហើយ​តាម​រង្វង់​កង់​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​បួន​ក៏​មាន​ភ្នែក​ពាស‌ពេញ​ដែរ។ 13ខ្ញុំ​ឮ​គេ​ហៅ​កង់​ទាំង​នោះ​ថា “ខ្យល់​កួច”។ 14ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នីមួយៗ​មាន​មុខ​បួន។ មុខ​ទី​មួយ​ដូច​មុខ​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប មុខ​ទី​ពីរ​ដូច​មុខ​មនុស្ស មុខ​ទី​បី​ដូច​មុខ​សិង្ហ មុខ​ទី​បួន​ដូច​មុខ​ឥន្ទ្រី។ 15ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​នោះ​ក៏​ហោះ​ឡើង គឺ​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ។ 16ពេល​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទៅ​មុខ កង់​ក៏​វិល​ទៅ​មុខ​ជា​មួយ ពេល​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទទះ​ស្លាប​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​នៅ​ជាប់​ជា​មួយ​ដែរ។ 17ពេល​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ឈប់ កង់​ក៏​ឈប់ ពេល​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ឡើង កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​លោក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។
18សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​អណ្ដែត​ឡើង​ពី​មាត់​ទ្វារ​ដំណាក់ ទៅ​សណ្ឋិត​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។ 19ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​នោះ​ទទះ​ស្លាប​ហោះ​ឡើង ហើយ​កង់​ក៏​ទៅ​ជា​មួយ​ដែរ។ សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​សណ្ឋិត​នៅ​លើ​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប ហើយ​ឈប់​នៅ​មាត់​ទ្វារ​កំពែង​ខាង​កើត​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា20ពេល​នោះ ខ្ញុំ​ដឹង​ថា​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ក្បែរ​ទន្លេ​កេបារ គឺ​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នេះ​ឯង។ 21ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នីមួយៗ​មាន​មុខ​បួន មាន​ស្លាប​បួន ហើយ​នៅ​ពី​ក្រោម​ស្លាប មាន​ទ្រង់​ទ្រាយ​ដូច​ដៃ​មនុស្ស។ 22ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​នោះ​មាន​មុខ​ដូច​សត្វ​លោក​ដែល​ខ្ញុំ​បាន​ឃើញ​ក្បែរ​ទន្លេ​កេបារ បេះ​បិទ។ ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​នីមួយៗ​ហើរ​ទៅ​មុខ​យ៉ាង​ត្រង់។

ទើបបានជ្រើសរើសហើយ៖

ណាពី​អេសេ‌គាល 10: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល