សេរី‌ភាព 8

8
1អុលឡោះមាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ប្រាប់​ដូច​តទៅ: អុលឡោះ‌តាអាឡាមាន​បន្ទូល​ថា “ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ ទៅ​គោរព​បម្រើ​យើង។ 2ប្រសិន​បើ​អ្នក​បដិសេធ យើង​នឹង​ប្រើ​កង្កែប​ឲ្យ​មក​បំផ្លាញ​ទឹក​ដី​របស់​អ្នក។ 3កង្កែប​នឹង​កើត​ពេញ​ទន្លេ​នីល វា​នឹង​លោត​ចូល​ទៅ​ក្នុង​វាំង ក្នុង​បន្ទប់ ហើយ​ក្នុង​បន្ទប់​ដេក​របស់​អ្នក​ទៀត​ផង។ កង្កែប​ទាំង​នោះ​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី និង​ផ្ទះ​ប្រជា‌រាស្ត្រ​របស់​អ្នក ព្រម​ទាំង​ចូល​ទៅ​ក្នុង​ចង្ក្រាន និង​ផើង​ម្សៅ។ 4វា​នឹង​លោត​ឡើង​លើ​រូប​កាយ​អ្នក រូប​កាយ​នា​ម៉ឺន​មន្ត្រី និង​លើ​រូប​កាយ​ប្រជា‌រាស្ត្រ​របស់​អ្នក​ទៀត​ផង”»។
5 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ទៀត​ថា៖ «ចូរ​ប្រាប់​ហារូន​ថា: “សូម​បង​លើក​ដំបង​វាយ​ទឹក​ទន្លេ ព្រែក និង​ត្រពំាង ដើម្បី​ឲ្យ​កង្កែប​ឡើង​មក​រាត​ត្បាត​ស្រុក​អេស៊ីប”»។ 6ហារូន​លាត​ដៃ​សន្ធឹង​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីប នោះ​កង្កែប​ក៏​លោត​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។ 7ប៉ុន្តែ គ្រូ​ធ្មប់​ជាតិ​អេស៊ីប ក៏​ប្រើ​មន្ត‌អាគម​ធ្វើ​បាន​ដូច​គ្នា គឺ​ឲ្យ​កង្កែប​ចេញ​មក​រាត​ត្បាត​ស្រុក​អេស៊ីប។ 8ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ម៉ូសា និង​ហារូន​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ទូរអា​អង្វរអុលឡោះ‌តាអាឡា ឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​របស់​អ្នក ចេញ​ទៅ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា!»។ 9ម៉ូសា​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «សូម​ស្តេច​មេត្តា​កំណត់​ពេល​វេលា ដែល​ខ្ញុំ​ត្រូវ​ទូរអា​អង្វរអុលឡោះ‌តាអាឡា​សម្រាប់​ស្តេច សម្រាប់​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ស្តេច ដើម្បី​បំបាត់​កង្កែប​ចេញ​ពី​ស្តេច និង​ចេញ​ពី​ដំណាក់​របស់​ស្តេច គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។ 10ស្តេច​ហ្វៀរ៉អ៊ូន ពោល​ថា៖ «ថ្ងៃ​ស្អែក»។ ម៉ូសា​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​សំដី ដើម្បី​ឲ្យ​ស្តេច​ទទួល​ស្គាល់​ថា គ្មាន​ម្ចាស់​ឯ​ណា ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ។ 11កង្កែប​នឹង​ចេញ​ពី​ស្តេច និង​ចេញ​ពី​ដំណាក់​របស់​ស្តេច ពី​នា​ម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ស្តេច គឺ​ទុក​ឲ្យ​នៅ​សល់​តែ​ក្នុង​ទន្លេ​នីល​ប៉ុណ្ណោះ»។
12បន្ទាប់​មក ម៉ូសា និង​ហារូន​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ម៉ូសា​ទូរអា​អង្វរអុលឡោះ‌តាអាឡា សូម​ដក​កង្កែប​ដែល​ទ្រង់​នាំ​មក​ធ្វើ​ទុក្ខ​ស្តេច​ហ្វៀរ៉អ៊ូន។ 13អុលឡោះ‌តាអាឡា​ក៏​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​ម៉ូសា គឺ​កង្កែប​បាន​ងាប់​នៅ​ក្នុង​ផ្ទះ នៅ​តាម​ភូមិ និង​នៅ​តាម​ស្រែ​ចម្ការ។ 14គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​មាន​ក្លិន​ស្អុយ​ពាស​ពេញ​ស្រុក។
15ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។
គ្រោះ​កាច​ទី​បី: មូស
16 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ហារូន​ថា: សូម​បង​លើក​ដំបង​វាយ​ធូលី​ដី នោះ​ធូលី​ដី​នឹង​ក្លាយ​ទៅ​ជា​មូស នៅ​ពាស​ពេញ​ស្រុក​អេស៊ីប»។ 17អ្នក​ទាំង​ពីរ​ក៏​ធ្វើ​តាម​បន្ទូល គឺ​ហារូន​លើក​ដំបង​វាយ​ធូលី​ដី នោះ​ដី​ក៏​ក្លាយ​ទៅ​ជា​មូស មក​រោម​មនុស្ស និង​សត្វ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល។ 18ពួក​គ្រូ​ធ្មប់​ក៏​ប្រើ​មន្ត‌អាគម ដើម្បី​បង្កើត​មូស​ដែរ តែ​ពួក​គេ​ធ្វើ​ពុំ​បាន​ទេ។ មូស​នៅ​តែ​រោម​មនុស្ស និង​សត្វ​ដដែល។ 19ពេល​នោះ ពួក​គ្រូ​ធ្មប់​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ការ​នេះ​កើត​មក​ពី​អុលឡោះ»។ ប៉ុន្តែ ស្តេច​ហ្វៀរ៉អ៊ូន​នៅ​តែ​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។
គ្រោះ​កាច​ទី​បួន: រុយ
20 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន នៅ​ពេល​ស្តេច​ចុះ​ទៅ​ទន្លេ ហើយ​ជម្រាប​ស្តេច​ដូច​តទៅ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង។ 21ប្រសិន​បើ​អ្នក​មិន​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​ឲ្យ​មក​ខាំ​អ្នក ព្រម​ទាំង​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាស​ពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។ 22ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​មិន​ឲ្យ​មាន​រុយ​ក្នុង​តំបន់​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ​ទេ ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ស្ថិត​នៅ​ក្នុង​ស្រុក​នេះ។ 23យើង​មិន​បណ្តោយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​រង​គ្រោះ ដោយ​សារ​រុយ​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​អ្នក​ទេ ទី​សំគាល់​នេះ​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក”»។
24 អុលឡោះ‌តាអាឡា​ធ្វើ​តាម​បន្ទូល គឺ​មាន​រុយ​យ៉ាង​សន្ធឹក​សន្ធាប់ ហើរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្តេច​ហ្វៀរ៉អ៊ូន ក្នុង​ផ្ទះ​របស់​នា​ម៉ឺន​មន្ត្រី និង​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល។ រុយ​ទាំង​នោះ​រាត​ត្បាត​ពាស​ពេញ​ទឹក​ដី។
25ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ម៉ូសា និង​ហារូន ហើយ​បាន​ប្រាប់​ថា៖ «ចូរ​ធ្វើ​គូរបាន​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​នេះ​ចុះ»។ 26ប៉ុន្តែ ម៉ូសា​ជម្រាប​ថា៖ «ធ្វើ​បែប​នេះ​មិន​បាន​ទេ! ដ្បិត​យើង​ខ្ញុំ​យក​សត្វ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ខ្ញុំ ដូច្នេះ ជា​អំពើ​ដែល​ជន‌ជាតិ​អេស៊ីប​ស្អប់​ខ្ពើម។ ប្រសិន​បើ​ពួក​គេ​ឃើញ​យើង​ខ្ញុំ​យក​សត្វ​ទៅ​ធ្វើ​គូរបាន គឺ​ជា​អំពើ​ដែល​គេ​ស្អប់​ខ្ពើម នោះ​ពួក​គេ​មុខ​ជា​យក​ដុំ​ថ្ម គប់​សម្លាប់​យើង​ខ្ញុំ​មិន​ខាន។ 27យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​វាល​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់នៃ​យើង​ខ្ញុំ​តាម​របៀប​ដែល​ទ្រង់​នឹង​បង្ហាញ​ប្រាប់​យើង​ខ្ញុំ»។ 28ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ថា៖ «យើង​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ធ្វើ​គូរបាន ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន​បាន ប៉ុន្តែ កុំ​ទៅ​ឆ្ងាយ​ពេក។ ចូរ​សូម​អង្វរ​ទ្រង់​ឲ្យ​យើង​ផង»។ 29ម៉ូសា​តប​ថា៖ «ពេល​ចាក​ចេញ​ពី​ស្តេច​ទៅ ខ្ញុំ​នឹង​ទូរអា​អង្វរអុលឡោះ‌តាអាឡា។ ស្អែក​រុយ​នឹង​ចាក​ចេញ​ពី​ស្តេច ពី​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ស្តេច​ទៀត​ផង។ ប៉ុន្តែ សូម​ស្តេច​ឈប់​បញ្ឆោត​យើង​ខ្ញុំ​ទៀត​ទៅ គឺ​កុំ​ហាម​ប្រជា‌ជន​របស់​យើង​ខ្ញុំ ចេញ​ទៅ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡាឡើយ»។ 30ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ទូរអា​អង្វរអុលឡោះ‌តាអាឡា31អុលឡោះ‌តាអាឡា​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​ម៉ូសា គឺ​ទ្រង់​បំបាត់​រុយ​ទាំង​អស់​ចេញ​ពី​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ស្តេច ឥត​មាន​ទុក​ឲ្យ​នៅ​សល់​មួយ​ឡើយ។ 32ប៉ុន្តែ​ម្តង​នេះ​ទៀត ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចេញ​ទៅ​ទេ។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 8: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល