សេរីភាព 8
8
1អុលឡោះមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញ ទៅគោរពបម្រើយើង។ 2ប្រសិនបើអ្នកបដិសេធ យើងនឹងប្រើកង្កែបឲ្យមកបំផ្លាញទឹកដីរបស់អ្នក។ 3កង្កែបនឹងកើតពេញទន្លេនីល វានឹងលោតចូលទៅក្នុងវាំង ក្នុងបន្ទប់ ហើយក្នុងបន្ទប់ដេករបស់អ្នកទៀតផង។ កង្កែបទាំងនោះនឹងលោតចូលទៅក្នុងផ្ទះនាម៉ឺនសព្វមុខមន្ត្រី និងផ្ទះប្រជារាស្ត្ររបស់អ្នក ព្រមទាំងចូលទៅក្នុងចង្ក្រាន និងផើងម្សៅ។ 4វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និងលើរូបកាយប្រជារាស្ត្ររបស់អ្នកទៀតផង”»។
5 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទៀតថា៖ «ចូរប្រាប់ហារូនថា: “សូមបងលើកដំបងវាយទឹកទន្លេ ព្រែក និងត្រពំាង ដើម្បីឲ្យកង្កែបឡើងមករាតត្បាតស្រុកអេស៊ីប”»។ 6ហារូនលាតដៃសន្ធឹងទៅលើទឹកនៅស្រុកអេស៊ីប នោះកង្កែបក៏លោតចេញមករាតត្បាតស្រុកអេស៊ីប។ 7ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីប ក៏ប្រើមន្តអាគមធ្វើបានដូចគ្នា គឺឲ្យកង្កែបចេញមករាតត្បាតស្រុកអេស៊ីប។ 8ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូនមក ហើយមានប្រសាសន៍ថា៖ «ទូរអាអង្វរអុលឡោះតាអាឡា ឲ្យយកកង្កែបចេញពីយើង និងប្រជារាស្ត្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជនរបស់អ្នក ចេញទៅធ្វើគូរបានជូនអុលឡោះតាអាឡា!»។ 9ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចមេត្តាកំណត់ពេលវេលា ដែលខ្ញុំត្រូវទូរអាអង្វរអុលឡោះតាអាឡាសម្រាប់ស្តេច សម្រាប់នាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេច ដើម្បីបំបាត់កង្កែបចេញពីស្តេច និងចេញពីដំណាក់របស់ស្តេច គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។ 10ស្តេចហ្វៀរ៉អ៊ូន ពោលថា៖ «ថ្ងៃស្អែក»។ ម៉ូសាឆ្លើយថា៖ «ខ្ញុំនឹងធ្វើតាមពាក្យសំដី ដើម្បីឲ្យស្តេចទទួលស្គាល់ថា គ្មានម្ចាស់ឯណា ដូចអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំឡើយ។ 11កង្កែបនឹងចេញពីស្តេច និងចេញពីដំណាក់របស់ស្តេច ពីនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ស្តេច គឺទុកឲ្យនៅសល់តែក្នុងទន្លេនីលប៉ុណ្ណោះ»។
12បន្ទាប់មក ម៉ូសា និងហារូនចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយម៉ូសាទូរអាអង្វរអុលឡោះតាអាឡា សូមដកកង្កែបដែលទ្រង់នាំមកធ្វើទុក្ខស្តេចហ្វៀរ៉អ៊ូន។ 13អុលឡោះតាអាឡាក៏ធ្វើតាមពាក្យអង្វររបស់ម៉ូសា គឺកង្កែបបានងាប់នៅក្នុងផ្ទះ នៅតាមភូមិ និងនៅតាមស្រែចម្ការ។ 14គេប្រមូលខ្មោចកង្កែបគរជាគំនរ ហើយមានក្លិនស្អុយពាសពេញស្រុក។
15ពេលឃើញកង្កែបងាប់អស់ហើយនោះ ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។
គ្រោះកាចទីបី: មូស
16 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ហារូនថា: សូមបងលើកដំបងវាយធូលីដី នោះធូលីដីនឹងក្លាយទៅជាមូស នៅពាសពេញស្រុកអេស៊ីប»។ 17អ្នកទាំងពីរក៏ធ្វើតាមបន្ទូល គឺហារូនលើកដំបងវាយធូលីដី នោះដីក៏ក្លាយទៅជាមូស មករោមមនុស្ស និងសត្វនៅស្រុកអេស៊ីបទាំងមូល។ 18ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ 19ពេលនោះ ពួកគ្រូធ្មប់ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ការនេះកើតមកពីអុលឡោះ»។ ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។
គ្រោះកាចទីបួន: រុយ
20 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ព្រឹកស្អែក ចូរក្រោកពីព្រលឹម ទៅជួបស្តេចហ្វៀរ៉អ៊ូន នៅពេលស្តេចចុះទៅទន្លេ ហើយជម្រាបស្តេចដូចតទៅ “អុលឡោះតាអាឡាមានបន្ទូលថា: ចូរបើកឲ្យប្រជារាស្ត្ររបស់យើង ចេញទៅគោរពបម្រើយើង។ 21ប្រសិនបើអ្នកមិនបើកឲ្យពួកគេចេញទៅទេ យើងនឹងប្រើរុយឲ្យមកខាំអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក។ ក្នុងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់មានរុយពាសពេញ ហើយទឹកដីរបស់គេក៏មានរុយដែរ។ 22ប៉ុន្តែ នៅថ្ងៃនោះ យើងមិនឲ្យមានរុយក្នុងតំបន់កូសែន ដែលប្រជារាស្ត្ររបស់យើងរស់នៅទេ ដើម្បីឲ្យអ្នកទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងស្ថិតនៅក្នុងស្រុកនេះ។ 23យើងមិនបណ្តោយឲ្យប្រជារាស្ត្ររបស់យើងរងគ្រោះ ដោយសាររុយជាមួយប្រជារាស្ត្ររបស់អ្នកទេ ទីសំគាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។
24 អុលឡោះតាអាឡាធ្វើតាមបន្ទូល គឺមានរុយយ៉ាងសន្ធឹកសន្ធាប់ ហើរចូលទៅក្នុងវាំងរបស់ស្តេចហ្វៀរ៉អ៊ូន ក្នុងផ្ទះរបស់នាម៉ឺនមន្ត្រី និងក្នុងស្រុកអេស៊ីបទាំងមូល។ រុយទាំងនោះរាតត្បាតពាសពេញទឹកដី។
25ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូន ហើយបានប្រាប់ថា៖ «ចូរធ្វើគូរបានជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។ 26ប៉ុន្តែ ម៉ូសាជម្រាបថា៖ «ធ្វើបែបនេះមិនបានទេ! ដ្បិតយើងខ្ញុំយកសត្វធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំ ដូច្នេះ ជាអំពើដែលជនជាតិអេស៊ីបស្អប់ខ្ពើម។ ប្រសិនបើពួកគេឃើញយើងខ្ញុំយកសត្វទៅធ្វើគូរបាន គឺជាអំពើដែលគេស្អប់ខ្ពើម នោះពួកគេមុខជាយកដុំថ្ម គប់សម្លាប់យើងខ្ញុំមិនខាន។ 27យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំតាមរបៀបដែលទ្រង់នឹងបង្ហាញប្រាប់យើងខ្ញុំ»។ 28ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅធ្វើគូរបាន ជូនអុលឡោះតាអាឡា ជាម្ចាស់នៃអ្នករាល់គ្នានៅវាលរហោស្ថានបាន ប៉ុន្តែ កុំទៅឆ្ងាយពេក។ ចូរសូមអង្វរទ្រង់ឲ្យយើងផង»។ 29ម៉ូសាតបថា៖ «ពេលចាកចេញពីស្តេចទៅ ខ្ញុំនឹងទូរអាអង្វរអុលឡោះតាអាឡា។ ស្អែករុយនឹងចាកចេញពីស្តេច ពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេចទៀតផង។ ប៉ុន្តែ សូមស្តេចឈប់បញ្ឆោតយើងខ្ញុំទៀតទៅ គឺកុំហាមប្រជាជនរបស់យើងខ្ញុំ ចេញទៅធ្វើគូរបានជូនអុលឡោះតាអាឡាឡើយ»។ 30ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន ហើយទូរអាអង្វរអុលឡោះតាអាឡា។ 31អុលឡោះតាអាឡាធ្វើតាមពាក្យអង្វររបស់ម៉ូសា គឺទ្រង់បំបាត់រុយទាំងអស់ចេញពីនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់ស្តេច ឥតមានទុកឲ្យនៅសល់មួយឡើយ។ 32ប៉ុន្តែម្តងនេះទៀត ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមបើកឲ្យប្រជាជនអ៊ីស្រអែលចេញទៅទេ។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 8: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.