ណាពីដានីយ៉ែល 12
12
ព្រឹត្តិការណ៍នៅគ្រាចុងក្រោយ
1នៅគ្រាចុងក្រោយ មហាម៉ាឡាអ៊ីកាត់មីកែល ដែលជាមេដ៏សំខាន់របស់ពពួកម៉ាឡាអ៊ីកាត់ ហើយជាអ្នកថែរក្សាប្រជាជនរបស់អ្នកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់អ្នក ចំពោះអ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។ 2មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។ 3រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។
4ចំពោះអ្នវិញ ដានីយ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចំរើនឡើង»។
5ពេលនោះ ខ្ញុំ ដានីយ៉ែល ក្រឡេកមើលទៅឃើញបុរសពីរនាក់ទៀតឈរនៅមាត់ទន្លេ ម្នាក់នៅត្រើយខាងអាយ ម្នាក់ទៀតនៅត្រើយខាងនាយ។ 6បុរសម្នាក់ពោលទៅកាន់ម៉ាឡាអ៊ីកាត់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ដែលឈរនៅលើទឹកទន្លេនោះថា៖ «តើហេតុការណ៍ដ៏អស្ចារ្យនេះត្រូវចប់នៅពេលណា?»។
7ម៉ាឡាអ៊ីកាត់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮគាត់ប្រកាសយ៉ាងឱឡារិក ក្នុងនាមអុលឡោះ ដែលនៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជារាស្ត្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។
8ខ្ញុំ ដានីយ៉ែល បានឮពាក្យទាំងនេះ តែពុំបានយល់អត្ថន័យទេ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អើយ តើហេតុការណ៍ទាំងនេះនឹងត្រូវចប់ដូចម្ដេច?»។
9គាត់តបមកខ្ញុំវិញថា៖ «ដានីយ៉ែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី។ សេចក្ដីទាំងនេះត្រូវតែលាក់ឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ 10ដោយសារទុក្ខលំបាក មនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធ និងសស្គុស។ មនុស្សអាក្រក់មិនយល់សេចក្ដីនេះទេ គេនៅតែប្រព្រឹត្តអំពើអាក្រក់តទៅទៀត រីឯមនុស្សមានប្រាជ្ញា ទើបយល់។ 11ចាប់ពីពេលដែលគេនឹងបញ្ឈប់ការធ្វើគូរបានប្រចាំថ្ងៃ រហូតដល់ពេលដែលគេនឹងយកវត្ថុដ៏ចង្រៃគួរឲ្យស្អប់ខ្ពើម មកតាំងនៅក្នុងទីសក្ការៈ មានរយៈពេលមួយពាន់ពីររយកៅសិបថ្ងៃ។ 12អ្នកណាកាន់ចិត្តរឹងប៉ឹងរហូតដល់មួយពាន់បីរយសាមសិបប្រាំថ្ងៃ អ្នកនោះមានសុភមង្គលហើយ!។
13ចំពោះអ្នកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹង នោះអ្នកនឹងបានសម្រាក ហើយអ្នកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។
ទើបបានជ្រើសរើសហើយ៖
ណាពីដានីយ៉ែល 12: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.