សាការី 6

6
1ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​ម្តង​ទៀត ក្រឡេក​ទៅ​ឃើញ​មាន​រថ​៤​ចេញ​ពី​កណ្តាល​ភ្នំ​២​មក ឯ​ភ្នំ​ទាំង​២​នោះ​ជា​ភ្នំ​លង្ហិន 2រថ​ទី​១​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម រថ​ទី​២​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ 3រថ​ទី​៣​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រថ​ទី​៤​ទឹម​ដោយ​សេះ​សម្បុរ​ពញ្លក់ ដែល​មាន​កំឡាំង​ខ្លាំង 4ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ ទាំង​អស់​នេះ​តើ​ជា​អ្វី 5នោះ​ទេវតា​តប​មក​ខ្ញុំ​ថា នេះ​គឺ​ជា​ខ្យល់​ទាំង​៤​ទិស​នៅ​លើ​អាកាស ដែល​ចេញ​ពី​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល 6ឯ​រថ​ទឹម​សេះ​សម្បុរ​ខ្មៅ នោះ​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ជើង ហើយ​សេះ​ស​ក៏​ចេញ​តាម​ក្រោយ​ទៅ ឯ​សេះ​ពញ្លក់ នោះ​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ត្បូង 7រួច​សេះ​ដែល​មាន​កំឡាំង​ខ្លាំង​ក៏​ចេញ​ទៅ ហើយ​រក​ផ្លូវ​ឲ្យ​បាន​ដើរ​ចុះ​ឡើង​នៅ​លើ​ផែនដី លំដាប់​នោះ ទេវតា​បង្គាប់​វា​ថា ចូរ​ទៅ​ចុះ ហើយ​ដើរ​ចុះ​ឡើង​នៅ​ផែនដី​ដូច្នេះ វា​ក៏​ដើរ​ចុះ​ឡើង​នៅ​ផែនដី​ទៅ 8នោះ​ទេវតា​ស្រែក​មក​ខ្ញុំ​ថា មើល សេះ​ដែល​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ជើង បាន​រំងាប់​ចិត្ត​អញ​ចំពោះ​ស្រុក​ខាង​ជើង​នោះ​ហើយ។
9រួច​មក ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា 10ចូរ​រៃ​យក​ពី​ពួក​អ្នក​ដែល​បាន​ជាប់​ជា​ឈ្លើយ គឺ​ត្រូវ​រៃ​យក ពី​ហេល‌ដាយ ពី​ថូប៊ីយ៉ា ហើយ​ពី​យេដាយ៉ា រួច​នៅ​ថ្ងៃ​ដដែល​នោះ ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យ៉ូសៀស ជា​កូន​សេផានា ជា​កន្លែង​ដែល​គេ​ទើប​នឹង​មក​ពី​ក្រុង​បាប៊ីឡូន​ចូល​ទៅ​អាស្រ័យ​នៅ​នោះ 11អើ ត្រូវ​ឲ្យ​ទទួល​យក​ប្រាក់ នឹង​មាស​ពី​គេ​ទៅ​ធ្វើ​មកុដ បំពាក់​លើ​ក្បាល​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សំដេច​សង្ឃ 12ហើយ​ប្រាប់​លោក​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល​មនុស្ស​ដែល​ឈ្មោះ​ថា «លំពង់» នឹង​ពន្លក​ដុះ​ឡើង​ពី​កន្លែង​របស់​ខ្លួន ហើយ​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង 13គឺ​អ្នក​នោះ​ឯង​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​តាំង​សិរី‌ល្អ​នៃ​ទី​នោះ​ឡើង ក៏​នឹង​អង្គុយ​គ្រប់‌គ្រង​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន អ្នក​នោះ​នឹង​ធ្វើ​ជា​សង្ឃ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន ហើយ​ទាំង​២​នាក់​នឹង​មាន​សេចក្ដី​មេត្រី​នឹង​គ្នា 14ឯ​មកុដ​នោះ​នឹង​បាន​សំរាប់​ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយ​សំរាប់​ហិន ជា​កូន​សេផានា ទុក​ជា​ទី​រំឭក នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា 15ចំណែក​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ គេ​នឹង​មក​ជួយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​ចាត់​ឲ្យ​អញ​មក​ឯ​ឯង ហើយ​ការ​នេះ​នឹង​កើត​មក​មែន បើ​ឯង​រាល់​គ្នា​ព្យាយាម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

ទើបបានជ្រើសរើសហើយ៖

សាការី 6: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល