សាការី 12
12
1នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរអ៊ីស្រាអែល។
ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ទ្រង់មានបន្ទូលដូច្នេះថា 2មើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាពែង ដែលនាំឲ្យវិលក្រឡាប់ដល់ជនជាតិនៅព័ទ្ធជុំវិញទាំងប៉ុន្មាន ហើយដល់ពួកយូដាដែរ ក្នុងកាលដែលមានគេឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម 3នៅថ្ងៃនោះ អញនឹងធ្វើឲ្យក្រុងយេរូសាឡិមទៅជាថ្ម ដែលសង្កត់លើអស់ទាំងសាសន៍ អស់អ្នកណាដែលយកជាបន្ទុកលើខ្លួន នោះនឹងត្រូវរបួសជាធ្ងន់ ហើយគ្រប់ទាំងសាសន៍នៅផែនដី នឹងមូលគ្នាទាស់នឹងទីក្រុងនោះ 4ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះ អញនឹងវាយអស់ទាំងសេះឲ្យស្លុតស្លាំង ហើយឲ្យពួកអ្នកដែលជិះវាបានវិលខួរដែរ អញនឹងបើកភ្នែកមើលពួកវង្សយូដា ហើយនឹងវាយអស់ទាំងសេះរបស់សាសន៍ទាំងប៉ុន្មាន ឲ្យខ្វាក់ភ្នែក 5ឯពួកចៅហ្វាយនៃសាសន៍យូដា គេនឹងគិតក្នុងចិត្តថា ពួកក្រុងយេរូសាឡិមជាកំឡាំងរបស់គេ ដោយនូវព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃគេ 6នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង នឹងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះឯង 7ព្រះយេហូវ៉ា ទ្រង់នឹងជួយសង្គ្រោះទីលំនៅទាំងប៉ុន្មានរបស់ពួកយូដាជាមុន ដើម្បីមិនឲ្យសិរីល្អនៃពួកវង្សដាវីឌ នឹងសិរីល្អរបស់ពួកក្រុងយេរូសាឡិម បានដំកើងឡើងលើសជាងពួកយូដាឡើយ 8នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកអ្នក នៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅចំពោះមុខគេ។ 9នៅថ្ងៃនោះ អញនឹងតាំងចិត្ត ដើម្បីបំផ្លាញអស់ទាំងសាសន៍ ដែលមកទាស់នឹងក្រុងយេរូសាឡិម។
10អញនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ នឹងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ នឹងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នកដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះដូចជាយំនឹងកូនច្បងរបស់ខ្លួន 11នៅថ្ងៃនោះ នឹងមានការយំសោកយ៉ាងធំនៅក្រុងយេរូសាឡិម ដូចជាការយំសោកនៅត្រង់ហាដាត-រីម៉ូន ក្នុងច្រកភ្នំមេគីដោនោះដែរ 12ស្រុកទាំងមូលនឹងយំសោក គ្រប់ទាំងគ្រួសារដោយខ្លួនៗ គឺវង្សរបស់ដាវីឌដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន គ្រួពួកវង្សណាថាន់ដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន 13គ្រួពួកវង្សលេវីដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន គ្រួពួកវង្សស៊ីម៉ាយដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន 14ឯអស់គ្រួសារឯទៀត នោះគ្រប់ទាំងគ្រួដោយខ្លួន នឹងប្រពន្ធគេដោយខ្លួនដែរ។
ទើបបានជ្រើសរើសហើយ៖
សាការី 12: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.