ចូរឲ្យអ្នកនិយាយតែសេចក្ដីណា ដែលសំណំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ត្រូវទូន្មានឲ្យពួកចាស់ៗដឹងខ្នាត មានចិត្តនឹងធឹង ហើយធ្ងន់ធ្ងរ ឲ្យមានសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីខ្ជាប់ខ្ជួនដ៏ត្រឹមត្រូវផង ឲ្យពួកស្ត្រីចាស់ៗបានបែបដូចគ្នា ទាំងប្រព្រឹត្តបែបគួរនឹងពួកស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬជាប់ស្រាទំពាំងបាយជូរឡើយ ត្រូវខំបង្រៀនសេចក្ដីត្រឹមត្រូវវិញ ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្ដីនឹងកូនខ្លួន ឲ្យមានចិត្តធ្ងន់ធ្ងរ ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ នឹងចុះចូលចំពោះប្ដី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ។ ចូរទូន្មានពួកបុរស ដែលក្មេងជាង បែបដូច្នោះដែរ ឲ្យគេមានចិត្តធ្ងន់ធ្ងរ ហើយត្រូវឲ្យអ្នកសំដែងខ្លួន ទុកជាគំរូពីការល្អគ្រប់ជំពូក ទាំងបង្រៀនគេ កុំឲ្យគេប្រព្រឹត្តខូចអាក្រក់ឡើយ តែឲ្យមានចិត្តនឹងធឹងវិញ ព្រមទាំងពាក្យសំដីត្រឹមត្រូវ ដែលរកចាប់ទោសមិនបានផង ដើម្បីឲ្យអ្នកណាដែលទទឹងទទែងបានអៀនខ្មាស ដោយគ្មានហេតុនឹងនិយាយអាក្រក់ពីអ្នកឡើយ។ ចូរឲ្យពួកបាវបំរើចុះចូលនឹងចៅហ្វាយខ្លួន ទាំងផ្គាប់ចិត្តក្នុងគ្រប់ការទាំងអស់ ឥតប្រកែក ឥតលួចបំបាត់ឡើយ ត្រូវសំដែងខ្លួនជាស្មោះត្រង់ល្អគ្រប់ជំពូក ដើម្បីឲ្យបានតាក់តែងសេចក្ដីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់។ ព្រះគុណនៃព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ នឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ ចូរប្រាប់សេចក្ដីទាំងនេះ ទាំងទូន្មាន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។
អាន ទីតុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទីតុស 2:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ