បទចំរៀង 6
6
1ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ
តើស្ងួនសំឡាញ់របស់នាងបានទៅឯណា
ដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនឹងនាងផង
តើស្ងួនសំឡាញ់របស់នាងបានបែរទៅខាងណា។
2៙ ស្ងួនសំឡាញ់របស់ខ្ញុំបានចុះទៅឯសួនច្បាររបស់ទ្រង់
គឺទៅឯទីដាំគ្រឿងក្រអូប
ដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ ហើយនឹងបេះផ្កាកំភ្លឹង
3ខ្ញុំជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់
ជារបស់ផងខ្ញុំដែរ
ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។
4៙ ឱមាសសំឡាញ់អើយ
ឯងស្រស់បស់ល្អដូចក្រុងធើសា
ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម
ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង
5ចូរបែរភ្នែកចេញពីអញទៅ ដ្បិតភ្នែកឯងឈ្នះអញហើយ
សក់របស់ឯងប្រៀបដូចជាហ្វូងពពែ
ដែលដេកនៅចង្កេះភ្នំកាឡាត
6ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម
រួចឡើងមកពីការលាងជំរះវិញ
ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ
ឥតមានណាមួយដែលបាត់កូនឡើយ
7តើកឯងដែលបាំងដោយស្បៃ
នោះមើលទៅដូចជាផ្លែទទឹម១ចំហៀង
8មានពួកភរិយា៦០នាក់ នឹងអ្នកម្នាង៨០នាក់
ក៏មានស្រីក្រមុំៗឥតគណនា
9ប៉ុន្តែមានតែ១ទេ ដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់អញ
នាងជាកូនពន្លករបស់ម្តាយ ជាកូនសំឡាញ់
របស់អ្នកដែលបង្កើតនាងមក
ពួកកូនស្រីទាំងឡាយបានឃើញនាង
ហើយក៏ហៅថាជាអ្នកមានពរ
អើ ព្រមទាំងពួកភរិយានឹងពួកអ្នកម្នាង
ក៏សរសើរនាងដែរ។
10៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ
ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ
ក៏គួរស្ញែងខ្លាចដូចជាពលទ័ព
មានទាំងទង់ជ័យផងដូច្នេះ។
11៙ ខ្ញុំបានចុះទៅឯចំការឈើមានផ្លែគ្រាប់
ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ
ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ
ហើយបើទទឹមមានផ្កាផង
12រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ
ទៅដាក់នៅក្នុងព្រះរាជរថនៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។
13៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ
សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំ
បានមើលនាងផង។
៙ តើអ្នករាល់គ្នាចង់មើលនាងសាសន៍ស៊ូឡាមធ្វើអី
តើដូចជាមើលការរាំរបស់ពួករបាំ២ពួកឬ។
ទើបបានជ្រើសរើសហើយ៖
បទចំរៀង 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.