ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ដូចមានសេចក្ដីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្ដីបណ្តាសា នឹងសេចក្ដីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្ដីវិនាស នឹងសេចក្ដីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្ដីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» រីឯគ្រប់ទាំងសេចក្ដីដែលក្រិត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រិត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយទាំងមូលជាប់មានទោសនៅចំពោះព្រះ ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ ដ្បិតក្រិត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រិត្យវិន័យ សេចក្ដីសុចរិតផងព្រះដែលមានទាំងក្រិត្យវិន័យ នឹងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ។
អាន រ៉ូម 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 3:9-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ