ដូច្នេះ តើសាសន៍យូដាវិសេសជាងគេយ៉ាងណា ឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះ មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្ដីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្ដីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្ដីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់» ប៉ុន្តែ បើសិនជាសេចក្ដីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្ដីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក) ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេចឲ្យព្រះជំនុំជំរះលោកីយបាន ដ្បិតបើសិនជាសេចក្ដីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្ដីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្ដីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។ ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ដូចមានសេចក្ដីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្ដីបណ្តាសា នឹងសេចក្ដីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្ដីវិនាស នឹងសេចក្ដីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្ដីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» រីឯគ្រប់ទាំងសេចក្ដីដែលក្រិត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រិត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយទាំងមូលជាប់មានទោសនៅចំពោះព្រះ ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ ដ្បិតក្រិត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។
អាន រ៉ូម 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 3:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ