វិវរណៈ 21
21
1រួចខ្ញុំឃើញផ្ទៃមេឃថ្មី នឹងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន នឹងផែនដីមុនបានកន្លងបាត់ទៅហើយ ក៏គ្មានសមុទ្រទៀតឡើយ 2ហើយយ៉ូហានខ្ញុំ ក៏ឃើញទីក្រុងដ៏បរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកអំពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្ដី 3ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើល រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ 4ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ។
5ឯព្រះអង្គ ដែលគង់លើបល្ល័ង្ក ទ្រង់មានបន្ទូលថា មើល អញធ្វើទាំងអស់ឡើងជាថ្មី រួចទ្រង់មានបន្ទូលមកខ្ញុំថា ចូរសរសេរទុកចុះ ដ្បិតពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ 6ទ្រង់ក៏មានបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា នឹងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ 7ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ 8តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើងនឹងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទី២វិញ។
9ក្នុងទេវតាទាំង៧ មានទេវតា១ ដែលកាន់ចានកន្ទោងដ៏ពេញដោយសេចក្ដីវេទនាទាំង៧ក្រោយបង្អស់ ទេវតានោះបានមកនិយាយនឹងខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញប្រពន្ធថ្មោងថ្មី ជាភរិយារបស់កូនចៀម 10នោះទេវតាក៏នាំយកវិញ្ញាណខ្ញុំ ទៅលើភ្នំធំហើយខ្ពស់ បង្ហាញឲ្យខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិម ដែលកំពុងតែចុះពីស្ថានសួគ៌ មកអំពីព្រះ 11ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចជាកែវចរណៃ 12ក្រុងនោះមានកំផែងធំ ហើយខ្ពស់ មានទ្វារ១២ ឯត្រង់ទ្វារទាំងនោះមានទេវតា១២ ហើយមានឈ្មោះឆ្លាក់ទុក ដែលជាឈ្មោះរបស់ពូជអំបូរជនជាតិអ៊ីស្រាអែលទាំង១២ 13នៅទិសខាងកើតមានទ្វារ៣ ខាងជើងមានទ្វារ៣ ខាងត្បូងមានទ្វារ៣ ហើយខាងលិចមានទ្វារ៣ដែរ 14កំផែងនៃទីក្រុងក៏មានជើង១២ ដែលមានឆ្លាក់ឈ្មោះជាឈ្មោះពួកសាវករបស់កូនចៀមទាំង១២នាក់។
15ឯទេវតា ដែលនិយាយមកខ្ញុំ នោះក៏មានកាន់រង្វាស់មាស ដើម្បីនឹងវាស់ទីក្រុង នឹងទ្វារ ហើយកំផែងក្រុងដែរ 16ទីក្រុងនោះមានរាង៤ជ្រុង បណ្តោយនឹងទទឹងស្មើគ្នា ទេវតាក៏យករង្វាស់ទៅវាស់ទីក្រុង ឃើញមាន១២ពាន់ស្តាដ ឯបណ្តោយ ទទឹង ហើយកំពស់ក៏ស្មើគ្នាទាំងអស់ 17ក៏វាស់កំផែងឃើញ១៤៤ហត្ថ តាមរង្វាស់មនុស្សជាតិដែលទេវតាប្រើ 18កំផែងនោះបានធ្វើពីត្បូងមណីជោតិ ហើយទីក្រុងក៏ធ្វើពីមាសសុទ្ធ ដូចជាកែវថ្លាល្អ 19ជើងកំផែងបានតាក់តែង ដោយត្បូងមានដំឡៃគ្រប់យ៉ាង ជើងទី១មានត្បូងមណីជោតិ ទី២មានត្បូងកណ្តៀង ទី៣មានត្បូងមោរ៉ា ទី៤មានត្បូងមរកត 20ទី៥មានត្បូងសាមស៊ី ទី៦មានត្បូងពិទាយ ទី៧មានត្បូងប៊ុតលឿង ទី៨មានត្បូងបេរីល ទី៩មានត្បូងទោប៉ាត់ ទី១០មានត្បូងយក់ ទី១១មានត្បូងនិល ទី១២មានត្បូងត្របែក 21ទ្វារទាំង១២ជាកែវមុក្តា១២ គឺទ្វារ១ធ្វើពីកែវមុក្តា១ ហើយផ្លូវក្រុងក៏ធ្វើពីមាសសុទ្ធ ថ្លាដូចជាកែវ។
22ខ្ញុំមិនឃើញមានព្រះវិហារណា នៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ 23ក្រុងនោះមិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទ សំរាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ 24អស់ទាំងសាសន៍នឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដី ក៏យកសិរីនៃខ្លួនមកទុកក្នុងក្រុងនោះដែរ 25ទ្វារក្រុងនោះទាំងប៉ុន្មានមិនដែលបិទនៅពេលថ្ងៃទេ ហើយនៅឯណោះគ្មានយប់ឡើយ 26មនុស្សលោកនឹងយកសិរីល្អ នឹងកេរ្តិ៍ឈ្មោះរបស់សាសន៍ទាំងប៉ុន្មានមកទុកក្នុងក្រុងនោះ 27ក៏គ្មានអ្វីស្មោកគ្រោក ឬអ្នកណាដែលប្រព្រឹត្តបែបគួរខ្ពើម ឬសេចក្ដីកំភូតណាចូលទៅក្នុងទីក្រុងនោះបានឡើយ ចូលបានតែអ្នកណា ដែលមានឈ្មោះកត់ទុក ក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 21: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.