វិវរណៈ 2:8-17

វិវរណៈ 2:8-17 ពគប

ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ស្មឺន៉ាថា ព្រះ​ដ៏​ជា​ដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​កំសត់​របស់​ឯង​ហើយ ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ ក៏​ស្គាល់​សេចក្ដី​ប្រមាថ​របស់​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាសន៍​យូដា​ដែរ តែ​គេ​មិន​មែន​សាសន៍​យូដា​ទេ គឺ​ជា​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​វិញ កុំ​ឲ្យ​ឯង​ខ្លាច​សេចក្ដី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់​១០​ថ្ងៃ ដូច្នេះ ចូរ​នៅ​ជា​ស្មោះ‌ត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​សេចក្ដី​ស្លាប់​ទី​២​នឹង​ធ្វើ​ទុក្ខ​ដល់​អ្នក​នោះ​មិន​បាន​ឡើយ។ ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ពើ‌កាម៉ុស​ថា ព្រះ​ដែល​មាន​ដាវ​មុខ​២​ដ៏​មុត ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ទី​លំនៅ​របស់​ឯង​ហើយ គឺ​ជា​កន្លែង​ដែល​មាន​បល្ល័ង្ក​របស់​អារក្ស​សាតាំង​នោះ តែ​ឯង​កាន់​ខ្ជាប់​តាម​ឈ្មោះ​អញ ហើយ​មិន​បាន​លះ​ចោល​សេចក្ដី​ជំនឿ​ដល់​អញ​ចេញ​ឡើយ ទោះ​ក្នុង​គ្រា​ដែល​គេ​បាន​សំឡាប់​អាន់ទីប៉ាស ជា​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់​របស់​អញ នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ជា​កន្លែង​ដែល​អារក្ស​សាតាំង​នៅ​នោះ​ផង ប៉ុន្តែ អញ​ប្រកាន់​សេចក្ដី​ខ្លះ​នេះ​នឹង​ឯង ពី​ព្រោះ​នៅ​ទី​នោះ ឯង​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម ជា​អ្នក​ដែល​បង្រៀន​ឲ្យ​បាឡាក​ដាក់​អន្ទាក់ នៅ​មុខ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល ដើម្បី​នឹង​នាំ​ឲ្យ​គេ​បរិភោគ​ដង្វាយ ដែល​ថ្វាយ​ទៅ​រូប​ព្រះ ហើយ​ឲ្យ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ផង ឯង​ក៏​មាន​អ្នក​ខ្លះ ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូឡាស​ដែរ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចុះ ពុំ​នោះ​សោត អញ​នឹង​មក​ឯ​ឯង​ជា​ឆាប់ នោះ​អញ​នឹង​យក​ដាវ ដែល​នៅ​មាត់​អញ ច្បាំង​នឹង​គេ អ្នក​ណា​ដែល​មាន​ត្រចៀក ឲ្យ​អ្នក​នោះ​ស្តាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ចុះ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាន៉ា​ដ៏​លាក់​កំបាំង ហើយ​នឹង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ។

អាន វិវរណៈ 2