ទំនុកដំកើង 76
76
ទំនុកជាបទចំរៀងរបស់អេសាភ ដែលលោកលើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
1នៅស្រុកយូដាគេស្គាល់ព្រះហើយ
ព្រះនាមទ្រង់ក៏ធំ នៅក្នុងសាសន៍អ៊ីស្រាអែល
2រោងឧបោសថរបស់ទ្រង់នៅក្រុងសាឡិម
ហើយទីលំនៅទ្រង់នៅភ្នំស៊ីយ៉ូន
3នៅទីនោះ ទ្រង់បានបំបាក់ព្រួញ ធ្នូ ខែល នឹងដាវ
ហើយអស់ទាំងគ្រឿងចំបាំងបង់។ –បង្អង់
4៙ ទ្រង់រុងរឿងឧត្តម ហើយមានលំអប្រសើរ
ជាងភ្នំរំពាទាំងប៉ុន្មាន
5ពួកអ្នកដែលមានចិត្តក្លាហាន គេបានត្រឡប់ជារំពាវិញ
គេបានដេកអស់ពេលដេករបស់គេហើយ
ក្នុងពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន គ្មានអ្នកណាមួយអាច
លើកដៃឡើងបានឡើយ
6ឱព្រះនៃយ៉ាកុបអើយ កាលណាទ្រង់បន្ទោស
នោះទាំងរទេះចំបាំង នឹងសេះផង
ក៏ត្រូវលក់ស៊ប់ទាំងអស់គ្នា
7គឺទ្រង់ ទ្រង់តែ១ប៉ុណ្ណោះ ដែលគួរស្ញែងខ្លាច
កាលណាទ្រង់មានសេចក្ដីខ្ញាល់
នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បាន
8ទ្រង់បានឲ្យឮពាក្យកាត់ទោសពីលើស្ថានសួគ៌មក
ផែនដីក៏ភ័យខ្លាច ហើយស្ងៀមឈឹងនៅ
9គឺក្នុងកាលដែលព្រះទ្រង់ឈរឡើង ដើម្បីជំនុំជំរះ
ប្រយោជន៍នឹងជួយសង្គ្រោះដល់ពួកមនុស្សរាបសា
នៅផែនដី។ –បង្អង់
10៙ ពិតប្រាកដជាសេចក្ដីឃោរឃៅរបស់មនុស្ស
នឹងសរសើរទ្រង់
ឯសំណល់សេចក្ដីឃោរឃៅ នោះទ្រង់នឹងរួបរឹតទុកវិញ
11ចូរបន់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
ហើយលាបំណន់នោះចុះ
ចូរឲ្យអស់អ្នកដែលនៅជុំវិញទ្រង់
យកដង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាច
12ទ្រង់នឹងកាត់វិញ្ញាណនៃពួកត្រកូលខ្ពស់ចេញ
ទ្រង់ជាទីគួរតក់ស្លុត ដល់ពួកក្សត្រនៅផែនដី។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 76: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.