ទំនុកដំកើង 69

69
ទំនុក​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក សំរាប់​ឲ្យ​មេ​ភ្លេង​លេង​តាម​បទ «ផ្កា​ឈូក»។
1ឱ​ព្រះ‌អង្គ​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ
ដ្បិត​ទឹក​បាន​ហូរ​ចូល
ដល់​ព្រលឹងនៃ​ទូលបង្គំ​ហើយ
2ទូលបង្គំ​ផុង​ចុះ​ក្នុង​ល្បាប់​ដ៏​ជ្រៅ
ជា​កន្លែង​ដែល​គ្មាន​ទី​ឈរ​សោះ
ទូលបង្គំ​បាន​មក​ដល់​ក្នុង​ទី​ទឹក​ជ្រៅ
ហើយ​រលក​ក៏​បោក​គ្រប​លើ​ទូលបង្គំ
3ទូលបង្គំ​ល្វើយ ដោយ​ការ​អំពាវ‌នាវ​របស់​ទូលបង្គំ
បំពង់​ក​នៃ​ទូលបង្គំ​ខះ​ហើយ
ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ
ដោយ​រង់‌ចាំ​មើល​ផ្លូវ​ព្រះ​នៃ​ទូលបង្គំ។
4៙ ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ
នោះ​មាន​ច្រើន​ជាង​សក់​ក្បាល​នៃ​ទូលបង្គំ​ទៅ​ទៀត
អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូលបង្គំ គឺ​ជា​ពួក​ខ្មាំង​សត្រូវ
នឹង​ទូលបង្គំ​ដោយ​ឥត​រឿង គេ​មាន​កំឡាំង​ណាស់
គេ​ចាប់​ឲ្យ​ទូលបង្គំ​សង​របស់​ដែល​ទូលបង្គំ
មិន​បាន​យក​សោះ
5ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជ្រាប​សេចក្ដី​ចំកួត​របស់​ទូលបង្គំ
ឯ​អំពើ​បាប​នៃ​ទូលបង្គំ​ក៏​មិន​បិទ​បាំង​នឹង​ទ្រង់​ដែរ។
6៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល‌បរិវារ​អើយ
សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ពឹង‌ពាក់​ដល់​ទ្រង់​ត្រូវ​ខ្មាស
ដោយ​ព្រោះ​ទូលបង្គំ​ឡើយ
ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ
សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​ត្រូវ​អាប់‌យស
ដោយ​ព្រោះ​ទូលបង្គំ​ឲ្យ​សោះ
7ដ្បិត​គឺ​ដោយ​យល់​ដល់​ទ្រង់​ហើយ
បាន​ជា​ទូលបង្គំ​ធន់​ទ្រាំ​នឹង​សេចក្ដី​ត្មះ‌តិះដៀល
ហើយ​សេចក្ដី​អៀន‌ខ្មាស​បាន​គ្រប​មុខ​ទូលបង្គំ​ផង
8ទូលបង្គំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដទៃ​ចំពោះ​បង​ប្អូន​ទូលបង្គំ
គឺ​ដូច​ជា​សាសន៍​ក្រៅ​ដល់​ពួក​អ្នក​ពោះ​១​នឹង​ទូលបង្គំ។
9៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន
ទូលបង្គំ
ឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់
នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ
10កាល​ទូលបង្គំ​បាន​យំ ហើយ​បញ្ឈឺ​ចិត្ត ដោយ​តម​អត់
នោះ​ហើយ​ជា​ហេតុ​ឲ្យ​គេ​ត្មះ‌តិះដៀល​ដល់​ទូលបង្គំ
11កាល​ណា​ទូលបង្គំ​យក​សំពត់​ធ្មៃទុក​ជា​សំលៀក‌បំពាក់
នោះ​ក៏​ត្រឡប់​ជា​ពាក្យ​ប្រៀប‌ផ្ទឹម​របស់​គេ​វិញ
12ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​ទ្វារ​ក្រុង
គេ​និយាយ​ដើម​ពី​ទូលបង្គំ
ហើយ​ទូលបង្គំ​ជា​ទំនុក​ច្រៀង​ដល់​ពួក​ប្រមឹក​ស្រា។
13៙ ប៉ុន្តែឯ​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ
សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ​ដំរង់​ទៅ​ឯ​ទ្រង់
ក្នុង​វេលា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ
ឱ​ព្រះ‌អង្គ​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ
ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ពិត​របស់​ទ្រង់
តាម​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់
14សូម​ស្រង់​ទូលបង្គំ​ឡើង​ចេញ​ពី​ល្បាប់
កុំ​ឲ្យ​ទូលបង្គំ​ផុង​ចុះ​ទៅ​ឡើយ
សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រួច​ពី​ពួក​ដែល​ស្អប់​ទូលបង្គំ
ហើយ​ពី​ទឹក​ជ្រៅ​ផង
15សូម​កុំ​ឲ្យ​ទឹក​ជន់​មក​ពន្លិច​ទូលបង្គំ
ឬ​ឲ្យ​ទី​ជំរៅ​លេប​ទូលបង្គំ​បាត់
ឬ​ឲ្យ​រណ្តៅ​បិទ​មាត់​ពី​លើ​ទូលបង្គំ​ឡើយ។
16៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ល្អ​ណាស់​ហើយ
សូម​បែរ​មក​ឯ​ទូលបង្គំ តាម​សេចក្ដី​មេត្តា‌ករុណា
ដ៏​បរិបូរ​របស់​ទ្រង់
17សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​អ្នក​បំរើ​របស់​ទ្រង់​ឡើយ
សូម​ឆ្លើយ​មក​ទូលបង្គំ​ជា​ប្រញាប់​ផង
ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​វេទនា​ហើយ។
18៙ សូម​ទ្រង់​ចូល​មក​ជិត លោះ​ព្រលឹង​នៃ​ទូលបង្គំ
សូម​ដោះ​ទូលបង្គំ​ឲ្យ​រួច ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ
19ទ្រង់​ជ្រាប​សេចក្ដី​ដំនៀល សេចក្ដី​ខ្មាស
នឹង​សេចក្ដី​អាប់‌យស​របស់​ទូលបង្គំ​ហើយ
ពួក​អ្នក​ដែល​ត‌តាំង​នឹង​ទូលបង្គំ​សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់
គ្រប់​ទាំង​អស់
20សេចក្ដី​ត្មះ‌តិះដៀល​បាន​ញាំ‌ញី​ចិត្ត​ទូលបង្គំ
ក៏​មាន​សេចក្ដី​ទំងន់​សង្កត់​នៅ​ពេញ​ក្នុង​ខ្លួន​ហើយ
ទូលបង្គំ​បាន​គន់​រក​អ្នក​ណា​ដែល​នឹង​អាណិត​មេត្តា
តែ​ឥត​មាន​១​សោះ
ក៏​ស្វែង​រក​អ្នក​ណា​ដែល​នឹង​កំសាន្ត​ចិត្ត តែ​មិន​ឃើញ​១​ទេ
21គេ​បាន​ឲ្យ​ថ្នាំ​ស្ពឹក​មក​ទូលបង្គំ​សំរាប់​ជា​អាហារ
ហើយ​កាល​ទូលបង្គំ​ស្រេក នោះ​គេ​យក​ទឹក‌ខ្មេះ​មក​ឲ្យ​ផឹក
22៙ សូម​ឲ្យ​តុ​របស់​គេ​ត្រឡប់​ជា​អន្ទាក់​ដល់​គេ
ហើយ​កាល​ណា​គេ​មាន​សេចក្ដី​សុខ
នោះ​សូម​ឲ្យ​ប្រែ​ជា​អង្គប់​ដល់​គេ​វិញ
23សូម​ឲ្យ​ភ្នែក​គេ​ងងឹត​ទៅ រហូត​ដល់​មើល​មិន​ឃើញ
ហើយ​ឲ្យ​ចង្កេះ​គេ​ញ័រ​ជានិច្ច
24សូម​ចាក់​សេចក្ដី​ក្តៅ​ក្រហាយ​របស់​ទ្រង់​ទៅ​លើ​គេ
ហើយ​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ទ្រង់​តាម​គេ​ទាន់
25សូម​ឲ្យ​លំនៅ​របស់​គេ​ត្រូវ​ចោល​ស្ងាត់
ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ​ក្នុង​ត្រសាល​គេ​ឡើយ
26ដ្បិត​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​អ្នក​ដែល​ទ្រង់​បាន​វាយ​ហើយ
ក៏​ថ្លែង​ពី​សេចក្ដី​ឈឺ‌ចាប់​របស់​ពួក​អ្នក​ដែល​ទ្រង់​បាន
ធ្វើ​ឲ្យ​មាន​របួស​ផង
27សូម​បន្ថែម​ទោស​ទៅ​លើ​ទោស​របស់​គេ
ហើយ​កុំ​ឲ្យ​គេ​ចូល​មក​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ
28សូម​ឲ្យ​គេ​បាន​លុប​ចេញ​ពី​បញ្ជី​ជីវិត​ទៅ
កុំ​ឲ្យ​កត់​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​សុចរិត​ឡើយ។
29៙ ចំណែក​ទូលបង្គំ​មាន​សេចក្ដី​វេទនា ហើយ​ឈឺ‌ចាប់
ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់
មក​លើ​កទូលបង្គំ​ឡើង ដាក់​នៅ​ទី​ខ្ពស់​វិញ។
30៙ ទូលបង្គំ​នឹង​ច្រៀង​ទំនុក​សរសើរ
ដល់​ព្រះ‌នាម​របស់​ព្រះ
ហើយ​នឹង​លើក​ដំកើង​ទ្រង់​ដោយ​អរ​ព្រះ‌គុណ
31យ៉ាង​នោះ នឹង​បាន​ជា​ទី​សព្វ​ព្រះ‌ហឫទ័យ
ដល់​ព្រះ‌យេហូវ៉ា ជា​ជាង​ថ្វាយ​គោ​ឈ្មោល​១
គឺ​ជា​ជាង​គោ​ឈ្មោល​ដែល​ថ្វាយ​ទាំង​ស្នែងនឹង​ក្រចក​ផង
32ពួក​មនុស្ស​មាន​ចិត្ត​រាប​ទាប​បាន​ឃើញ
ហើយ​ក៏​មាន​សេចក្ដី​អំណរ
អ្នក​រាល់​គ្នា​ដែល​ស្វែង​រក​ព្រះ​អើយ
ចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​ភ្ងារ​ឡើង
33ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ស្តាប់​មនុស្ស​កំសត់​ទុគ៌ត
ហើយ​មិន​ដែល​មើល‌ងាយ​ដល់​ពួក​អ្នក​របស់​ទ្រង់
ដែល​ត្រូវ​គេ​ចាប់​ចង​ឡើយ។
34ចូរ​ឲ្យ​ផ្ទៃ​មេឃ នឹង​ផែនដី ព្រម​ទាំង​សមុទ្រ
ហើយ​សត្វ​ទាំង​ប៉ុន្មាន ដែល​រវើក​នៅ​ក្នុង​នោះ
បាន​សរសើរ​ដល់​ទ្រង់​ចុះ
35ពី​ព្រោះ ព្រះ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន
ហើយ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ឡើង
ដូច្នេះ គេ​នឹង​អាស្រ័យ​នៅ​ស្រុក​នោះ
ហើយ​នឹង​បាន​ទុក​ជា​កេរ្តិ៍អាករ​របស់​គេ
36ពូជ‌ពង្ស​នៃ​ពួក​អ្នក​បំរើ​ទ្រង់ នឹង​គ្រង​បាន​ទុក​ជា​មរដក
ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ទ្រង់
នឹង​បាន​អាស្រ័យ​នៅ​ក្នុង​ស្រុក​នោះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 69: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល