ទំនុកដំកើង 40

40
ទំនុក​នៃ​ស្តេច​ដាវីឌ ជា​សេចក្ដី​បង្រៀន។
1ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា ដោយ​អំណត់
ទ្រង់​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់
ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ
2ទ្រង់​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​អន្លង់​គួរ​ស្បើម ឲ្យ​រួច​ពី​ភក់​ស្អិត
ក៏​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់‌ខ្ជួន
3ទ្រង់​បាន​បណ្តាល​ឲ្យ​មាន​ទំនុក​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ
គឺ​ជា​សេចក្ដី​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ
មនុស្ស​ជា​ច្រើន​នឹង​ឃើញ ព្រម​ទាំង​មាន​សេចក្ដី​កោត‌ខ្លាច
ហើយ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ផង
4មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង
ឥត​យល់​ដល់​មនុស្ស​ឆ្មើង‌ឆ្មៃ
ឬ​ពួក​អ្នក​ដែល​បែរ​ទៅ​ឯ​សេចក្ដី​ភូត‌ភរ​ឡើយ។
5៙ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នោះ​មាន​ច្រើន​ណាស់
ព្រម​ទាំង​គំនិត​ដែល​ទ្រង់​នឹក​ដល់​យើង​ខ្ញុំ​ផង
គ្មាន​អ្នក​ណា​អាច​នឹង​រៀប‌រាប់​ដោយ​លំដាប់
ពី​ការ​ទាំង​នោះ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ
បើ​ទូលបង្គំ​នឹង​ចង់​និទាន​ប្រាប់
នោះ​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន
6ឯ​យញ្ញ‌បូជា ហើយ​នឹង​ដង្វាយ នោះ​ទ្រង់​មិន
សព្វ​ព្រះ‌ហឫទ័យ​ទេ
ទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ​ស្តាប់​តាម
ទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុត
ឬ​យញ្ញ‌បូជា​លោះ​បាប​នោះ​ទេ
7បាន​ជា​ទូលបង្គំ​ទូល​ថា មើល ទូលបង្គំ​មក​ហើយ
សេចក្ដី​នេះ​បាន​កត់​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ​ហើយ
8គឺ​ថា ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​មាន​សេចក្ដី​អំណរ
នឹង​ធ្វើ​តាម​ព្រះ‌ហឫទ័យ​ទ្រង់
អើ ក្រិត្យ‌វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ត​ទូលបង្គំ
9ទូលបង្គំ​បាន​ប្រកាស​ដំណឹង​ល្អ ពី​សេចក្ដី​សុចរិត
នៅ​ក្នុង​ជំនុំ​ធំ
មើល ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ​ថា
ទូលបង្គំ​នឹង​មិន​ទប់​មាត់​ឡើយ
10ទូលបង្គំ​មិន​បាន​លាក់​សេចក្ដី​សុចរិត​របស់​ទ្រង់
នៅ​ក្នុង​ចិត្ត​ទេ
គឺ​បាន​ថ្លែង​ប្រាប់​ពី​សេចក្ដី​ស្មោះ‌ត្រង់
នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​វិញ
ក៏​មិន​បាន​បំបិទ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត
របស់​ទ្រង់ នៅ​ក្នុង​ជំនុំ​ធំ​ដែរ
11ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​សេចក្ដី​មេត្តា‌ករុណា
របស់​ទ្រង់​ចំពោះ​ទូលបង្គំ​ឡើយ
សូម​ឲ្យ​សេចក្ដី​សប្បុរសនឹង​សេចក្ដី​ពិត​ត្រង់​របស់​ទ្រង់
បាន​ថែ​រក្សា​ទូលបង្គំ​ជានិច្ច
12ដ្បិត​មាន​សេចក្ដី​អាក្រក់​ឥត​គណនា​ព័ទ្ធ​ទូលបង្គំ​ជុំវិញ
អំពើ​ទុច្ចរិត​របស់​ទូលបង្គំ បាន​តាម​ទូលបង្គំ​ទាន់​ហើយ
បាន​ជា​ទូលបង្គំ​មិន​អាច​នឹង​ងើប​ឡើង​មើល​បាន​ឡើយ
អំពើ​ទាំង​នោះ​ច្រើន​ជាង​សរសៃ​សក់​លើ​ក្បាល​ទូលបង្គំ
ចិត្ត​ទូលបង្គំ​ក៏​អស់​សង្ឃឹម​ទៅ
13ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ
ទូលបង្គំ​ឲ្យ​រួច
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង
14ឯ​អស់​អ្នក​ដែល​រក​បំផ្លាញ​ព្រលឹង​ទូលបង្គំ
នោះ​សូម​ឲ្យ​គេ​ត្រូវ​មាន​សេចក្ដី​ខ្មាស ហើយ​លាក់​មុខ
ទាំង​អស់​គ្នា
ឯ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស្ត​នឹង​ទូលបង្គំ
នោះ​សូម​ឲ្យ​គេ​ត្រូវ​ថយ​ចេញ
ព្រម​ទាំង​មាន​សេចក្ដី​អាប់‌យស​ផង
15ឯ​អស់​អ្នក​ដែល​និយាយ​មក​ទូលបង្គំ​ថា
ន៏ ន៏ នោះ​សូម​ឲ្យ​គេ​ត្រូវ​ស្រឡាំង‌កាំង ដោយ​សេចក្ដី
ខ្មាស​របស់​គេ​ទៅ
16ចំណែក​ពួក​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់
នោះ​សូម​ឲ្យ​គេ​បាន​រីក‌រាយ​សប្បាយ​ក្នុង​ទ្រង់​ចុះ
សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់
បាន​ពោល​ជានិច្ច​ថា
សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង
17ឯ​ទូលបង្គំៗ​ក្រីក្រ ហើយ​ទុគ៌ត
ប៉ុន្តែព្រះ‌អម្ចាស់​ទ្រង់​នឹក​ដល់​ទូលបង្គំ​ដែរ
ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូលបង្គំ​រួច​ផង
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 40: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល