ទំនុកដំកើង 40
40
ទំនុកនៃស្តេចដាវីឌ ជាសេចក្ដីបង្រៀន។
1ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់
ទ្រង់ក៏បានផ្អៀងព្រះកាណ៌មកស្តាប់
ហើយទទួលតាមសំរែករបស់ខ្ញុំ
2ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត
ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន
3ទ្រង់បានបណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ
គឺជាសេចក្ដីសរសើរដល់ព្រះនៃយើងខ្ញុំ
មនុស្សជាច្រើននឹងឃើញ ព្រមទាំងមានសេចក្ដីកោតខ្លាច
ហើយនឹងទុកចិត្តដល់ព្រះយេហូវ៉ាផង
4មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹង
ឥតយល់ដល់មនុស្សឆ្មើងឆ្មៃ
ឬពួកអ្នកដែលបែរទៅឯសេចក្ដីភូតភរឡើយ។
5៙ ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ
ការអស្ចារ្យដែលទ្រង់បានធ្វើ នោះមានច្រើនណាស់
ព្រមទាំងគំនិតដែលទ្រង់នឹកដល់យើងខ្ញុំផង
គ្មានអ្នកណាអាចនឹងរៀបរាប់ដោយលំដាប់
ពីការទាំងនោះ នៅចំពោះទ្រង់បានឡើយ
បើទូលបង្គំនឹងចង់និទានប្រាប់
នោះមានច្រើនហួសកំណត់នឹងរាប់បាន
6ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិន
សព្វព្រះហឫទ័យទេ
ទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាម
ទ្រង់មិនចង់បានដង្វាយដុត
ឬយញ្ញបូជាលោះបាបនោះទេ
7បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយ
សេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ
8គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរ
នឹងធ្វើតាមព្រះហឫទ័យទ្រង់
អើ ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ
9ទូលបង្គំបានប្រកាសដំណឹងល្អ ពីសេចក្ដីសុចរិត
នៅក្នុងជំនុំធំ
មើល ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយថា
ទូលបង្គំនឹងមិនទប់មាត់ឡើយ
10ទូលបង្គំមិនបានលាក់សេចក្ដីសុចរិតរបស់ទ្រង់
នៅក្នុងចិត្តទេ
គឺបានថ្លែងប្រាប់ពីសេចក្ដីស្មោះត្រង់
នឹងសេចក្ដីសង្គ្រោះរបស់ទ្រង់វិញ
ក៏មិនបានបំបិទសេចក្ដីសប្បុរស នឹងសេចក្ដីពិត
របស់ទ្រង់ នៅក្នុងជំនុំធំដែរ
11ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណា
របស់ទ្រង់ចំពោះទូលបង្គំឡើយ
សូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់
បានថែរក្សាទូលបង្គំជានិច្ច
12ដ្បិតមានសេចក្ដីអាក្រក់ឥតគណនាព័ទ្ធទូលបង្គំជុំវិញ
អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ
បានជាទូលបង្គំមិនអាចនឹងងើបឡើងមើលបានឡើយ
អំពើទាំងនោះច្រើនជាងសរសៃសក់លើក្បាលទូលបង្គំ
ចិត្តទូលបង្គំក៏អស់សង្ឃឹមទៅ
13ឱព្រះយេហូវ៉ាអើយ សូមទ្រង់សព្វព្រះហឫទ័យនឹងជួយ
ទូលបង្គំឲ្យរួច
ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង
14ឯអស់អ្នកដែលរកបំផ្លាញព្រលឹងទូលបង្គំ
នោះសូមឲ្យគេត្រូវមានសេចក្ដីខ្មាស ហើយលាក់មុខ
ទាំងអស់គ្នា
ឯពួកអ្នកដែលប៉ងប្រទូស្តនឹងទូលបង្គំ
នោះសូមឲ្យគេត្រូវថយចេញ
ព្រមទាំងមានសេចក្ដីអាប់យសផង
15ឯអស់អ្នកដែលនិយាយមកទូលបង្គំថា
ន៏ ន៏ នោះសូមឲ្យគេត្រូវស្រឡាំងកាំង ដោយសេចក្ដី
ខ្មាសរបស់គេទៅ
16ចំណែកពួកអស់អ្នកដែលស្វែងរកទ្រង់
នោះសូមឲ្យគេបានរីករាយសប្បាយក្នុងទ្រង់ចុះ
សូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់
បានពោលជានិច្ចថា
សូមឲ្យព្រះយេហូវ៉ាបានថ្កើងឡើង
17ឯទូលបង្គំៗក្រីក្រ ហើយទុគ៌ត
ប៉ុន្តែព្រះអម្ចាស់ទ្រង់នឹកដល់ទូលបង្គំដែរ
ទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចផង
ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 40: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.