ទំនុកដំកើង 38:1-22

ទំនុកដំកើង 38:1-22 ពគប

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូលបង្គំ ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ ក៏​កុំ​វាយ‌ផ្ចាល​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​ក្តៅ​ឡើយ ដ្បិត​ព្រួញ​របស់​ទ្រង់​ជាប់​គាំង​នៅ​ក្នុង​ខ្លួន​ទូលបង្គំ ហើយ​ព្រះ‌ហស្ត​ទ្រង់​ក៏​សង្កត់​ទូលបង្គំ​ខ្លាំង​ណាស់​ផង គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូលបង្គំ ដែល​មិន​ឈឺ​នោះ​ទេ ដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូលបង្គំ​ដែរ ដោយ​ព្រោះ​បាប​របស់​ទូលបង្គំ ដ្បិត​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ បាន​ឡើង​លិច​ក្បាល​ទូលបង្គំ​ហើយ ក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ទូលបង្គំ​ទ្រាំ​មិន​បាន អស់​ទាំង​របួស​នៃ​ទូលបង្គំ សុទ្ធ​តែ​រលួយ ហើយ​ស្អុយ ដោយ​ព្រោះ​អំពើ​ឆោត​ខ្លៅ​របស់​ទូលបង្គំ ទូលបង្គំ​ឈឺ ហើយ​កោង​ខ្លួន​ចុះ​ជា​ខ្លាំង ទូលបង្គំ​ដើរ​ទាំង​មាន​ទុក្ខ​គ្រាំ​ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​រោល‌រាល​ពេញ​នៅ​ក្នុង​ពោះ ហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូលបង្គំ ដែល​មិន​ឈឺ​នោះ​ឡើយ ទូលបង្គំ​ហេវ ហើយ​ត្រូវ​ជាំ​ជា​ខ្លាំង ទូលបង្គំ​បាន​ថ្ងូរ ដោយ​ព្រោះ​សេចក្ដី​ថែ‌ថប់​ក្នុង​ចិត្ត។ ៙ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ទូលបង្គំ​នៅ​ចំពោះ​ទ្រង់ ហើយ​ដំងូរ​របស់​ទូលបង្គំ​ក៏​មិន​លាក់​នឹង​ទ្រង់​ដែរ ចិត្ត​ទូលបង្គំ​កំរើក​ជា​ខ្លាំង ហើយ​កំឡាំង​នៃ​ទូលបង្គំ​ក៏​អន់​ថយ ឯ​ពន្លឺ​នៃ​ភ្នែក​ទូលបង្គំ នោះ​ក៏​ងងឹត​ទៅ ពួក​មិត្រ​សំឡាញ់ នឹង​ពួក​ដែល​ធ្លាប់​ភប់‌ប្រសព្វ​នឹង​ទូលបង្គំ គេ​ឈរ​ឃ្លាត​ពី​សេចក្ដី​វេទនា​របស់​ទូលបង្គំ ហើយ​ទាំង​បង​ប្អូន​នៃ​ទូលបង្គំ​ក៏​ឈរ​នៅ​ឆ្ងាយ​ដែរ ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​ដាក់​អន្ទាក់ ហើយ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស‌រ៉ាយ​នឹង​ទូលបង្គំ គេ​ពោល ទំលាក់​សេចក្ដី​អាក្រក់ ហើយ​គិត​តែ​ឧបាយ​ជា ដរាប​រាល់​ថ្ងៃ តែ​ទូលបង្គំ​មិន​ឮ​ទេ ដូច​ជា​មនុស្ស​ថ្លង់ ក៏​មិន​ហា​មាត់​ស្តី​ដែរ ដូច​ជា​មនុស្ស​គ អើ ទូលបង្គំ​ដូច​ជា​មនុស្ស​ដែល​មិន​ឮ​សោះ ហើយ​ដែល​គ្មាន​ពាក្យ​សប​នៅ​ក្នុង​មាត់​ឡើយ។ ៙ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយ​តប​ចំពោះ​គេ ពី​ព្រោះ​ទូលបង្គំ​បាន​នឹក​ថា ក្រែង​គេ​មាន​សេចក្ដី​អំណរ ដោយ​ទូលបង្គំ​ភ្លាត់​ជើង ហើយ​គេ​អួត​ខ្លួន​ទាស់​នឹង​ទូលបង្គំ ដ្បិត​ទូលបង្គំ​ជិត​ដួល​ហើយ សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ​នៅ​មុខ​ទូលបង្គំ​ជានិច្ច ទូលបង្គំ​នឹង​លន់‌តួ​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ ហើយ​នឹង​ឈឺ​ចិត្ត ដោយ​ព្រោះ​អំពើ​បាប​របស់​ទូលបង្គំ​ដែរ ប៉ុន្តែពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ​គេ​ស្វិត‌ស្វាញ ហើយ​មាន​កំឡាំង ឯ​ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ ដោយ​ឥត​ហេតុ ក៏​ចំរើន​ជា​ច្រើន​ឡើង ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​គុណ គេ​តតាំង​នឹង​ទូលបង្គំ ដោយ​ព្រោះ​តែ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ការ​ល្អ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​លះ​ចោល​ទូលបង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឲ្យ​សោះ ឱ​ព្រះ‌អម្ចាស់ ជា​សេចក្ដី​សង្គ្រោះ​នៃ​ទូលបង្គំ​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង។