ទំនុកតម្កើង 38:1-22
ទំនុកតម្កើង 38:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងពេលព្រះអង្គខ្ញាល់ សូមកុំវាយផ្ចាលទូលបង្គំ ក្នុងពេលព្រះអង្គក្រោធដែរ។ ដ្បិតព្រួញរបស់ព្រះអង្គ មុតជាប់នៅក្នុងខ្លួនទូលបង្គំ ហើយព្រះហស្តរបស់ព្រះអង្គ បានសង្កត់មកលើទូលបង្គំ។ គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ ដោយព្រោះសេចក្ដីក្រោធរបស់ព្រះអង្គ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះអំពើបាបរបស់ទូលបង្គំ។ ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន។ របួសទូលបង្គំដំបៅរលួយ ហើយធុំក្លិនស្អុយ ដោយព្រោះគំនិតល្ងង់ខ្លៅរបស់ទូលបង្គំ ទូលបង្គំចំកោងខ្លួន ហើយឈឺចុកចាប់ជាខ្លាំង ទូលបង្គំដើរទាំងមានទុក្ខមួយថ្ងៃៗវាល់ល្ងាច។ ដ្បិតទូលបង្គំមានឈឺរោលរាលពេញក្នុងពោះ ហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ។ ទូលបង្គំចុះខ្សោយ ហើយខ្សោះល្វើយជាខ្លាំង ទូលបង្គំស្រែកថ្ងូរ ដោយព្រោះបេះដូងទូលបង្គំញាប់ញ័រ។ ៙ ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអស់ទាំងចិត្តប៉ងប្រាថ្នា របស់ទូលបង្គំហើយ សំឡេងថ្ងូររបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គទេ។ បេះដូងទូលបង្គំកម្រើកជាខ្លាំង កម្លាំងទូលបង្គំក៏អន់ថយ ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលឃើញអ្វីដែរ។ មិត្តសម្លាញ់ និងគូកនទូលបង្គំ គេឈរមើលទុក្ខវេទនារបស់ទូលបង្គំពីចម្ងាយ ហើយបងប្អូនរបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយដែរ។ អស់អ្នកដែលស្វែងរកជីវិតទូលបង្គំ នាំគ្នាដាក់អន្ទាក់ អស់អ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ នាំគ្នាពោលពាក្យមួលបង្កាច់ ហើយចេះតែរកកលល្បិច មួយថ្ងៃៗវាល់ល្ងាច។ ប៉ុន្ដែ ទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ ក៏មិនហាមាត់និយាយស្ដី ដូចជាមនុស្សគ។ អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ ហើយក្នុងមាត់ទូលបង្គំ ក៏គ្មានពាក្យសម្ដីតបទៅគេវិញដែរ។ ៙ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ព្រះអង្គ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ គឺព្រះអង្គហើយដែលនឹងឆ្លើយតប។ ដ្បិតទូលបង្គំបានពោលថា «អស់អ្នកដែលអួតខ្លួនទាស់នឹងទូលបង្គំ សូមកុំឲ្យគេអរសប្បាយ ដោយទូលបង្គំភ្លាត់ជើងឡើយ!»។ ដ្បិតទូលបង្គំបម្រុងតែនឹងដួលទៅហើយ ហើយការឈឺចាប់របស់ទូលបង្គំ នៅពីមុខទូលបង្គំជានិច្ច។ ទូលបង្គំសូមលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយព្រោះអំពើបាប របស់ទូលបង្គំ។ ប៉ុន្តែ ខ្មាំងសត្រូវរបស់ទូលបង្គំ គេស្វាហាប់ គេមានកម្លាំង ហើយអស់អ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុមានគ្នាជាច្រើន។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ ស្នងនឹងអំពើល្អ គេចោទប្រកាន់ទូលបង្គំ ព្រោះទូលបង្គំខិតខំប្រព្រឹត្តអំពើល្អ។ ឱព្រះយេហូវ៉ាអើយ សូមកុំបោះបង់ចោលទូលបង្គំ! ឱព្រះនៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ! ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង!
ទំនុកតម្កើង 38:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គមិនសព្វព្រះហឫទ័យ នឹងទូលបង្គំក៏ដោយ សូមកុំដាក់ទោសទូលបង្គំឡើយ ហើយទោះបីទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទារុណកម្មទូលបង្គំដែរ ដ្បិតព្រួញរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺចុកចាប់ ព្រះហស្ដរបស់ព្រះអង្គបានសង្កត់ មកលើទូលបង្គំ។ ព្រះពិរោធរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់ ដ្បិតកំហុសរបស់ទូលបង្គំបានជន់ជោរ ឡើងលិចក្បាលទូលបង្គំ ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើទូលបង្គំ។ របួសទូលបង្គំក្លាយទៅជាដំបៅរលួយ ហើយធុំក្លិនអសោច ព្រោះតែគំនិតលេលារបស់ទូលបង្គំ។ ទូលបង្គំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួន ហើយទូលបង្គំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។ ទូលបង្គំគ្រុនក្ដៅយ៉ាងខ្លាំង ពេញសព្វសព៌ាង្គកាយ។ ទូលបង្គំអស់កម្លាំង ខ្សោះល្វើយ ហើយទូលបង្គំស្រែកថ្ងូរ ព្រោះឈឺចុកចាប់ហួសប្រមាណ។ ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ទូលបង្គំស្រាប់ហើយ ទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។ បេះដូងទូលបង្គំញាប់ញ័រ កម្លាំងទូលបង្គំក៏ខ្សោយបាត់ទៅ ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលអ្វីឃើញទៀត។ មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងទូលបង្គំ មិនហ៊ានចូលជិតទូលបង្គំទេ ព្រោះខ្លាចដំបៅរបស់ទូលបង្គំ សូម្បីតែក្រុមគ្រួសាររបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយពីទូលបង្គំដែរ។ អស់អ្នកដែលចង់ប្រហារជីវិតទូលបង្គំ នាំគ្នារាយអន្ទាក់ចាំចាប់ទូលបង្គំ ពួកគេមួលបង្កាច់ទូលបង្គំ ចង់ឲ្យទូលបង្គំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងទូលបង្គំមួយថ្ងៃវាល់ល្ងាច។ ប៉ុន្តែ ទូលបង្គំធ្វើជាស្ដាប់មិនឮ ដូចមនុស្សថ្លង់ ទូលបង្គំធ្វើជានិយាយមិនរួច ដូចមនុស្សគ។ ទូលបង្គំប្រៀបបីដូចជាមនុស្សដែលស្ដាប់មិនឮ ហើយជាមនុស្សដែលមិនអាច ពោលពាក្យឆ្លើយទៅគេវិញបានឡើយ។ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គទាំងស្រុង ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ មានតែព្រះអង្គហើយដែលឆ្លើយជំនួសទូលបង្គំ! សូមកុំបណ្តោយឲ្យខ្មាំងសត្រូវ ត្រេកអរសប្បាយ ព្រោះតែឃើញទូលបង្គំវេទនា សូមកុំឲ្យពួកគេអួតបំប៉ោង ក្នុងពេលដែលទូលបង្គំទន់ជង្គង់នេះឡើយ ដ្បិតទូលបង្គំកំពុងតែចង់ដួល ហើយទូលបង្គំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។ ទូលបង្គំសូមសារភាពកំហុស ទូលបង្គំសោកស្ដាយណាស់ ដោយបានប្រព្រឹត្តអំពើបាបដូច្នេះ។ រីឯខ្មាំងសត្រូវរបស់ទូលបង្គំវិញ ពួកគេនៅមានសុខភាព មានកម្លាំង អស់អ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។ ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលទូលបង្គំបានធ្វើចំពោះពួកគេ នាំគ្នាចោទប្រកាន់ ទូលបង្គំ ព្រោះតែទូលបង្គំខិតខំធ្វើអំពើល្អ។ ឱព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ឱព្រះនៃទូលបង្គំអើយ សូមកុំយាងចេញឆ្ងាយពីទូលបង្គំដូច្នេះ! ព្រះអម្ចាស់ជាព្រះសង្គ្រោះទូលបង្គំអើយ សូមមេត្តាប្រញាប់យាងមក សង្គ្រោះទូលបង្គំផង!។
ទំនុកតម្កើង 38:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ ក៏កុំវាយផ្ចាលទូលបង្គំ ដោយព្រះហឫទ័យក្តៅឡើយ ដ្បិតព្រួញរបស់ទ្រង់ជាប់គាំងនៅក្នុងខ្លួនទូលបង្គំ ហើយព្រះហស្តទ្រង់ក៏សង្កត់ទូលបង្គំខ្លាំងណាស់ផង គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះទេ ដោយព្រោះសេចក្ដីខ្ញាល់របស់ទ្រង់ ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ ដោយព្រោះបាបរបស់ទូលបង្គំ ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ ដែលទូលបង្គំទ្រាំមិនបាន អស់ទាំងរបួសនៃទូលបង្គំ សុទ្ធតែរលួយ ហើយស្អុយ ដោយព្រោះអំពើឆោតខ្លៅរបស់ទូលបង្គំ ទូលបង្គំឈឺ ហើយកោងខ្លួនចុះជាខ្លាំង ទូលបង្គំដើរទាំងមានទុក្ខគ្រាំជាដរាបរាល់ថ្ងៃ ដ្បិតទូលបង្គំមានសេចក្ដីរោលរាលពេញនៅក្នុងពោះ ហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ ដែលមិនឈឺនោះឡើយ ទូលបង្គំហេវ ហើយត្រូវជាំជាខ្លាំង ទូលបង្គំបានថ្ងូរ ដោយព្រោះសេចក្ដីថែថប់ក្នុងចិត្ត។ ៙ ឱព្រះអម្ចាស់អើយ អស់ទាំងសេចក្ដីប៉ងប្រាថ្នារបស់ទូលបង្គំនៅចំពោះទ្រង់ ហើយដំងូររបស់ទូលបង្គំក៏មិនលាក់នឹងទ្រង់ដែរ ចិត្តទូលបង្គំកំរើកជាខ្លាំង ហើយកំឡាំងនៃទូលបង្គំក៏អន់ថយ ឯពន្លឺនៃភ្នែកទូលបង្គំ នោះក៏ងងឹតទៅ ពួកមិត្រសំឡាញ់ នឹងពួកដែលធ្លាប់ភប់ប្រសព្វនឹងទូលបង្គំ គេឈរឃ្លាតពីសេចក្ដីវេទនារបស់ទូលបង្គំ ហើយទាំងបងប្អូននៃទូលបង្គំក៏ឈរនៅឆ្ងាយដែរ ឯពួកអ្នកដែលស្វែងរកជីវិតទូលបង្គំ គេដាក់អន្ទាក់ ហើយពួកអ្នកដែលប៉ងប្រទូសរ៉ាយនឹងទូលបង្គំ គេពោល ទំលាក់សេចក្ដីអាក្រក់ ហើយគិតតែឧបាយជា ដរាបរាល់ថ្ងៃ តែទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់ ក៏មិនហាមាត់ស្តីដែរ ដូចជាមនុស្សគ អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ ហើយដែលគ្មានពាក្យសបនៅក្នុងមាត់ឡើយ។ ៙ ដ្បិត ឱព្រះយេហូវ៉ាអើយ ទូលបង្គំសង្ឃឹមដល់ទ្រង់ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទ្រង់នឹងឆ្លើយតបចំពោះគេ ពីព្រោះទូលបង្គំបាននឹកថា ក្រែងគេមានសេចក្ដីអំណរ ដោយទូលបង្គំភ្លាត់ជើង ហើយគេអួតខ្លួនទាស់នឹងទូលបង្គំ ដ្បិតទូលបង្គំជិតដួលហើយ សេចក្ដីទុក្ខព្រួយរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច ទូលបង្គំនឹងលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយនឹងឈឺចិត្ត ដោយព្រោះអំពើបាបរបស់ទូលបង្គំដែរ ប៉ុន្តែពួកខ្មាំងសត្រូវនៃទូលបង្គំគេស្វិតស្វាញ ហើយមានកំឡាំង ឯពួកអ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុ ក៏ចំរើនជាច្រើនឡើង ពួកអ្នកដែលប្រព្រឹត្តការអាក្រក់ស្នងនឹងគុណ គេតតាំងនឹងទូលបង្គំ ដោយព្រោះតែទូលបង្គំប្រព្រឹត្តតាមការល្អ ឱព្រះយេហូវ៉ាអើយ សូមកុំលះចោលទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឲ្យសោះ ឱព្រះអម្ចាស់ ជាសេចក្ដីសង្គ្រោះនៃទូលបង្គំអើយ សូមប្រញាប់នឹងជួយទូលបង្គំផង។