ទំនុកដំកើង 37

37
ទំនុក​នៃ​ស្តេច​ដាវីឌ។
1កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស
ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ
ក៏​កុំ​ឲ្យ​ច្រណែន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​ទុច្ចរិត​ដែរ
2ដ្បិត​នៅ​បន្តិច​ទៀត គេ​នឹង​ត្រូវ​ច្រូត​កាត់​ដូច​ជា​ស្មៅ
ហើយ​នឹង​ក្រៀម​ស្វិត​ទៅ ដូច​ជា​ស្មៅ​ខ្ចី​ដែរ។
3៙ ចូរ​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ
យ៉ាង​នោះ អ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក
ហើយ​ចំអែត​ខ្លួន​ដោយ​សេចក្ដី​ពិត
4ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​សេចក្ដី​អំណរ​របស់​អ្នក
នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត
5ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះ‌យេហូវ៉ា​ចុះ
ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង
នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច
6ទ្រង់​នឹង​ឲ្យ​សេចក្ដី​សុចរិត​របស់​អ្នក​បាន​ផ្សាយ​ចេញ
ដូច​ជា​ពន្លឺ
ហើយ​សេចក្ដី​យុត្តិ‌ធម៌​របស់​អ្នក ដូច​ជា​វេលា​ថ្ងៃ​ត្រង់​ផង
7ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ទ្រង់​ចុះ
កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេ
ឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។
8៙ ចូរ​ឈប់​ពី​សេចក្ដី​កំហឹង
ហើយ​បោះ‌បង់​សេចក្ដី​ឃោរ‌ឃៅ​ចោល​ចេញ
កុំ​ឲ្យ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​នោះ​នឹង​នាំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​វិញ
9ពី​ព្រោះ​ពួក​អ្នក​ដែល​ធ្វើ​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ
តែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ា
នោះ​នឹង​បាន​ផែនដី​ជា​មរដក
10ដល់​បន្តិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ
អើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ
11ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក
ហើយ​នឹង​បាន​ចិត្ត​រីក‌រាយ
ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត​ដ៏​បរិបូរ។
12៙ ចំណែក​មនុស្ស​អាក្រក់
គេ​គិត‌គូរ​ការ​ទាស់​នឹង​មនុស្ស​សុចរិត
ក៏​សំញែង​ធ្មេញ​ដាក់​អ្នក​នោះ
13តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សើច​នឹង​គេ
ដ្បិត​ទ្រង់​ជ្រាប​ថា ថ្ងៃ​កំណត់របស់​គេ​កាន់​តែ​ជិត​ដល់
14ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច
ហើយ​ដំឡើង​ធ្នូ​ទុក
ដើម្បី​នឹង​ទំលាក់​មនុស្ស​ទ័ល‌ក្រ
ហើយ​នឹង​មនុស្ស​កំសត់​ទុគ៌ត
ព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់
15តែ​ដាវ​គេ​នឹង​ចាក់​ចូល​ក្នុង​ចិត្ត​ខ្លួន​គេ​វិញ
ហើយ​ធ្នូ​គេ​នឹង​ត្រូវ​បាក់
16ឯ​របស់​បន្តិច‌បន្តួច​នៃ​មនុស្ស​សុចរិត
នោះ​វិសេស​ជា​ជាង​របស់​បរិបូរ​នៃ​មនុស្ស​អាក្រក់
ជា​ច្រើន​នាក់​ទៅ​ទៀត
17ដ្បិត​ដៃ​នៃ​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់
តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​សុចរិត។
18៙ ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​នូវ​អស់​ទាំង​ថ្ងៃ​របស់
មនុស្ស​ទៀត​ត្រង់
ហើយ​មរដក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប
19គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយ
ហើយ​នៅ​វេលា​អំណត់ នោះ​គេ​នឹង​បាន​ឆ្អែត។
20៙ តែ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​ទៅ
ហើយ​ពួក​ខ្មាំង​នៃ​ព្រះ‌យេហូវ៉ា នឹង​ដូច​ជា​ខ្លាញ់​កូន​ចៀម
គេ​នឹង​ត្រូវ​សូន្យ​បាត់​ទៅ គេ​នឹង​ឆេះ​ទៅ​ជា​ផ្សែង​អស់​រលីង
21ឯ​មនុស្ស​អាក្រក់​គេ​ខ្ចី​ឥត​សង​វិញ​ឡើយ
តែ​មនុស្ស​សុចរិត​គេ​មាន​គុណ ហើយ​ក៏​ឲ្យ​ទាន​វិញ
22ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ទ្រង់
នោះ​នឹង​បាន​ផែនដី​ជា​មរដក
តែ​អស់​អ្នក​ដែល​ទ្រង់​ដាក់​បណ្តាសា​វិញ
នោះ​នឹង​ត្រូវ​កាត់​ចោល​ចេញ។
23៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​ដំរូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ
ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ
24ទោះ​បើ​គេ​ភ្លាត់​ដួល
គង់​តែ​មិន​ត្រូវ​ដួល​ទាំង​ស្រុង​ទេ
ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទ្រ​អ្នក​នោះ​ដោយ​ព្រះ‌ហស្ត
25យើង​ពី​ដើម​នៅ​ក្មេង ឥឡូវ​នេះ​ចាស់​ហើយ
តែ​មិន​ដែល​ឃើញ​មនុស្ស​សុចរិត​ត្រូវ​លះ‌បង់​ចោល
ឬ​ពូជ‌ពង្ស​គេ​សូម​ទាន​អាហារ​ឡើយ
26គេ​រមែង​មាន​គុណ​ជា​ដរាប​រាល់​ថ្ងៃ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី
ហើយ​ពូជ‌ពង្ស​គេ​បាន​ពរ​ដែរ។
27៙ ចូរ​គេច​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ
នោះ​អ្នក​នឹង​បាន​នៅ​ជា​រៀង‌រាប​ដរាប
28ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​សេចក្ដី​យុត្តិ‌ធម៌
ក៏​មិន​ដែល​បោះ‌បង់​ចោល​ពួក​បរិសុទ្ធ​របស់​ទ្រង់​ឡើយ
ទ្រង់​ថែ​រក្សា​គេ​អស់​‌កល្ប​ជានិច្ច
តែ​ពូជ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ​វិញ
29ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក
ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច។
30៙ មាត់​របស់​មនុស្ស​សុចរិត​ពោល​ចេញ​សុទ្ធ​តែ​ប្រាជ្ញា
ហើយ​អណ្តាត​គេ​ក៏​សំដែង​ជា​សេចក្ដី​យុត្តិ‌ធម៌
31ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្ត
ឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំង‌ភ្លាត់​ឡើយ
32មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត
ហើយ​ក៏​រក​សំឡាប់​គេ
33ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ទុក​គេ ឲ្យ​នៅ​ក្នុង
កណ្តាប់​ដៃ​មនុស្ស​អាក្រក់​ឡើយ
ក៏​មិន​ឲ្យ​គេ​មាន​ទោស​ក្នុង​កាល​ដែល​ត្រូវ​ជំនុំ‌ជំរះ​ដែរ។
34៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​ទ្រង់​ចុះ
នោះ​ទ្រង់​នឹង​ដំកើង​អ្នក ឲ្យ​បាន​ផែនដី​ជា​មរដក
នៅ​គ្រា​ដែល​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ
នោះ​អ្នក​នឹង​បាន​ឃើញ​ហើយ
35យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច​យ៉ាង​សន្ធឹក
ហើយ​កំពុង​តែ​ពង្រីក​ធំ​ឡើង ដូច​ជា​ដើម​ឈើ​ខ្ចី
ដែល​ចំរើន​នៅ​ទី​កំណើត​វា
36តែ​គេ​បាត់​ទៅ ហើយ​មើល មិន​មាន​គេ​ទៀត​ឡើយ
អើ យើង​បាន​ស្វែង​រក​គេ តែ​មិន​ប្រទះ​សោះ។
37៙ ចូរ​ចំណាំ​មើល​មនុស្ស​គ្រប់​លក្ខណ៍​វិញ
ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ
ដ្បិត​ចុង​បំផុត​នៃ​មនុស្ស​នោះ​មាន​សេចក្ដី​សាន្ត‌ត្រាណ
38ឯ​ពួក​មនុស្ស​រំលង​ច្បាប់ នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា
ឯ​ចុង​បំផុត​នៃ​មនុស្ស​អាក្រក់
នោះ​នឹង​ត្រូវ​កាត់​ចេញ​វិញ
39ឯ​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​សុចរិត
នោះ​មក​ពី​ព្រះ‌យេហូវ៉ា
ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក
នោះ​ទ្រង់​ជា​ទី​អាង​ដល់​គេ
40ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​គេ ក៏​ប្រោស​ឲ្យ​រួច
ទ្រង់​ប្រោស​គេ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់
ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង
ពី​ព្រោះ​គេ​បាន​ពឹង​ជ្រក​ក្នុង​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 37: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល