ទំនុកដំកើង 16

16
ទំនុក​នៃ​ស្តេច​ដាវីឌ។
1ឱ​ព្រះ‌អង្គ​អើយ សូម​ការ‌ពារ​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​យក​ទ្រង់​ជា​ទី​ពឹង
2ខ្ញុំ​បាន​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា
ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ
ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្ដី​ល្អ​មិន​បាន​ឡើយ
3ចំណែក​ពួក​បរិសុទ្ធ​ដែល​នៅ​ផែនដី នោះ​ជា​ពួក​ប្រសើរ
ដែល​គាប់​ចិត្ត​ទូលបង្គំ​គ្រប់​ជំពូក
4ឯ​ពួក​អ្នក​ដែល​អាល័យ​តែ​តាម​ព្រះ​ដទៃ
នោះ​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចំរើន​ជា​ច្រើន​ឡើង​ដល់​គេ
ទូលបង្គំ​មិន​ព្រម​ច្រួច​ឈាម​ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយ
ក៏​មិន​ព្រម​ទាំង​ចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ
ដោយ​បបូរ​មាត់​ទូលបង្គំ​ផង
5ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចំណែក​នៃ​មរដក
ហើយ​ជា​ចំណែក​ក្នុង​ពែង​របស់​ទូលបង្គំ
គឺ​ទ្រង់​ហើយ ដែល​ត្រួត​មើល​ចំណែក​ទូលបង្គំ
6ខ្សែ​រង្វាស់​បាន​ធ្លាក់​នៅ​ទី​កន្លែង​គាប់​ចិត្ត​ឲ្យ​ទូលបង្គំ
អើ ទូលបង្គំ​បាន​ទទួល​មរដក​ល្អ​ណាស់
7ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ដែល​ទ្រង់​ជួយ​គំនិត​ទូលបង្គំ
អើ ចិត្ត​ក៏​បង្គាប់​ដល់​ទូលបង្គំ​នៅ​វេលា​យប់​ដែរ
8ទូលបង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូលបង្គំ​ជា​ដរាប
ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្តាំ​ទូលបង្គំ
បាន​ជា​ទូលបង្គំ​មិន​ត្រូវ​រង្គើ​ឡើយ
9ហេតុ​នោះ​ចិត្ត​ទូលបង្គំ​អរ​សប្បាយ
ហើយ​កិត្តិយស​នៃ​ទូលបង្គំ​បាន​រីក‌រាយ​ឡើង
រូប​សាច់​នៃ​ទូលបង្គំ​ក៏​នឹង​នៅ​ដោយ​សាន្ត‌ត្រាណ​ដែរ
10ដ្បិត​ទ្រង់​មិន​ទុក​ឲ្យ​ព្រលឹង​ទូលបង្គំ
នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ព្រម​ឲ្យ
អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ
11ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ
នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរ‌ពេញ
នៅ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​មាន​សេចក្ដី​អរ​សប្បាយ
ជា​ដរាប​ត​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 16: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល