ទំនុកដំកើង 136

136
1ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ដ្បិត​ទ្រង់​ល្អ
សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
2ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
3ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់
ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
4គឺ​ដល់​ទ្រង់​ដែល​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ធំ​តែ​១​អង្គ​ទ្រង់
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
5គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
6គឺ​ដល់​ទ្រង់​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
7គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មាន
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
8គឺ​ព្រះ‌អាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
9នឹង​ព្រះ‌ចន្ទ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន សំរាប់​បំភ្លឺ
នៅ​ពេល​យប់
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
10គឺ​ដល់​ទ្រង់​ដែល​បាន​ប្រហារ​ស្រុក​អេស៊ីព្ទ
ចំ​លើ​អស់​ទាំង​កូន​ច្បង​របស់​គេ
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
11ព្រម​ទាំង​នាំ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​កណ្តាល​គេ​មក
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
12ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ នឹង​ព្រះ‌ពាហុ​លើក​សំរេច
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
13គឺ​ដល់​ទ្រង់​ដែល​បាន​វែក​សមុទ្រ​ក្រហម​ចេញ​ជា​២
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
14ក៏​ឲ្យ​សាសន៍​អ៊ីស្រាអែល​ដើរ​កាត់​កណ្តាល​សមុទ្រ​នោះ
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
15តែ​បាន​រលាស់​ទំលាក់​ផារ៉ោន
ព្រម​ទាំង​ពល‌ទ័ព​ទៅ​ក្នុង​សមុទ្រ​ក្រហម
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
16គឺ​ដល់​ទ្រង់​ដែល​បាន​នាំ​រាស្ត្រ​ទ្រង់​ដើរ​កាត់​ទី​រហោ‌ស្ថាន
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
17គឺ​ដល់​ទ្រង់​ដែល​បាន​ប្រហារ​ស្តេច​ដ៏​ធំ​ទាំង​ប៉ុន្មាន
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
18ហើយ​បាន​សំឡាប់​ពួក​ស្តេច​ដែល​មាន​ល្បី​ឈ្មោះ​ផង
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
19គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរី
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
20ហើយ​នឹង​អុក ជា​ស្តេច​ស្រុក​បាសាន
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
21ព្រម​ទាំង​ប្រទាន​ស្រុក​គេ ទុក​ជា​មរដក
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
22គឺ​ជា​មរដក​ដល់​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
23ជា​ព្រះ​ដែល​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំ
ក្នុង​កាល​ដែល​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
24ហើយ​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
25ជា​ព្រះ​ដែល​ប្រទាន​ឲ្យ​គ្រប់​ទាំង​សាច់​មាន​អាហារ
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
26ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌​ចុះ
ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 136: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល