ទំនុកដំកើង 135
135
1ចូរសរសើរដល់ព្រះយេហូវ៉ា
ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា
ឱពួកអ្នកបំរើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ
2ពួកអ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់នៃព្រះយេហូវ៉ា
គឺក្នុងទីព្រះលាននៃដំណាក់របស់ព្រះនៃយើងខ្ញុំអើយ
3ចូរសរសើរដល់ព្រះយេហូវ៉ា
ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ
ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ដ្បិតនោះពីរោះហើយ
4ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុប ទុកសំរាប់ទ្រង់
គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់
5ពីព្រោះខ្ញុំដឹងថា ព្រះយេហូវ៉ាទ្រង់ធំ
ហើយថា ព្រះអម្ចាស់នៃយើងខ្ញុំ
ទ្រង់ខ្ពស់លើសជាងអស់ទាំងព្រះ
6ការអ្វីក៏ដោយ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យចង់ធ្វើ
នោះក៏បានធ្វើទៅ ទាំងនៅលើមេឃ នៅផែនដី
នៅក្នុងសមុទ្រ
ហើយនៅទីជំរៅទាំងប៉ុន្មានផង
7ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមក
ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសំរាប់ភ្លៀង
ក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ
8គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បង
របស់សាសន៍អេស៊ីព្ទ
ទាំងមនុស្ស ហើយនឹងសត្វផង។
9៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសំគាល់
នឹងការអស្ចារ្យ ទៅកណ្តាលឯងហើយ
គឺឲ្យកើតដល់ផារ៉ោន នឹងពួកមហាតលិកទាំងអស់គ្នា
10ទ្រង់ក៏បានប្រហារសាសន៍ដទៃជាច្រើន
ព្រមទាំងសំឡាប់ស្តេចជាច្រើនអង្គ
ដែលមានអានុភាពខ្លាំងផង
11គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី
នឹងអុក ជាស្តេចស្រុកបាសាន
ហើយអស់ទាំងនគរនៅស្រុកកាណានទៀត
12ទ្រង់ក៏ប្រទានស្រុករបស់គេ ទុកជាមរដក
គឺជាមរដកដល់អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់។
13៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមទ្រង់ស្ថិតស្ថេរ
នៅជាដរាប
ឱព្រះយេហូវ៉ាអើយ សេចក្ដីនឹកចាំពីទ្រង់ក៏ស្ថិតស្ថេរនៅ
ដរាបដល់អស់ទាំងដំណមនុស្សតទៅ
14ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវិនិច្ឆ័យរាស្ត្រទ្រង់
ហើយនឹងប្រែព្រះហឫទ័យចំពោះពួកអ្នកបំរើទ្រង់។
15៙ អស់ទាំងព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប
ធ្វើពីប្រាក់នឹងមាសប៉ុណ្ណោះ
ជារបស់ដែលដៃមនុស្សបានធ្វើមក
16រូបទាំងនោះមានមាត់ តែមិនចេះនិយាយ
មានភ្នែក តែមើលមិនឃើញ
17មានត្រចៀក តែស្តាប់មិនឮ
ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ផង
18ពួកជាងដែលធ្វើរូបទាំងនោះក៏ដូចជារូបនោះឯង
ព្រមទាំងពួកអ្នកដែលទុកចិត្តនឹងរូបនោះផង។
19៙ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរសូមឲ្យព្រះយេហូវ៉ា
បានប្រកបដោយព្រះពរ
ឱវង្សអើរ៉ុនអើយ ចូរសូមឲ្យព្រះយេហូវ៉ា
បានប្រកបដោយព្រះពរ
20ឱវង្សលេវីអើយ ចូរសូមឲ្យព្រះយេហូវ៉ា
បានប្រកបដោយព្រះពរ
ហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ
ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរចុះ
21សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
ពីក្រុងស៊ីយ៉ូនមក
ជាព្រះដែលទ្រង់គង់នៅក្រុងយេរូសាឡិម
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 135: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.