ទំនុកដំកើង 111

111
1ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា
ដោយ​អស់​ពី​ចិត្ត
នៅ​ក្នុង​ចំណោម​នៃ​មនុស្ស​ទៀង​ត្រង់
ហើយ​ក្នុង​ពួក​ជំនុំ​ជន
2អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ធំ​វិសេស
គួរ​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ទាំង​នោះ
បាន​ស្វែង​រក​តាម
3ឯ​ស្នាដៃ​នៃ​ទ្រង់ នោះ​ល្អ​ប្រពៃ ហើយ​រុងរឿង​ឧត្តម
សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
4ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់
ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា
នឹង​អាណិត‌អាសូរ
5ទ្រង់​បាន​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់
ក៏​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ទ្រង់​ជានិច្ច​ដែរ
6ទ្រង់​បាន​សំដែង​ព្រះ‌ចេស្តា​នៃ​ការ​ទ្រង់
ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ
ដោយ​ប្រទាន​ឲ្យ​គេ​គ្រង​បាន​មរដក​នៃ​អស់​ទាំង​សាសន៍
7អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់
ហើយ​សុចរិត
បញ្ញត្ត​ទាំង​ប៉ុន្មាន​នៃ​ទ្រង់​សុទ្ធ​តែ​ម៉ត់‌ចត់
8ក៏​បាន​តាំង​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច
ហើយ​បាន​សំរេច​ដោយ​សេចក្ដី​ពិត នឹង​សេចក្ដី​ទៀង​ត្រង់
9ទ្រង់​បាន​ចាត់​ប្រើ​សេចក្ដី​ប្រោស​លោះ​ដល់​រាស្ត្រ​ទ្រង់
ទ្រង់​បាន​សំរេច​សេចក្ដី​សញ្ញា​ទ្រង់ ឲ្យ​នៅ​ជា​ដរាប
ព្រះ‌នាម​ទ្រង់​បរិសុទ្ធ ហើយ​គួរ​គោរព
10ឯ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា
នោះ​ជា​ដើម​ចម​នៃ​ប្រាជ្ញា
អស់​អ្នក​ដែល​កាន់​តាម នោះ​មាន​យោបល់​ល្អ
សេចក្ដី​សរសើរ​នៃ​ទ្រង់​ជាប់​នៅ​អស់‌កល្ប‌ជានិច្ច។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 111: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល