ទំនុកដំកើង 103:6-22

ទំនុកដំកើង 103:6-22 ពគប

ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​កិច្ច‌ការ​ដ៏​សុចរិត ហើយ​នឹង​សេចក្ដី​យុត្តិ‌ធម៌ ចំពោះ​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ទ្រង់​បាន​សំដែង​ឲ្យ​ម៉ូសេ​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ស្គាល់​អស់​ទាំង​កិច្ច‌ការ របស់​ទ្រង់​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​នឹង​សេចក្ដីអាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ដ៏​បរិបូរ ទ្រង់​នឹង​មិន​បន្ទោស​ជា​ដរាប ក៏​មិន​ប្រកាន់​ជា​រៀង​រាប​ត​ទៅ​ដែរ ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើ​បាប​របស់​យើង​ទេ ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្ដី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អាណិត​ដល់​អស់​អ្នក ដែល​កោត‌ខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត តែ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ស្ថិត‌ស្ថេរ​នៅ តាំង​ពី​អស់‌កល្ប​ដរាប​ដល់​អស់​‌កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​នៅ​រហូត​ដល់​កូន​ចៅ​គេ​ត​ទៅ គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា​ទ្រង់ នឹង​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ទ្រង់ ដើម្បី​នឹង​ប្រព្រឹត្ត​តាម ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ទ្រង់​ក៏​គ្រប់‌គ្រង​លើ​ទាំង​អស់ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ទេវតា របស់​ទ្រង់​អើយ ជា​អ្នក​ដែល​មាន​ឥទ្ធិ‌ឫទ្ធិ​ខ្លាំង ហើយ​ក៏​ប្រតិ‌បត្តិ​តាម​បង្គាប់​ទ្រង់ ដោយ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌បន្ទូល​ទ្រង់ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា អស់​ពួក​ពល‌បរិវារ របស់​ទ្រង់​អើយ ជា​ពួក​អ្នក​បំរើ​ទ្រង់​ដែល​ធ្វើ​តាម​ព្រះ‌ហឫទ័យ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា នៅ​គ្រប់​ទី​កន្លែង​ដែល​ទ្រង់​មាន​អំណាច ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។