សុភាសិត 6:19-35

សុភាសិត 6:19-35 ពគប

នឹង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត​១ ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​១​ដែរ។ កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្តាំ​របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជានិច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង កាល​ណា​ឯង​ដើរ​ដំណើរ បណ្តាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ នោះ​នឹង​និយាយ​រក​ឯង ដ្បិត​ពាក្យ​បណ្តាំ​នោះ ជា​ចង្កៀង ហើយ​ដំបូន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្ដី​បន្ទោស​នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ ប្រយោជន៍​នឹង​រក្សា​ឯង​ទុក ឲ្យ​រួច​ពី​ស្ត្រី​អាក្រក់ គឺ​ឲ្យ​រួច​ពី​អណ្តាត​បញ្ចើច​របស់​ស្រី​ដទៃ កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់​ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ ដ្បិត​ដោយ​ព្រោះ​តែ​ស្រី​សំផឹង នោះ​មាន​មនុស្ស​ដែល​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​នំបុ័ង​តែ​១​ចំណិត​ប៉ុណ្ណោះ ហើយ​ស្រី​កំផិត​តែង‌តែ​ដេញ​ចាប់​ជីវិត​ដ៏​វិសេស តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​នា​ទ្រូង ឥត​ឆេះ​ដល់​អាវ​ខ្លួន​បាន​ឬ តើ​នឹង​ដើរ​លើ​រងើក​ភ្លើង​ឥត​រលាក​ដល់​ជើង​បាន​ដែរ​ឬ ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ មនុស្ស​រមែង​មិន​ស្អប់​ដល់​ចោរ គឺ​បើ​វា​លួច ឲ្យ​តែ​បាន​ឆ្អែត​ពោះ​ប៉ុណ្ណោះ ក្នុង​វេលា​ដែល​ស្រេក​ឃ្លាន​នោះ​ទេ តែ​បើ​ទាន់​ឃើញ​វា នោះ​គង់​តែ​ត្រូវ​ឲ្យ​វា​សង​១​ជា​៧​វិញ​ដែរ វា​ត្រូវ​សង​ដល់​ទៅ​គ្រប់​របស់​ដែល​នៅ​ក្នុង​ផ្ទះ​ខ្លួន​ទាំង​អស់​ផង តែ​ឯ​អ្នក​ណា​ដែល​លួច​ប្រពន្ធ​គេ នោះ​ជា​អ្នក​ឥត​មាន​គំនិត​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ឈ្មោះ​ថា​ចង់​បំផ្លាញ​ជីវិត​ខ្លួន​ហើយ អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់‌យស នឹង​លុប​សេចក្ដី​ត្មះ‌តិះដៀល​ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ ដ្បិត​សេចក្ដី​ប្រចណ្ឌ​ជា​សេចក្ដី​ក្តៅ​ក្រហាយ​របស់​មនុស្ស ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង‌សឹក​ទេ គេ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ដំឡៃ​លោះ​ណា​មួយ​ផង ហើយ​ទោះ​បើ​ឯង​ជូន​ជំនូន​ដល់​គេ​ជា​ច្រើន​ក៏​ដោយ គង់​តែ​មិន​បាន​រំងាប់​ចិត្ត​ដែរ។

អាន សុភាសិត 6