សុភាសិត 5
5
1កូនអើយ ចូរផ្ចង់ចិត្តចំពោះប្រាជ្ញារបស់អញ ហើយផ្ទៀងត្រចៀកចំពោះយោបល់អញដែរ 2ដើម្បីឲ្យឯងបានបំរុងទុកនូវគំនិតវាងវៃ ហើយឲ្យបបូរមាត់ឯងបានរក្សាទុកនូវដំរិះ 3ដ្បិតបបូរមាត់របស់ស្ត្រីដទៃ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់វារឥលជាងប្រេង 4ប៉ុន្តែ ដល់ចុងបំផុតបានល្វីងដូចជាស្លែង ហើយមុតដូចជាដាវមានមុខ២វិញ 5ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ 6អស់ទាំងផ្លូវប្រព្រឹត្តរបស់វា តែងតែប្រែប្រួល ដើម្បីមិនឲ្យឯងអាចស្គាល់បាន ក្រែងឯងស្ទង់មើលផ្លូវនៃជីវិតឃើញ។
7ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់អញឥឡូវចុះ កុំឲ្យងាកបែរចេញ ពីអស់ទាំងពាក្យ ដែលមាត់អញពោលឡើយ 8ចូរឯងញែកផ្លូវដើររបស់ឯងឲ្យឆ្ងាយពីវាចេញ កុំឲ្យចូលទៅជិតទ្វារផ្ទះរបស់វាឲ្យសោះ 9ក្រែងឯងប្រគល់កិត្តិសព្ទឯងដល់អ្នកដទៃ ហើយអាយុឯងដល់ពួកសាហាវ 10ក្រែងមនុស្សដទៃបានឆ្អែតដោយកំឡាំងឯង ហើយការនឿយលំបាករបស់ឯង ត្រូវធ្វើនៅក្នុងផ្ទះរបស់មនុស្សក្រៅវិញ 11រួចដល់ចុងបំផុត ឯងនឹងត្រូវថ្ងូរ ក្នុងកាលដែលសាច់ឈាម ហើយខ្លួនប្រាណឯងរោយរុះទៅ 12ហើយឯងថា អុញន៍ អញបានស្អប់សេចក្ដីប្រៀនប្រដៅណាស់ហ្ន៎ ចិត្តអញក៏បានខ្ពើមសេចក្ដីបន្ទោស 13ហើយអញមិនបានស្តាប់តាមសំដីនៃគ្រូរបស់អញ ឬផ្ទៀងត្រចៀកចំពោះពួកអ្នកដែលរំឭកអញផងដែរ 14អញស្ទើរតែនឹងចូលទៅក្នុងអស់ទាំងអំពើអាក្រក់ហើយ គឺនៅកណ្តាលចំណោមមនុស្ស នឹងពួកជំនុំផង។
15ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញពីអណ្តូងរបស់ខ្លួនចុះ 16តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬអី 17ត្រូវឲ្យទុកសំរាប់ខ្លួនឯងតែ១ប៉ុណ្ណោះ មិនមែនសំរាប់មនុស្សដទៃជាមួយនឹងឯងផងនោះទេ 18សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធដែលបានគ្នាពីកាលក្រមុំកំឡោះចុះ 19ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ នឹងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយត្រូវឲ្យឯងឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់របស់នាងជានិច្ចផង 20ដ្បិតកូនអើយ តើមានទំនងឲ្យឯងទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃ ហើយឱបទ្រូងនៃស្ត្រីក្រៅឬអី 21ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ 22អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន 23អ្នកនោះនឹងត្រូវស្លាប់ទៅ ដោយឥតមានអ្នកណានឹងប្រៀនប្រដៅ ក៏នឹងវង្វេងចេញ ដោយវក់នឹងការចំកួតរបស់ខ្លួន។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 5: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.