កូនអើយ កុំឲ្យភ្លេចឱវាទអញឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្តាំរបស់អញទាំងប៉ុន្មាន ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែង នឹងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង កុំឲ្យសេចក្ដីមេត្តា នឹងសេចក្ដីពិតចេញពីឯងបាត់ឡើយ ចូរចងសេចក្ដីទាំង២នោះនៅកឯងចុះ ហើយចារឹកទុកនៅដួងចិត្តឯងដែរ យ៉ាងនោះ ឯងនឹងបានប្រកបដោយគុណ នឹងបំណងល្អចំពោះព្រះ ហើយនឹងមនុស្សផង ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្ដីអាក្រក់ទៅ នោះនឹងបានជាសេចក្ដីសុខស្រួលដល់សរសៃឯង ហើយជាធាតុសើមដល់ឆ្អឹងឯង ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូង ពីសេចក្ដីចំរើនរបស់ឯងទាំងអំបាលម៉ានចុះ យ៉ាងនោះ អស់ទាំងជង្រុកឯងនឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោសរបស់ទ្រង់ដែរ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ។ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកំរៃអំពីនោះមកក៏ប្រសើរជាងមាសសុទ្ធផង ប្រាជ្ញានោះមានដំឡៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ នឹងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្ដីសុខដែរ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណាដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ
អាន សុភាសិត 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 3:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ