សុភាសិត 29

29
1អ្នក​ណា​ដែល​ត្រូវ​បន្ទោស​ជា​ញយៗ តែ​តាំង​ចិត្ត​រឹង​វិញ នោះ​ត្រូវ​វិនាស​ក្នុង​១​រំពេច ទាល់​បើ​ជួយ​ផង។
2កាល​ណា​មនុស្ស​សុចរិត​មាន​អំណាច​ឡើង នោះ​ជន​ទាំង‌ឡាយ​រមែង​មាន​ចិត្ត​រីក‌រាយ តែ​កាល​ណា​មនុស្ស​អាក្រក់​គ្រប់‌គ្រង​វិញ នោះ​បណ្តាជន​ស្រែក​ថ្ងូរ​ឡើង។
3អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ប្រាជ្ញា នោះ​រមែង​នាំ​ឲ្យ​ឪពុក​រីក‌រាយ​សប្បាយ តែ​អ្នក​ណា​ដែល​គប់​រក​ស្រី​សំផឹង នោះ​ស៊ី​បង្ហិន​ទ្រព្យ​សម្បត្តិ​គាត់​វិញ។
4ស្តេច​រមែង​តាំង​នគរ​ឲ្យ​មាំ‌មួន ដោយ‌សារ​សេចក្ដី​យុត្តិ‌ធម៌ តែ​ស្តេច​ណា​ដែល​សង្កត់‌សង្កិន​យក​ដង្វាយ នោះ​ធ្វើ​ឲ្យ​ស្រុក​វិនាស​វិញ។
5អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា ដាក់​លប់​សំរាប់​ចាប់​ជើង​គេ​ទេ។
6មាន​អន្ទាក់ នៅ​ក្នុង​អំពើ​រំលង​របស់​មនុស្ស​អាក្រក់ តែ​មនុស្ស​សុចរិត​គេ​ច្រៀង​ដោយ​អរ​សប្បាយ​វិញ។
7មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។
8មនុស្ស​ចំអក​មើល‌ងាយ គេ​អុច‌អាល​ឲ្យ​ទី​ក្រុង​ឆេះ​ឡើង តែ​មនុស្ស​មាន​ប្រាជ្ញា គេ​បង្វែរ​បណ្តេញ​សេចក្ដី​ក្រោធ​ចេញ​វិញ។
9បើ​អ្នក​មាន​ប្រាជ្ញា គេ​កើត​មាន​រឿង​នឹង​មនុស្ស​ចំកួត ទោះ​បើ​អ្នក​នោះ​ខឹង ឬ​សើច​ក្តី គង់​តែ​ឥត​មាន​សេចក្ដី​សុខ​វិញ​ឡើយ។
10ពួក​មនុស្ស​ដែល​កំចាយ​ឈាម នោះ​រមែង​តែ​ស្អប់​ដល់​មនុស្ស​ត្រឹម‌ត្រូវ តែ​មនុស្ស​ទៀង​ត្រង់​រក​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​នោះ​វិញ។
11ពួក​ល្ងី‌ល្ងើ សំដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំងាប់​ចេញ​វិញ។
12បើ​អ្នក​គ្រប់‌គ្រង​តែង​ស្តាប់​តាម​ពាក្យ​ភូត‌ភរ នោះ​ពួក​អ្នក​បំរើ​របស់​គេ​ក៏​ជា​មនុស្ស​អាក្រក់​ដែរ។
13មនុស្ស​ទាល់​ក្រ នឹង​មនុស្ស​ដែល​សង្កត់‌សង្កិន គេ​តែង‌តែ​ប្រទះ​គ្នា តែ​គឺ​ព្រះ‌យេហូវ៉ា ដែល​បំភ្លឺ​ភ្នែក​របស់​អ្នក​ទាំង​២​នោះ។
14ឯ​ស្តេច​ណា​ដែល​វិនិច្ឆ័យ​ក្តី​របស់​មនុស្ស​ទាល់​ក្រ​ដោយ​ឥត​មន្ទិល បល្ល័ង្ក‌រាជ្យ​របស់​ស្តេច​នោះ​នឹង​បាន​តាំង​ឲ្យ​ជាប់​ជា​ដរាប។
15រំពាត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា តែ​កូន​ណា​ដែល​បណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែង​ធ្វើ​ឲ្យ​ម្តាយ​មាន​សេចក្ដី​ខ្មាស​វិញ។
16កាល​ណា​មនុស្ស​អាក្រក់​ចំរើន​ជា​ច្រើន​ឡើង នោះ​សេចក្ដី​រំលង​ច្បាប់​ក៏​ចំរើន​ឡើង​ដែរ ប៉ុន្តែពួក​សុចរិត​នឹង​ឃើញ​គ្រា​ដែល​គេ​ដួល​ចុះ​ទៅ​វិញ។
17ចូរ​ស្តី​ប្រដៅ​កូន​ឯង​ចុះ នោះ​វា​នឹង​ឲ្យ​ឯង​បាន​សំរាក​ចិត្ត អើ វា​នឹង​ឲ្យ​ឯង​មាន​ចិត្ត​រីក‌រាយ​ផង។
18គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សំដែង នោះ​បណ្តាជន​រមែង​លែង​ទប់​ចិត្ត តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​សប្បាយ​ហើយ។
19ខ្ញុំ​កំដរ​នឹង​រាង‌ចាល ដោយ‌សារ​តែ​ពាក្យ​បន្ទោស​មិន​បាន ដ្បិត​ទោះ​បើ​វា​ស្តាប់​បាន គង់​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។
20ឯង​ដែល​ឃើញ​មនុស្ស​រហ័ស​នឹង​បញ្ចេញ​សំដី​ឬ​មាន​សេចក្ដី​សង្ឃឹម ចំពោះ​មនុស្ស​ល្ងី‌ល្ងើ ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។
21អ្នក​ណា​ដែល​ចិញ្ចឹម​បាវ​បំរើ​ដោយ​ថ្នម តាំង​ពី​តូច​មក នោះ​ដល់​ជាន់​ក្រោយ​នឹង​បាន​អ្នក​នោះ​ដូច​ជា​កូន​វិញ។
22មនុស្ស​មួម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។
23ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស នឹង​នាំ​ឲ្យ​ទាប‌ថោក​ទៅ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​សុភាព​រាប‌ទាប នោះ​នឹង​បាន​កិត្តិសព្ទ​វិញ។
24អ្នក​ណា​ដែល​ចូល​ដៃ​នឹង​ចោរ នោះ​ឈ្មោះ​ថា​ស្អប់​ដល់​ព្រលឹង​ខ្លួន វា​ឮ​គេ​ដាក់​បណ្តាសា​ដល់​ខ្លួន ប៉ុន្តែមិន​ពោល​តប​ឡើយ។
25ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ពិត នោះ​នឹង​បាន​សុខ​វិញ។
26មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស​នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ។
27ឯ​មនុស្ស​ទុច្ចរិត គេ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ពួក​សុចរិត ហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ក៏​ជា​ទី​ស្អប់​ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ។

ទើបបានជ្រើសរើសហើយ៖

សុភាសិត 29: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល