សុភាសិត 28
28
1មនុស្សអាក្រក់ គេរត់ក្នុងកាលដែលគ្មានអ្នកណាដេញតាមសោះ តែមនុស្សសុចរិតមានចិត្តក្លាហានដូចសិង្ហវិញ។
2កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ ហើយនឹងដំរិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។
3មនុស្សក្រដែលពានលើមនុស្សកំសត់ទុគ៌ត នោះធៀបដូចជាភ្លៀងយ៉ាងខ្លាំង ដែលបោសរំលីងមិនឲ្យមានអាហារសល់ឡើយ។
4ពួកអ្នកដែលបោះបង់ចោលបញ្ញត្តច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់វិញ នោះតែងតែតតាំងនឹងគេ។
5មនុស្សអាក្រក់មិនយល់សេចក្ដីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។
6មនុស្សក្រីក្រដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់របស់ខ្លួន នោះវិសេសជាងមនុស្សក្រវិចក្រវៀន ក្នុងគ្រប់ទាំងផ្លូវរបស់គេ ទោះបើជាអ្នកមានក៏ដោយ។
7អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្ដីខ្មាសវិញ។
8អ្នកណាដែលចំរើនសម្បត្តិទ្រព្យខ្លួន ដោយយកការ ហើយដោយដាក់បុល នោះគឺប្រមូលទុកសំរាប់មនុស្សដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រទេ។
9អ្នកណាដែលបែរត្រចៀកចេញមិនព្រមស្តាប់បញ្ញត្តច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។
10អ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់វង្វេងតាមផ្លូវអាក្រក់ អ្នកនោះឯងនឹងធ្លាក់ទៅក្នុងរណ្តៅដែលខ្លួនបានជីកវិញ តែមនុស្សទៀងត្រង់នឹងគ្រងបានសេចក្ដីល្អជាមរដក។
11មនុស្សអ្នកមាន គេតែងប្រកាន់ថា ខ្លួនមានប្រាជ្ញា តែមនុស្សក្រដែលមានយោបល់ នឹងស្ទង់មើល ឲ្យស្គាល់គេបាន។
12កាលណាមនុស្សសុចរិតមានជ័យជំនះ នោះបណ្តាជនមានសេចក្ដីអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
13អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
14សប្បាយហើយ អ្នកណាដែលមានចិត្តកោតខ្លាចជានិច្ច តែអ្នកណាដែលតាំងចិត្តរឹងទទឹង នោះនឹងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយវិញ។
15មនុស្សអាក្រក់ដែលគ្រប់គ្រងលើប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។
16ចៅហ្វាយណាដែលខ្វះយោបល់ នោះតែងតែសង្កត់សង្កិនជនជាយ៉ាងខ្លាំង តែអ្នកណាដែលស្អប់សេចក្ដីលោភ នោះនឹងបានចំរើនអាយុយឺនយូរវិញ។
17ឯមនុស្សដែលមានទោសជាអ្នកកំចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។
18អ្នកណាដែលដើរដោយទៀងត្រង់ នោះនឹងបានប្រោសឲ្យរួច តែអ្នកណាដែលកាន់តាមផ្លូវវៀច នោះនឹងត្រូវធ្លាក់ចុះដោយឆាប់រហ័ស។
19អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានអាហារជាបរិបូរ តែអ្នកណាដែលជាប់តាមមនុស្សចោលម្សៀត នោះនឹងបានសេចក្ដីកំសត់យ៉ាងឆ្អែតវិញ។
20មនុស្សស្មោះត្រង់នឹងបានពរជាបរិបូរ តែអ្នកណាដែលប្រញាប់ប្រញាល់ឲ្យបានជាអ្នកមាន នោះនឹងមិនរួចចាកពីទោសឡើយ។
21ការដែលយោគយល់ខាងមនុស្សណា នោះមិនល្អទេ ហើយដែលប្រព្រឹត្តរំលងច្បាប់ឲ្យតែបានអាហារបន្តិចបន្តួច នោះក៏មិនល្អដូចគ្នា។
22អ្នកណាដែលមានភ្នែកអាក្រក់ នោះកំពុងតែរួសរាន់ដេញតាមទ្រព្យសម្បត្តិ ឥតដឹងឡើយថា សេចក្ដីខ្វះខាតនឹងតាមខ្លួនទាន់។
23អ្នកណាដែលបន្ទោសដល់មនុស្ស នោះនៅជាន់ក្រោយនឹងមានគេរាប់អានខ្លួន ជាជាងអ្នកដែលបញ្ចើចដោយអណ្តាតទៅទៀត។
24អ្នកណាដែលលួចយករបស់ឪពុកឬម្តាយខ្លួន រួចពោលថា មិនមែនជាបាបទេ អ្នកនោះឯងជាសំឡាញ់នឹងពួកអ្នកបំផ្លាញហើយ។
25អ្នកណាដែលមានចិត្តធំ នោះបណ្តាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
26អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ តែអ្នកណាដែលប្រព្រឹត្តដោយប្រាជ្ញាវិញ នោះនឹងបានប្រោសឲ្យរួច។
27អ្នកណាដែលចែកចាយឲ្យដល់ពួកទាល់ក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ តែអ្នកណាដែលគេចភ្នែកចេញ នោះនឹងត្រូវពាក្យប្រទេចផ្តាសាជាច្រើន។
28បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចំរើនឡើងវិញ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 28: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.