សុភាសិត 20
20
1ឯស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា។
2សេចក្ដីស្ញែងខ្លាចរបស់ស្តេច នោះប្រៀបដូចជាសំឡេងគ្រហឹមនៃសិង្ហ អ្នកណាដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង នោះឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។
3អ្នកណាដែលមិនព្រមបៀតខ្លួន ក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែគ្រប់ទាំងមនុស្សល្ងីល្ងើគេចេះតែរករឿងវិញ។
4មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់ ដោយព្រោះនៅរងានៅឡើយ ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចំរូត ហើយខ្វះខាតវិញ។
5សេចក្ដីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។
6មនុស្សស្ទើរតែទាំងអស់ សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន តើអ្នកណានឹងរកមនុស្សទៀងត្រង់ សូម្បីតែម្នាក់បាន។
7មនុស្សសុចរិត គេដើរតាមផ្លូវទៀងត្រង់របស់ខ្លួនកូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
8កាលណាស្តេចឡើងគង់នៅទីវិនិច្ឆ័យ នោះទ្រង់កំចាត់អស់ទាំងអំពើអាក្រក់ ដោយសារព្រះនេត្រទ្រង់។
9តើអ្នកណាអាចនឹងនិយាយបានថា ខ្ញុំបានជំរះចិត្តខ្ញុំឲ្យស្អាត ខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយ។
10កូនជញ្ជីងឆផ្សេងៗ ហើយរង្វាល់កោងផ្សេងៗទាំង២យ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
11សូម្បីតែកូនក្មេងក៏សំដែងខ្លួន ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា។
12ការស្តាប់ឮដោយត្រចៀក ហើយមើលឃើញដោយភ្នែក នោះគឺព្រះយេហូវ៉ាដែលបង្កើតទាំង២យ៉ាង។
13កុំឲ្យល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។
14អ្នកដែលទិញរមែងថា របស់នេះអាក្រក់ អាក្រក់ណាស់ តែកាលណាដើរហួសទៅ នោះក៏អួតខ្លួនវិញ។
15មាស ហើយត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានដំឡៃយ៉ាងប្រសើរវិញ។
16ចូរទទួលបញ្ចាំអាវរបស់អ្នក ដែលធានាឲ្យមនុស្សដទៃ ហើយទាររបស់បញ្ចាំពីអ្នកសន្យាជំនួសអ្នកក្រៅចុះ។
17អាហារដែលមនុស្សណាបាន ដោយការកំភូត នោះរមែងឆ្ងាញ់ដល់ខ្លួន តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ។
18អស់ទាំងគំនិតដែលចង់ធ្វើ នោះបានសំរេចមែនទែន ដោយសារការប្រឹក្សាគ្នា ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា នោះសឹមធ្វើសង្គ្រាមទៅចុះ។
19អ្នកណាដែលដើរចុះឡើងនិយាយដើមគេ នោះជាអ្នកបើកសំដែងការលាក់កំបាំងហើយ ដូច្នេះកុំឲ្យភប់ប្រសព្វនឹងអ្នកណាដែលមានមាត់ប៉ាចរហាចឡើយ។
20អ្នកណាដែលប្រទេចផ្តាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់នៅក្នុងទីងងឹតសូន្យសុង។
21ឯមរដក ដែលដើមដំបូងបានយ៉ាងរួសរាន់ នោះដល់ចុងក្រោយមិនបានពរទេ។
22កុំឲ្យថា អញនឹងសងសឹក នោះឡើយ ចូររង់ចាំព្រះយេហូវ៉ាចុះ ទ្រង់នឹងជួយសង្គ្រោះឯងវិញ។
23កូនជញ្ជីងឆផ្សេងៗជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ហើយត្រាជូក្លែង នោះមិនល្អទេ។
24ផ្លូវដើររបស់មនុស្ស នោះស្រេចនៅព្រះយេហូវ៉ា ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សយល់ផ្លូវខ្លួនបាន។
25ការដែលនិយាយឥតបើគិតថា នេះជាដង្វាយថ្វាយព្រះហើយ រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាខាងក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
26ស្តេចដែលមានប្រាជ្ញា ទ្រង់កំចាត់មនុស្សអាក្រក់ចេញ ហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេ។
27វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះយេហូវ៉ា ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។
28សេចក្ដីមេត្តា នឹងសេចក្ដីទៀងត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យទ្រង់ក៏ស្ថិតនៅ ដោយសារសេចក្ដីសប្បុរសដែរ។
29កំឡាំងកាយ ជាសេចក្ដីអំនួតរបស់មនុស្សកំឡោះ ហើយសក់ស្កូវជាគ្រឿងលំអដល់មនុស្សចាស់។
30ការវាយដោយរំពាត់ឲ្យត្រូវរបួស នោះនឹងសំអាតអំពើអាក្រក់ចេញ ហើយការវាយដោយដំបង ក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 20: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.