ជនគណនា 36
36
1រីឯពួកមេជាឪពុកលើអស់ទាំងគ្រួនៃកូនចៅកាឡាត ជាកូនម៉ាគារ ដែលជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួនៃកូនចៅយ៉ូសែបទាំងប៉ុន្មាន គេក៏ចូលមកជំរាបចំពោះមុខម៉ូសេ នឹងពួកអ្នកដែលជាកំពូល ជាមេលើវង្សានុវង្សរបស់ឪពុកនៃកូនចៅអ៊ីស្រាអែលថា 2ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម្ចាស់យើងខ្ញុំ ឲ្យចែកស្រុកជាមរដកដល់ពួកកូនចៅអ៊ីស្រាអែល ដោយចាប់ឆ្នោត ហើយលោកម្ចាស់យើងខ្ញុំក៏បានទទួលបង្គាប់ព្រះយេហូវ៉ា នឹងចែកមរដករបស់ស្លូផិហាត ជាបងប្អូនយើងខ្ញុំ ដល់ពួកកូនស្រីគាត់ 3ដូច្នេះ បើសិនជាស្ត្រីទាំងនោះយកប្ដីពីពួកប្រុសៗ ក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាទៀត នោះមរដករបស់គេនឹងត្រូវហូតចេញពីមរដករបស់ពួកឰយុកោយើងខ្ញុំ ទៅថែមបញ្ចូលនឹងមរដករបស់ពូជអំបូរណាមួយដែលគេចូលនោះវិញ យ៉ាងនោះមរដកគេនឹងត្រូវដកចេញពីចំណែកមរដករបស់យើងខ្ញុំហើយ 4រួចដល់ឆ្នាំសោមនស្ស នៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេនឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនឹងត្រូវដកចេញពីមរដករបស់ពួកឰយុកោនៃពូជអំបូរយើងខ្ញុំទៅ។
5នោះម៉ូសេលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមបង្គាប់នៃព្រះយេហូវ៉ាថា ពូជអំបូរនៃកូនចៅយ៉ូសែបគេបាននិយាយត្រូវ 6នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ ពីដំណើរនៃពួកកូនស្រីស្លូផិហាត គឺថា ឲ្យគេយកប្ដីណាដែលគេចូលចិត្តចុះ ប៉ុន្តែត្រូវយកក្នុងគ្រួសារនៃពូជអំបូររបស់ឰយុកោខ្លួន 7យ៉ាងនោះមរដករបស់ពួកកូនចៅអ៊ីស្រាអែល នឹងមិនត្រូវរើចេញពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ដ្បិតត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលនៅជាប់នឹងមរដករបស់ពូជអំបូរ នៃពួកឰយុកោគេរៀងខ្លួន 8ហើយគ្រប់ទាំងកូនស្រីណាដែលស៊ីមរដកក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាមួយ នោះត្រូវតែយកប្ដីក្នុងគ្រួសាររបស់ពូជអំបូរនៃពួកឰយុកោខ្លួន ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់ពួកឰយុកោគេរៀងខ្លួន 9ដូច្នេះ មរដកណាមួយនឹងមិនត្រូវរើចេញ ពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ពីព្រោះត្រូវឲ្យពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែល នៅជាប់នឹងមរដករបស់គេរៀងខ្លួន។
10នោះពួកកូនស្រីស្លូផិហាតក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ 11ដ្បិតម័សឡា ធើសា ហុកឡា មីលកា នឹងណូហា ជាកូនស្រីរបស់ស្លូផិហាត គេបានយកប្ដីក្នុងពួកបងប្អូនរបស់ឪពុកគេគ្រប់គ្នា 12គេបានយកប្ដីចូលជាតិក្នុងគ្រួសារពួកកូនចៅម៉ាន៉ាសេ ជាកូនយ៉ូសែប ហើយមរដករបស់គេក៏បាននៅជាប់ក្នុងពូជអំបូររបស់គ្រួឪពុកគេតទៅ។
13នេះហើយជាសេចក្ដីបញ្ញត្ត នឹងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅអ៊ីស្រាអែល ដោយសារម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ។:៚
ទើបបានជ្រើសរើសហើយ៖
ជនគណនា 36: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.