ជនគណនា 14
14
1គ្រានោះ ពួកជំនុំនៃពួកកូនចៅអ៊ីស្រាអែល ក៏ឡើងសំឡេងស្រែក ហើយនៅយប់នោះ បណ្តាជនក៏យំគ្រប់គ្នា 2នោះគេរទូរទាំទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ពួកជំនុំទាំងអស់គ្នានិយាយថា ស៊ូឲ្យយើងបានស្លាប់នៅស្រុកអេស៊ីព្ទ ឬនៅក្នុងទីរហោស្ថាននេះវិញ យើងសុខចិត្តឲ្យស្លាប់ទៅជាជាង 3តើហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់នាំយើងមកក្នុងកន្លែងនេះ ឲ្យត្រូវស្លាប់ដោយដាវដូច្នេះ ហើយឲ្យប្រពន្ធកូនយើងទៅជារំពាគេផង ចុះបើយើងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ នោះតើមិនមានប្រយោជន៍ជាជាងទេឬអី 4រួចគេនិយាយគ្នាទៅវិញទៅមកថា ចូរយើងរើសយកមេម្នាក់ ហើយត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញទៅ។
5នោះម៉ូសេ នឹងអើរ៉ុន លោកទំលាក់ខ្លួនចុះផ្កាប់មុខនៅចំពោះមុខពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា 6ហើយយ៉ូស្វេ ជាកូននុន នឹងកាលែប ជាកូនយេភូនេ ដែលនៅក្នុងពួកអ្នកដើរសង្កេតមើលស្រុក គេក៏ហែកសំលៀកបំពាក់ខ្លួន 7ព្រមទាំងនិយាយទៅពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ថា ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង 8បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើងឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខាន ហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំដ៏ហូរហៀរ 9កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ ដ្បិតគេជាអាហារសំរាប់យើងរាល់គ្នាទេ ទីពឹងជ្រករបស់គេបានរើចេញទៅបាត់ហើយ ព្រះយេហូវ៉ាក៏គង់នៅខាងយើងរាល់គ្នាដែរ កុំឲ្យខ្លាចគេឡើយ 10ឯពួកជំនុំទាំងអស់ក៏ប្រាប់គ្នាថា ចូរចោលគេនឹងថ្មទៅ តែសិរីល្អនៃព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាឃើញ។
11ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា តើជនទាំងឡាយនេះនឹងនៅតែមើលងាយអញដល់កាលណាទៀត តើដល់កាលណាទៀតដែលគេនៅតែមិនជឿដល់អញ ទោះបើឃើញអស់ទាំងទីសំគាល់ ដែលអញបានធ្វើនៅកណ្តាលគេជាច្រើនម៉្លេះផង 12ដូច្នេះ អញនឹងវាយគេ ដោយជំងឺអាសន្នរោគ ហើយនឹងកាត់កាល់គេចោលចេញ រួចអញនឹងបង្កើតសាសន៍១ដ៏ធំជាង ហើយពូកែជាងពីឯងវិញ។
13តែម៉ូសេទូលទៅព្រះយេហូវ៉ាថា បើដូច្នោះពួកសាសន៍អេស៊ីព្ទនឹងឮដែរ (ដ្បិតទ្រង់បាននាំបណ្តាជននេះពីកណ្តាលគេ ឡើងមកដោយព្រះចេស្តាទ្រង់) 14នោះគេនឹងប្រាប់តៗមក ដល់មនុស្សនៅស្រុកនេះ ដែលបានឮថា ព្រះយេហូវ៉ាទ្រង់តែងគង់នៅកណ្តាលពួកជននេះ ក៏ឮថា ពួកជននេះតែងឃើញព្រះយេហូវ៉ានៅប្រទល់មុខ ហើយថា ពពករបស់ទ្រង់តែងស្ថិតនៅពីលើគេ ទ្រង់ក៏យាងនាំមុខគេក្នុងបង្គោលពពកនៅវេលាថ្ងៃ នឹងក្នុងបង្គោលភ្លើងនៅវេលាយប់ 15ដូច្នេះ បើទ្រង់សំឡាប់ពួកជនទាំងនេះ ដូចជាមនុស្សតែម្នាក់ នោះសាសន៍ទាំងប៉ុន្មាន ដែលបានឮល្បីពីទ្រង់ គេនឹងដៀលថា 16ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំពួកនោះចូលទៅក្នុងស្រុកដែលទ្រង់បានស្បថថា នឹងឲ្យទៅគេ នោះបានជាទ្រង់ត្រឡប់ជាសំឡាប់គេ នៅក្នុងទីរហោស្ថានវិញ 17ឥឡូវនេះ ទូលបង្គំសូមអង្វរដល់ទ្រង់ ឲ្យព្រះចេស្តានៃព្រះអម្ចាស់បានធំ ដូចជាទ្រង់មានបន្ទូលរួចហើយថា 18ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ក៏មានសេចក្ដីមេត្តាករុណាជាបរិបូរ ទ្រង់តែងអត់ទោសនៃសេចក្ដីទុច្ចរិត នឹងការរំលង តែមិនមែនរាប់មនុស្សមានទោស ទុកជាគ្មាននោះឡើយ គឺទ្រង់តែងធ្វើទោសនៃការទុច្ចរិតរបស់ឪពុកទៅដល់កូនចៅទាំង៣ដំណ ហើយ៤ដំណផង 19ទូលបង្គំសូមអង្វរទ្រង់ សូមអត់ទោសនៃការទុច្ចរិតរបស់ពួកជននេះ ដោយសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដូចជាទ្រង់បានអត់ទោសដល់គេតាំងពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះដែរ។
20នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញអត់ទោសឲ្យតាមពាក្យឯងហើយ 21ប៉ុន្តែ អញស្បថដោយនូវព្រះជន្មអញថា ផែនដីទាំងមូលត្រូវបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា 22ហើយពិតប្រាកដជាពួកអ្នកទាំងនេះដែលបានឃើញសិរីល្អអញ នឹងទីសំគាល់ទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកអេស៊ីព្ទ ហើយនៅទីរហោស្ថាននេះ 23គេនឹងមិនដែលឃើញស្រុកដែលអញបានស្បថនឹងឲ្យដល់ពួកឰយុកោគេ គឺពួកដែលមើលងាយអញនោះ គេនឹងមិនដែលឃើញស្រុកនោះឡើយ ដោយព្រោះគេបានល្បងលអញ ទាំង១០ដងនេះហើយ ក៏មិនបានស្តាប់តាមសំឡេងអញផង 24តែឯកាលែប ជាអ្នកបំរើរបស់អញ នោះអញនឹងនាំចូលទៅក្នុងស្រុក ដែលគាត់បានទៅមើលនោះ ហើយពូជគាត់នឹងបានស្រុកនោះជាកេរអាករ ពីព្រោះមានវិញ្ញាណផ្សេងសណ្ឋិតលើគាត់ ហើយគាត់ក៏បានប្រព្រឹត្តតាមអញគ្រប់ចំពូក 25(រីឯសាសន៍អាម៉ាលេក ហើយនឹងសាសន៍កាណាន គេអាស្រ័យនៅក្នុងវាលច្រកភ្នំនោះ) ដល់ស្អែកនេះ ចូរឯងរាល់គ្នាវិលដើរទៅក្នុងទីរហោស្ថាន តាមផ្លូវសមុទ្រក្រហមវិញ។
26ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា 27តើត្រូវឲ្យអញទ្រាំទ្រនឹងពួកជំនុំអាក្រក់ ដែលគេរទូរទាំទាស់នឹងអញនេះ ដល់កាលណាទៀត អញបានឮពាក្យ ដែលពួកកូនចៅអ៊ីស្រាអែលរទូរទាំទាស់នឹងអញនោះហើយ 28ចូរប្រាប់គេថា ព្រះយេហូវ៉ាទ្រង់ស្បថដោយនូវព្រះជន្មទ្រង់ថា ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងឯងរាល់គ្នា តាមពាក្យដែលបាននិយាយដាក់ត្រចៀកអញនោះជាមិនខាន 29គឺខ្មោចរបស់ឯងរាល់គ្នា ជាពួកអ្នកដែលគេបានរាប់បញ្ចូលក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលបានរទូរទាំទាស់នឹងអញ នោះនឹងត្រូវដួលនៅទីរហោស្ថាននេះឯង ដរាបដល់គ្រប់ចំនួននោះ 30ពិតប្រាកដជាឯងរាល់គ្នានឹងមិនបានចូលទៅក្នុងស្រុកនោះ ដែលអញបានស្បថថា នឹងឲ្យឯងរាល់គ្នាអាស្រ័យនៅនោះឡើយ ចូលបានតែកាលែប ជាកូនយេភូនេ នឹងយ៉ូស្វេ ជាកូននុនប៉ុណ្ណោះ 31ឯអស់ទាំងកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា វានឹងទៅជារំពាដល់គេ នោះអញនឹងនាំវារាល់គ្នាចូលវិញ ហើយវានឹងបានស្គាល់ស្រុកនោះ ដែលឯងរាល់គ្នាមិនបានទាំងរាប់អានផង 32តែចំណែកឯងរាល់គ្នា នោះខ្មោចឯងនឹងត្រូវដួលនៅក្នុងទីរហោស្ថាននេះ 33ហើយកូនចៅរបស់ឯងរាល់គ្នា នឹងដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាននេះអស់៤០ឆ្នាំ ព្រមទាំងទ្រាំទ្រនឹងសេចក្ដីកំផិតរបស់ឯងរាល់គ្នា ដរាបដល់ខ្មោចឯងទាំងប៉ុន្មានបានរលួយទៅ នៅទីរហោស្ថាននេះ 34ឯងរាល់គ្នានឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ឯងអស់៤០ឆ្នាំ តាមចំនួនថ្ងៃដែលបានដើរសង្កេតមើលក្នុងស្រុកនោះ គឺជា៤០ថ្ងៃ ក្នុង១ថ្ងៃទុកជា១ឆ្នាំ នោះឯងរាល់គ្នានឹងស្គាល់សណ្ឋានដែលឥតពីអញទៅ ជាយ៉ាងណា 35អញនេះគឺព្រះយេហូវ៉ា អញបានចេញវាចាហើយ ពិតប្រាកដជាអញនឹងប្រព្រឹត្តនឹងពួកជំនុំខូចអាក្រក់ ដែលបានប្រមូលគ្នាទាស់នឹងអញនេះយ៉ាងដូច្នេះ គឺគេនឹងត្រូវស្លាប់រោយរៀវទៅ នៅក្នុងទីរហោស្ថាននេះ។
36ឯពួកមនុស្សដែលម៉ូសេបានចាត់ទៅសង្កេតមើលក្នុងស្រុកនោះ ដែលគេត្រឡប់មកវិញ បណ្តាលឲ្យពួកជំនុំទាំងអស់រទូរទាំទាស់នឹងលោក ដោយនាំដំណឹងអាក្រក់ពីស្រុកនោះ 37ពួកអ្នកនោះឯង ដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះមក គេក៏ស្លាប់នៅចំពោះព្រះយេហូវ៉ាដោយការប្រហាររបស់ទ្រង់ទៅ 38ដូច្នេះ ក្នុងពួកមនុស្សដែលបានទៅសង្កេតមើលស្រុកនោះ មានតែយ៉ូស្វេ ជាកូននុន នឹងកាលែប ជាកូនយេភូនេប៉ុណ្ណោះទេដែលនៅរស់។
39ម៉ូសេក៏ប្រាប់សេចក្ដីទាំងនេះ ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន រួចគេយំទួញជាខ្លាំង 40គេភ្ញាក់ពីព្រហាមរៀងឡើងទៅឯកំពូលភ្នំ ដោយពាក្យថា មើលយើងខ្ញុំដល់នេះហើយ ដូច្នេះ យើងខ្ញុំនឹងឡើងទៅឯកន្លែងដែលព្រះយេហូវ៉ាបានសន្យាទុកនោះ ដ្បិតយើងខ្ញុំបានធ្វើបាបមែន។
41នោះម៉ូសេតបថា ម្តេចក៏ឯងរាល់គ្នារំលងបង្គាប់ព្រះយេហូវ៉ាទៀត ធ្វើដូច្នោះមិនកើតទេ 42កុំឲ្យឡើងទៅធ្វើអី ដ្បិតព្រះយេហូវ៉ាមិនគង់ជាមួយឯងរាល់គ្នាទេ ក្រែងឯងរាល់គ្នាចាញ់ពួកខ្មាំងសត្រូវវិញ 43ដ្បិតមានសាសន៍អាម៉ាលេក នឹងសាសន៍កាណាននៅខាងមុខឯងរាល់គ្នានោះហើយ ឯងនឹងត្រូវដួលដោយដាវរបស់គេជាមិនខាន ព្រះយេហូវ៉ាទ្រង់មិនព្រមគង់នៅជាមួយទេ ពីព្រោះឯងបានថយចេញពីព្រះយេហូវ៉ាហើយ 44ប៉ុន្តែគេចេះតែខំឡើងទៅឯកំពូលភ្នំ ដោយអួតអាងវិញ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងម៉ូសេផង មិនបានចេញពីទីដំឡើងត្រសាលឡើយ 45ដូច្នេះ ពួកសាសន៍អាម៉ាលេក នឹងសាសន៍កាណាន ដែលនៅលើភ្នំនោះ ក៏ចុះមកវាយផ្តួល ហើយដេញតាមគេរហូតដល់ស្រុកហោម៉ា។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 14: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.