ជនគណនា 15
15
1ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនឹងឲ្យ ទុកសំរាប់ជាទីលំនៅរបស់ឯង 3ហើយចង់យកសត្វពីហ្វូងគោ ឬពីហ្វូងចៀម ដើម្បីនឹងថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា ទោះបើជាដង្វាយដុត ឬជាយញ្ញបូជាលាបំណន់ ឬជាដង្វាយថ្វាយដោយស្ម័គ្រពីចិត្ត ឬដែលថ្វាយនៅថ្ងៃបុណ្យកំណត់ក្តី ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 4នោះអ្នកណាដែលថ្វាយដង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា ត្រូវតែយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង ថ្វាយជាដង្វាយម្សៅលាយដោយប្រេង២កំប៉ុង 5ហើយយកស្រាទំពាំងបាយជូរ២កំប៉ុង សំរាប់ជាដង្វាយច្រួចជាមួយនឹងដង្វាយដុតនោះ ឬសំរាប់រាល់តែចៀមក្នុងយញ្ញបូជានោះ 6ឬបើជាចៀមឈ្មោល នោះត្រូវរៀបម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយនឹងប្រេង៣កំប៉ុង សំរាប់ជាដង្វាយម្សៅ 7ហើយត្រូវថ្វាយស្រាទំពាំងបាយជូរ៣កំប៉ុងសំរាប់ជាដង្វាយច្រួច ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 8កាលណារៀបគោឈ្មោលសំរាប់ជាដង្វាយដុត ឬយញ្ញបូជាលាបំណន់ ឬជាដង្វាយមេត្រីថ្វាយដល់ព្រះយេហូវ៉ា 9នោះត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង សំរាប់ជាដង្វាយម្សៅលាយដោយប្រេង៤កំប៉ុងជាមួយនឹងគោឈ្មោលនោះ 10ឯដង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរ៤កំប៉ុង សំរាប់ជាដង្វាយដុត ទុកក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 11គឺយ៉ាងនោះដែលត្រូវធ្វើដល់រាល់តែគោឈ្មោល ពពែឈ្មោល កូនចៀមឈ្មោល នឹងកូនពពែនីមួយៗ 12តាមចំនួនសត្វដែលឯងរៀបថ្វាយ នោះត្រូវតែធ្វើចំពោះសត្វនីមួយៗយ៉ាងដូច្នេះតាមចំនួន 13អស់អ្នកដែលកើតក្នុងស្រុកត្រូវតែធ្វើតាមរបៀបនេះ ក្នុងកាលដែលថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា 14ឬបើមានអ្នកប្រទេសក្រៅណាស្នាក់នៅជាមួយនឹងឯងរាល់គ្នា ឬអ្នកណាក៏ដោយ ដែលនៅកណ្តាលឯងរាល់គ្នាគ្រប់ទាំងដំណតទៅ ចង់ថ្វាយដង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាឯងរាល់គ្នាធ្វើដែរ 15នៅក្នុងពួកជំនុំ នោះត្រូវមានច្បាប់តែ១សំរាប់ឯងរាល់គ្នា ហើយសំរាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយដែរ គឺជាច្បាប់ដ៏អស់កល្បជានិច្ច នៅអស់ទាំងដំណតទៅ នៅចំពោះព្រះយេហូវ៉ា ទោះទាំងអ្នកប្រទេសក្រៅ ក៏ដូចជាឯងរាល់គ្នាដែរ 16ត្រូវឲ្យមានរបៀបតែ១ ហើយច្បាប់តែ១ប៉ុណ្ណោះសំរាប់ឯងរាល់គ្នា ហើយនឹងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងឯងដែរ។
17ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 18ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនាំឯងចូលទៅ 19ហើយឯងនឹងបរិភោគអាហាររបស់ស្រុកនោះ នោះត្រូវឲ្យថ្វាយដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា 20ត្រូវយកម្សៅដែលលាយមុនដំបូង មកធ្វើជានំ១ ថ្វាយសំរាប់ជាដង្វាយលើកចុះឡើង ត្រូវឲ្យថ្វាយដង្វាយនោះ ដូចជាដង្វាយពីលានស្រូវ ដែលថ្វាយដោយលើកចុះឡើងដែរ 21នៅអស់ទាំងដំណឯងតទៅ នោះត្រូវយកម្សៅដែលលាយមុនដំបូងមក ថ្វាយជាដង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា។
22បើកាលណាឯងរាល់គ្នាធ្វើខុស ដោយមិនបានប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ាបានប្រាប់មកម៉ូសេ 23គឺអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ ចាប់តាំងពីថ្ងៃដែលទ្រង់បានបង្គាប់សេចក្ដីនោះមក ដរាបដល់អស់ទាំងដំណតរៀងទៅ 24បើសិនជាការកំហុសនោះបានធ្វើដោយឥតដឹង ឥតមានអ្នកណាមួយក្នុងពួកជំនុំបានដឹងសោះ នោះពួកជំនុំទាំងអស់គ្នា ត្រូវថ្វាយកូនគោឈ្មោល១ ទុកជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយម្សៅ នឹងដង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបដែរ 25ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា នោះនឹងបានអត់ទោសឲ្យគេ ដ្បិតការនោះជាការកំហុស តែគេបានយកដង្វាយគេមកហើយ គឺជាដង្វាយដុត ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយលោះបាបនៅចំពោះយេហូវ៉ា ដោយព្រោះការកំហុសរបស់គេ 26នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា នឹងពួកអ្នកដទៃដែលស្នាក់នៅកណ្តាលគេ នឹងបានរួចចាកទោសហើយ ដ្បិតបណ្តាជនទាំងឡាយបានធ្វើបាបនោះ ដោយឥតដឹងសោះ។
27បើសិនជាមានអ្នកណាតែម្នាក់ ធ្វើបាបដោយឥតដឹង អ្នកនោះត្រូវថ្វាយពពែញី១ អាយុ១ខួប សំរាប់ជាដង្វាយលោះបាប 28ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដែលបានធ្វើខុស នៅវេលាណាដែលគេធ្វើបាប នៅចំពោះព្រះយេហូវ៉ាដោយឥតដឹង ដើម្បីឲ្យបានធួននឹងអ្នកនោះ រួចនឹងបានអត់ទោសឲ្យគេ 29ត្រូវមានច្បាប់តែ១សំរាប់អ្នកណាដែលធ្វើការខុសដោយឥតដឹង ទោះបើជាអ្នកកើតនៅក្នុងពួកកូនចៅអ៊ីស្រាអែល ឬជាអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយក្តី 30តែឯអ្នកណាដែលធ្វើបាបដោយឥតមានខ្លាច ទោះបើជាអ្នកស្រុក ឬជាអ្នកស្នាក់នៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវតែកាត់អ្នកយ៉ាងនោះចេញពីសាសន៍របស់ខ្លួន 31ពីព្រោះបានមើលងាយដល់ព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តទទឹងនឹងបញ្ញត្តទ្រង់ផង ត្រូវតែកាត់កាល់អ្នកនោះ ឲ្យដាច់ចេញជាពិត គេមានទោសជាប់នៅលើខ្លួនហើយ។
32កាលពួកកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន គេឃើញមនុស្សម្នាក់កំពុងតែរើសឧសនៅថ្ងៃឈប់សំរាក 33ឯពួកអ្នកដែលឃើញ ក៏នាំទៅឯម៉ូសេ នឹងអើរ៉ុន ហើយនឹងពួកជំនុំទាំងអស់ 34គេឃុំអ្នកនោះទុក ពីព្រោះមិនទាន់បានសំដែងឲ្យដឹង ជាត្រូវធ្វើយ៉ាងដូចម្តេចនៅឡើយ 35នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ត្រូវសំឡាប់អ្នកនោះចោលទៅជាកុំខាន ត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលនឹងថ្ម នៅឯក្រៅទីដំឡើងត្រសាលទៅ 36ដូច្នេះ ពួកជំនុំក៏នាំទៅឯក្រៅទីដំឡើងត្រសាល ចោលនឹងថ្មឲ្យស្លាប់ទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
37ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ 38ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យធ្វើរំយោលនៅជាយអាវខ្លួន នៅអស់ទាំងដំណតរៀងទៅ ហើយត្រូវមានខ្សែពណ៌ផ្ទៃមេឃជាប់នឹងរំយោល នៅគ្រប់ទាំងជាយអាវរបស់គេ 39នោះនឹងបានសំរាប់ជារំយោល ឲ្យឯងរាល់គ្នាមើល ដើម្បីឲ្យនឹកចាំពីអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមផង ប្រយោជន៍កុំឲ្យឯងរាល់គ្នារកតាមតែចិត្ត នឹងភ្នែកឯងដែលនាំឲ្យឯងផិតទៅតាមនោះឡើយ 40គឺឲ្យឯងរាល់គ្នាបាននឹកចាំ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តរបស់អញ ហើយឲ្យបានបរិសុទ្ធសំរាប់ព្រះនៃឯងវិញ 41អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជាព្រះនៃឯង អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 15: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.