ជន‌គណនា 12

12
1រីឯ​ម៉ារាម នឹង​អើរ៉ុន គេ​និយាយ​ទំនាស់​នឹង​ម៉ូសេ ពី​រឿង​ស្រី​សាសន៍​គូស​ដែល​លោក​បាន​យក ដ្បិត​លោក​បាន​យក​ស្រី​សាសន៍​គូស​ម្នាក់ ធ្វើ​ជា​ប្រពន្ធ 2គឺ​គេ​និយាយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​តែ​នឹង​ម៉ូសេ​តែ​ម្នាក់​ឯង ឥត​បាន​មាន​បន្ទូល​នឹង​យើង​ដែរ​ទេ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​នោះ 3(រីឯ​ម៉ូសេ​លោក​សុភាព​ណាស់ លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី)។
4នោះ​លោ​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ម៉ូសេ អើរ៉ុន ហើយ​នឹង​ម៉ារាម​ថា ចូរ​ឯង​ទាំង​៣​នាក់​ចេញ​មក​ឯ​ត្រសាល​ជំនុំ​ចុះ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ 5ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ចុះ​មក​ក្នុង​បង្គោល​ពពក ឈរ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល មាន​បន្ទូល​ហៅ​ចំពោះ​អើរ៉ុន នឹង​ម៉ារាម រួច​គេ​ក៏​ចេញ​មក 6ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ស្តាប់​អញ​ចុះ បើ​មាន​ហោរា​ណា​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​អញ​ដ៏​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​ឲ្យ​អ្នក​នោះ​ស្គាល់​អញ​ក្នុង​ការ​ជាក់‌ស្តែង ហើយ​អញ​នឹង​និយាយ​នឹង​អ្នក​នោះ ដោយ​ការ​ពន្យល់​សប្តិ 7ឯ​ម៉ូសេ​ជា​អ្នក​បំរើ​អញ នោះ​អញ​មិន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​ជា​អ្នក​ស្មោះ‌ត្រង់​ក្នុង​ផ្ទះ​របស់​អញ​ទាំង​មូល 8អញ​នឹង​និយាយ​ផ្ទាល់​មាត់​នឹង​លោក​យ៉ាង​ច្បាស់​វិញ គឺ​មិន​មែន​ដោយ​ប្រស្នា​ទេ លោក​នឹង​បាន​ឃើញ​រូប​អង្គ​នៃ​ព្រះ‌យេហូវ៉ា​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ឯង​ហ៊ាន​និយាយ​ទំនាស់​នឹង​ម៉ូសេ ជា​អ្នក​បំរើ​អញ​ដូច្នេះ។
9សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​អ្នក​ទាំង​២​នោះ រួច​ទ្រង់​យាង​បាត់​ទៅ 10ហើយ​ពពក​ក៏​ឡើង​ផុត​ពី​លើ​ត្រសាល​ទៅ​ដែរ នោះ​មើល ម៉ារាម​កើត​ឃ្លង់​ស​ដូច​ហិមៈ អើរ៉ុន​បែរ​មក​មើល​ម៉ារាម​ឃើញ​ថា​កើត​ឃ្លង់​ដូច្នោះ 11ក៏​អង្វរ​ដល់​ម៉ូសេ​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​កុំ​ទំលាក់​បាប​នេះ​មក​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ ហើយ​បាន​ធ្វើ​បាប​នេះ​នោះ​ឡើយ 12សូម​កុំ​ឲ្យ​ម៉ារាម​បាន​ដូច​ជា​កូន​ស្លាប់ ដែល​មាន​សាច់​រលួយ​ពាក់​កណ្តាល ក្នុង​កាល​ដែល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​នោះ​ឡើយ 13ម៉ូសេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​សូម​អង្វរ​ទ្រង់ សូម​មេត្តា​ប្រោស​ឲ្យ​ម៉ារាម​បាន​ជា​ទៅ 14ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា បើ​ឪពុក​បាន​គ្រាន់​តែ​ស្តោះ​ដាក់​មុខ​នាង នោះ​តើ​មិន​មាន​សេចក្ដី​ខ្មាស​នៅ​អស់​៧​ថ្ងៃ​ទេ​ឬ​អី ដូច្នេះ ត្រូវ​បង្ខាំង​នាង​ទុក នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ​ដែរ រួច​សឹម​នាំ​មក​វិញ​ចុះ 15ដូច្នេះ​គេ​ក៏​បង្ខាំង​នាង​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ ហើយ​បណ្តាជន​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា ដរាប​ដល់​បាន​នាំ​ម៉ារាម​មក​វិញ 16រួច​មក គេ​ចេញ​ដំណើរ​ពី​ហាសិរ៉ូត ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 12: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល