នោះក៏មកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាង កាលទ្រង់បានយាងឡើងពីទូក ស្រាប់តែមានមនុស្សម្នាក់ដែលមានអារក្សអសោចិ៍ចូល វាចេញពីក្នុងផ្នូរខ្មោចមកចួបនឹងទ្រង់ វានៅតែក្នុងផ្នូរខ្មោច ឥតមានអ្នកណាអាចនឹងចងវាជាប់ទៀតបានទេ ទោះបើយកច្រវាក់ទៅដាក់ ក៏ពុំបានផង ដ្បិតគេបានដាក់ខ្នោះដាក់ច្រវាក់វាជាច្រើនដងហើយ ប៉ុន្តែវាចេះតែកាច់ច្រវាក់បំបាក់ខ្នោះចោលអស់ ហើយគ្មានអ្នកណាអាចនឹងកំរាបវាបានដែរ វានៅក្នុងផ្នូរនៅលើភ្នំ ទាំងស្រែក ហើយយកថ្មមកអារសាច់ខ្លួន ទាំងយប់ទាំងថ្ងៃជានិច្ច កាលវាឃើញព្រះយេស៊ូវពីចំងាយ ក៏រត់ទៅក្រាបសំពះទ្រង់ ស្រែកដោយសំរែកជាខ្លាំងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះដ៏ខ្ពស់បំផុតអើយ តើទ្រង់ហើយនឹងទូលបង្គំមានរឿងអ្វីនឹងគ្នា ទូលបង្គំសូមទ្រង់ឲ្យស្បថដោយព្រះថា មិនធ្វើទុក្ខទូលបង្គំទេ វាទូលដូច្នោះ ពីព្រោះទ្រង់កំពុងតែមានបន្ទូលថា ម្នាល អារក្សអសោចិ៍ ចូរថយចេញពីមនុស្សនេះទៅ រួចទ្រង់សួរវាថា ឯងឈ្មោះអី វាទូលឆ្លើយថា ទូលបង្គំឈ្មោះ «កងទ័ព» ពីព្រោះយើងខ្ញុំមានគ្នាច្រើន នោះវាទទូចអង្វរសូមកុំឲ្យទ្រង់បណ្តេញវារាល់គ្នាចេញពីស្រុកនោះឡើយ រីឯនៅទីនោះ មានហ្វូងជ្រូកយ៉ាងធំ កំពុងតែរកស៊ីនៅចង្កេះភ្នំ ហើយអារក្សទាំងនោះទូលអង្វរទ្រង់ថា សូមឲ្យយើងរាល់គ្នាទៅជ្រក នៅក្នុងជ្រូកទាំងនោះចុះ នោះទ្រង់ក៏អនុញ្ញាតឲ្យភ្លាម រួចកាលវិញ្ញាណអារក្សអសោចិ៍ទាំងនោះបានចេញហើយ វាក៏ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកប្រហែល២ពាន់រូប ក៏បោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ ឯពួកអ្នកគង្វាលជ្រូក គេរត់ទៅក្នុងទីក្រុង ហើយក្នុងស្រុកស្រែសាសព្ទប្រាប់រឿងនោះ រួចមនុស្សទាំងអស់ចេញមកមើលការដែលបានកើតឡើង គេមកឯព្រះយេស៊ូវ ហើយឃើញមនុស្សដែលពីដើមមានអារក្សចូល កំពុងតែអង្គុយទាំងស្លៀកពាក់ មានស្មារតីដឹងខ្លួនឡើង គឺជាអ្នកដែលមានអារក្សទាំងកងចូលនោះឯង រួចគេស្ញែងខ្លាច ពួកអ្នកដែលបានឃើញការនោះ ក៏ពណ៌នាប្រាប់ដល់ជនគ្រប់គ្នា តាមការដែលកើតឡើងដល់អ្នកនោះជាយ៉ាងណា ហើយពីដំណើរហ្វូងជ្រូកផង នោះគេចាប់តាំងទូលអង្វរ សូមឲ្យទ្រង់យាងចេញពីស្រុកគេទៅ កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់ តែទ្រង់មិនអនុញាតទេ ដោយបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ នៅស្រុកដេកាប៉ូល ពីការធំទាំងម៉្លេះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន នោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្ត។
អាន ម៉ាកុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 5:1-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ