ម៉ាកុស 5:1-20

ម៉ាកុស 5:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​គេ​បាន​មក​ដល់​ស្រុក​គេរ៉ា‌ស៊ីន នៅ​ត្រើយ​សមុទ្រ​ម្ខាង។ កាល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល ចេញ​ពី​ផ្នូរ​ខ្មោច មក​ជួប​ព្រះ‌អង្គ។ បុរស​នេះ​នៅ​តាម​ផ្នូរ​ខ្មោច គ្មាន​អ្នក​ណា​អាច​ចង​គាត់​ជាប់​បាន​ឡើយ ទោះ​ចង​នឹង​ច្រវាក់​ក៏​ដោយ ដ្បិត​គេ​បាន​ដាក់​ខ្នោះ ដាក់​ច្រវាក់​គាត់​ជា​ច្រើន​ដង ប៉ុន្តែ គាត់​ផ្ដាច់​ច្រវាក់ ហើយ​កាច់​បំបាក់​ខ្នោះ​ខ្ទេច​ខ្ទី គ្មាន​អ្នក​ណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។ គាត់​ចេះ​តែ​ស្រែក​ទាំង​យប់​ទាំង​ថ្ងៃ នៅ​តាម​ផ្នូរ​ខ្មោច និង​នៅ​តាម​ភ្នំ ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន។ កាល​គាត់​ឃើញ​ព្រះ‌យេស៊ូវ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​ទូល​បង្គំ? ទូល​បង្គំ​អង្វរ​ព្រះ‌អង្គ​នៅ​ចំពោះ​ព្រះ​ថា សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូល​បង្គំ​ឡើយ»។ វា​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​វា​ថា៖ «នែ៎ វិញ្ញាណ​អាក្រក់ ចូរ​ថយ​ចេញ​ពី​បុរស​នេះ​ទៅ!» ព្រះ‌យេស៊ូវ​សួរ​វា​ថា៖ «ឯង​ឈ្មោះ​អី?» វា​ទូល​ឆ្លើយ​ថា៖ «ទូល​បង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ វា​ទទូច​អង្វរ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង សូម​កុំ​ឲ្យ​បណ្តេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។ នៅ​ទី​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ ហើយ​វិញ្ញាណ​អាក្រក់​ទាំង​នោះ អង្វរ​ព្រះ‌អង្គ​ថា៖ «សូម​បញ្ជូន​យើង​ឲ្យ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!» ដូច្នេះ ព្រះ‌អង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួក​វា។ វិញ្ញាណ​អាក្រក់​ទាំង​នោះ​ក៏​ចេញ​ទៅ រួច​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ងាប់​ទាំង​អស់។ ពួក​អ្នក​ឃ្វាល​ជ្រូក​ក៏​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ជនប​ទ​ពី​រឿង​នេះ ហើយ​មនុស្ស​ម្នា​ក៏​នាំ​គ្នា​ចេញ​មក​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូវ ហើយ​ឃើញ​បុរស​ដែល​អារក្ស​ចូល​កាល​ពី​មុន​អង្គុយ​នៅ​ទី​នោះ ទាំង​មាន​សម្លៀក​បំពាក់ និង​មាន​ស្មារតី​ត្រឹម​ត្រូវ គេ​ក៏​ស្ញែង​ខ្លាច។ អស់​អ្នក​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ ក៏​រៀប​រាប់​ប្រាប់​គេ​ពី​អ្វី​ដែល​កើត​ឡើង​ដល់​បុរស​នោះ និង​ដល់​ហ្វូង​ជ្រូក។ ពេល​នោះ គេ​ចាប់​ផ្ដើម​ទូល​អង្វរ​ព្រះ‌យេស៊ូវ​ឲ្យ​យាង​ចេញ​ពី​ស្រុក​ភូមិ​របស់គេ។ ពេល​ព្រះ‌អង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​អារក្ស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ។ ប៉ុន្តែ ព្រះ‌អង្គ​មិន​ព្រម ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​សាច់​ញាតិ​របស់​អ្នក ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​អ្នក និង​ពី​ការ​ដែល​ព្រះ‌អង្គ​បាន​មេត្តា​ដល់​អ្នក​វិញ»។ គាត់​ក៏​ចេញ​ទៅ ហើយ​ចាប់​ផ្តើម​ប្រកាស​ប្រាប់​នៅ​ស្រុក​ដេកា‌ប៉ូល ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​គាត់ ហើយ​គ្រប់​គ្នា​ក៏​មាន​សេចក្ដី​អស្ចារ្យ។

ចែក​រំលែក
អាន ម៉ាកុស 5

ម៉ាកុស 5:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ា‌ស៊ីន។ កាល​ព្រះអង្គ​យាង​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះអង្គ។ បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ‌សព គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ សូម្បី​តែ​យក​ច្រវាក់​មក​ចង​ក៏​មិន​ជាប់​ដែរ។ គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជានិច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​ឡើយ។ គាត់​រស់​នៅ​តាម​ទី​បញ្ចុះ​សព និង​តាម​ភ្នំ ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ចេះ​តែ​ស្រែក ព្រម​ទាំង​យក​ថ្ម​មក​អារ​សាច់​ខ្លួន​ឯង​ថែម​ទៀត​ផង។ កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? ទូលបង្គំ​អង្វរ​ព្រះអង្គ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី!»។ វិញ្ញាណ​អាក្រក់​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ថា៖ «នែ៎​វិញ្ញាណ​អាក្រក់ ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «ឯង​ឈ្មោះ​អី?» វិញ្ញាណ​អាក្រក់​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ វា​ទទូច​អង្វរ សូម​កុំ​ឲ្យ​ព្រះអង្គ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។ នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។ វិញ្ញាណ​អាក្រក់​ទាំង​នោះ​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។ ព្រះ‌យេស៊ូ​ក៏​យល់​ព្រម។ វិញ្ញាណ​អាក្រក់​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។ ពួក​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​មាន​អារក្ស​ចូល​កាល​ពី​មុន អង្គុយ មាន​សម្លៀក‌បំពាក់ ហើយ​ដឹង​ស្មារតី នោះ​គេ​ក៏​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង។ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប​រាប់​ប្រាប់​គេ​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។ គេ​ទូល‌អង្វរ​ព្រះ‌យេស៊ូ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។ ពេល​ព្រះអង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​អារក្ស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះអង្គ។ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ»។ បុរស​នោះ​ក៏​ចេញ​ទៅ ហើយ​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ក្នុង​ស្រុក​ដេកា‌ប៉ូល ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់ កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង។

ចែក​រំលែក
អាន ម៉ាកុស 5

ម៉ាកុស 5:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ក៏​មក​ដល់​ស្រុក​គេ​រ៉ា‌ស៊ីន នៅ​ត្រើយ​សមុទ្រ​ម្ខាង កាល​ទ្រង់​បាន​យាង​ឡើង​ពី​ទូក ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ដែល​មាន​អារក្ស‌អសោចិ៍​ចូល វា​ចេញ​ពី​ក្នុង​ផ្នូរ​ខ្មោច​មក​ចួប​នឹង​ទ្រង់ វា​នៅ​តែ​ក្នុង​ផ្នូរ​ខ្មោច ឥត​មាន​អ្នក​ណា​អាច​នឹង​ចង​វា​ជាប់​ទៀត​បាន​ទេ ទោះ​បើ​យក​ច្រវាក់​ទៅ​ដាក់ ក៏​ពុំ​បាន​ផង ដ្បិត​គេ​បាន​ដាក់​ខ្នោះ​ដាក់​ច្រវាក់​វា​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​វា​ចេះ​តែ​កាច់​ច្រវាក់​បំបាក់​ខ្នោះ​ចោល​អស់ ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​កំរាប​វា​បាន​ដែរ វា​នៅ​ក្នុង​ផ្នូរ​នៅ​លើ​ភ្នំ ទាំង​ស្រែក ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ​ជានិច្ច កាល​វា​ឃើញ​ព្រះ‌យេស៊ូវ​ពី​ចំងាយ ក៏​រត់​ទៅ​ក្រាប​សំពះ​ទ្រង់ ស្រែក​ដោយ​សំរែក​ជា​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់​ហើយ​នឹង​ទូលបង្គំ​មាន​រឿង​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​ទ្រង់​ឲ្យ​ស្បថ​ដោយ​ព្រះ​ថា មិន​ធ្វើ​ទុក្ខ​ទូលបង្គំ​ទេ វា​ទូល​ដូច្នោះ ពី​ព្រោះ​ទ្រង់​កំពុង​តែ​មាន​បន្ទូល​ថា ម្នាល អារក្ស‌អសោចិ៍ ចូរ​ថយ​ចេញ​ពី​មនុស្ស​នេះ​ទៅ រួច​ទ្រង់​សួរ​វា​ថា ឯង​ឈ្មោះ​អី វា​ទូល​ឆ្លើយ​ថា ទូលបង្គំ​ឈ្មោះ «កង‌ទ័ព» ពី​ព្រោះ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន នោះ​វា​ទទូច​អង្វរ​សូម​កុំ​ឲ្យ​ទ្រង់​បណ្តេញ​វា​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ឡើយ រីឯ​នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ទូល​អង្វរ​ទ្រង់​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជ្រក នៅ​ក្នុង​ជ្រូក​ទាំង​នោះ​ចុះ នោះ​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​ភ្លាម រួច​កាល​វិញ្ញាណ​អារក្ស‌អសោចិ៍​ទាំង​នោះ​បាន​ចេញ​ហើយ វា​ក៏​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ប្រហែល​២​ពាន់​រូប ក៏​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ ឯ​ពួក​អ្នក​គង្វាល​ជ្រូក គេ​រត់​ទៅ​ក្នុង​ទី​ក្រុង ហើយ​ក្នុង​ស្រុក​ស្រែ​សា‌សព្ទ​ប្រាប់​រឿង​នោះ រួច​មនុស្ស​ទាំង​អស់​ចេញ​មក​មើល​ការ​ដែល​បាន​កើត​ឡើង គេ​មក​ឯ​ព្រះ‌យេស៊ូវ ហើយ​ឃើញ​មនុស្ស​ដែល​ពី​ដើម​មាន​អារក្ស​ចូល កំពុង​តែ​អង្គុយ​ទាំង​ស្លៀក‌ពាក់ មាន​ស្មារតី​ដឹង​ខ្លួន​ឡើង គឺ​ជា​អ្នក​ដែល​មាន​អារក្ស​ទាំង​កង​ចូល​នោះ​ឯង រួច​គេ​ស្ញែង​ខ្លាច ពួក​អ្នក​ដែល​បាន​ឃើញ​ការ​នោះ ក៏​ពណ៌នា​ប្រាប់​ដល់​ជន​គ្រប់​គ្នា តាម​ការ​ដែល​កើត​ឡើង​ដល់​អ្នក​នោះ​ជា​យ៉ាង​ណា ហើយ​ពី​ដំណើរ​ហ្វូង​ជ្រូក​ផង នោះ​គេ​ចាប់​តាំង​ទូល​អង្វរ សូម​ឲ្យ​ទ្រង់​យាង​ចេញ​ពី​ស្រុក​គេ​ទៅ កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់ តែ​ទ្រង់​មិន​អនុញាត​ទេ ដោយ​បន្ទូល​ថា ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ​ដែល​ព្រះ‌អម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ គាត់​ក៏​ចេញ​ទៅ ចាប់​តាំង​ប្រកាស​ប្រាប់ នៅ​ស្រុក​ដេកា‌ប៉ូល ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះ‌យេស៊ូវ​បាន​ប្រោស​ដល់​ខ្លួន នោះ​មនុស្ស​ទាំង​អស់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

ចែក​រំលែក
អាន ម៉ាកុស 5

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ