ក្រោយ២ថ្ងៃមក នោះជាបុណ្យរំលង នឹងបុណ្យនំបុ័ងឥតដំបែ ឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេរកឱកាសនឹងចាប់ទ្រង់ ដោយឧបាយកល ដើម្បីនឹងសំឡាប់ទ្រង់ចោល តែគេថា កុំឲ្យធ្វើក្នុងរវាងបុណ្យឡើយ ក្រែងបណ្តាជនកើតកោលាហល។ កំពុងដែលទ្រង់គង់នៅតុ ក្នុងផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់ នៅភូមិបេថានី នោះមានស្ត្រីម្នាក់កាន់ដបថ្មកែវ ដាក់ប្រេងទេព្វិរូសុទ្ធ មានដំឡៃណាស់ យកមកបំបែកដបនោះចាក់ប្រេងលើព្រះសិរព្រះយេស៊ូវ មានអ្នកខ្លះនឹកតូចចិត្ត ហើយថា តើមានប្រយោជន៍អ្វីនឹងធ្វើបង្ខាតប្រេងនេះដូច្នេះ ដ្បិតប្រេងនេះនឹងលក់បានជាង៦០រៀល ដើម្បីចែកទានដល់ពួកអ្នកទ័លក្រវិញ គេក៏រទូរទាំនឹងនាង ប៉ុន្តែទ្រង់មានបន្ទូលថា កុំធ្វើនាង ហេតុអ្វីបានជានាំបង្អាក់ចិត្តនាងដូច្នេះ នាងបានធ្វើការនេះ ជាការល្អដល់ខ្ញុំណាស់ ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប ហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេ នោះចេះតែធ្វើបាន តែចំណែកខ្ញុំ មិននៅជាមួយជាដរាបទេ នាងបានធ្វើការអ្វីដែលនាងធ្វើបាន គឺបានមកមុនពេលកំណត់ នឹងលាបខ្លួនខ្ញុំ ជាការសំរាប់កប់ខ្មោចខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។ ឯយូដាស-អ៊ីស្ការីយ៉ុត ជាអ្នក១ក្នុងពួក១២ វាក៏ទៅឯពួកសង្គ្រាជ ដើម្បីនឹងបញ្ជូនទ្រង់ទៅគេ កាលគេបានឮ នោះក៏មានសេចក្ដីត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា រួចវាខំស្វែងរកឱកាសនឹងបញ្ជូនទ្រង់ទៅដោយស្រួល។ នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែនោះ កាលគេត្រូវសំឡាប់កូនចៀម ធ្វើបុណ្យរំលង នោះពួកសិស្សទូលសួរទ្រង់ថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបចំបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ទ្រង់ក៏ចាត់សិស្ស២នាក់ឲ្យទៅ ដោយបន្ទូលថា ចូរទៅក្នុងទីក្រុង នោះនឹងមានមនុស្សម្នាក់លីក្អមទឹកមកចួបនឹងអ្នក ចូរឲ្យដើរតាមអ្នកនោះទៅ នៅកន្លែងណាដែលគាត់ចូល ចូរអ្នកនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍ថា តើបន្ទប់ណាដែលលោកនឹងបរិភោគបុណ្យរំលងជាមួយនឹងពួកសិស្សរបស់លោក នោះគាត់នឹងបង្ហាញបន្ទប់១ធំខាងលើដែលរៀបជាស្រេច ចូររៀបចំនៅទីនោះចុះ សិស្សទ្រង់២នាក់នោះក៏ចេញទៅ ដល់ទីក្រុងហើយ នោះក៏ឃើញដូចជាទ្រង់បានមានបន្ទូល រួចគេរៀបចំធ្វើបុណ្យរំលង។ ដល់ពេលល្ងាចហើយ ទ្រង់យាងមក ព្រមទាំងពួក១២នាក់ កាលកំពុងតែអង្គុយបរិភោគ នោះព្រះយេស៊ូវមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា ដែលបរិភោគជាមួយនឹងខ្ញុំនេះ នោះមានម្នាក់នឹងបញ្ជូនខ្ញុំ គេក៏តាំងព្រួយចិត្ត ហើយទូលទ្រង់ម្តងម្នាក់ៗថា តើទូលបង្គំឬអី រួចម្នាក់ទៀតថា តើទូលបង្គំឬអី ព្រះយេស៊ូវឆ្លើយថា គឺជាម្នាក់ក្នុងពួក១២ ដែលលូកដៃក្នុងចានជាមួយនឹងខ្ញុំ កូនមនុស្សត្រូវទៅពិត ដូចជាមានសេចក្ដីចែងទុកពីលោកស្រាប់ តែវេទនាដល់មនុស្សនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង។ កាលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ងប្រទានពរឲ្យ រួចកាច់ប្រទានដល់គេ ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ នោះទ្រង់យកពែងមកអរព្រះគុណ រួចប្រទានដល់គេ ហើយគេក៏ផឹកគ្រប់គ្នា ទ្រង់មានបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសំរាប់មនុស្សជាច្រើន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី នៅក្នុងនគរព្រះ។ រួចកាលបានច្រៀងទំនុក១ហើយ នោះក៏ចេញទៅឯភ្នំដើមអូលីវ ព្រះយេស៊ូវមានបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ប៉ុន្តែកាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅក្នុងពេលយប់នេះឯង មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែកគ្រប់៣ដងថា មិនស្គាល់ខ្ញុំ តែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ ហើយទាំងអស់ក៏ថាដូចគ្នា។
អាន ម៉ាកុស 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 14:1-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ