នោះមានអាចារ្យម្នាក់ចូលមកឮជជែកគ្នា ក៏យល់ឃើញថា ទ្រង់បានឆ្លើយត្រូវចំ រួចគាត់ទូលសួរទ្រង់ថា ក្នុងបញ្ញត្តទាំងប៉ុន្មាន តើមានបទណាសំខាន់ជាងគេទាំងអស់ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯបញ្ញត្តដែលសំខាន់ជាងគេ នោះគឺថា «ចូរស្តាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់ ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១ ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀតធំជាងបទទាំង២នេះទេ អាចារ្យនោះក៏ទូលទ្រង់ថា មែនហើយ លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ថា មានព្រះតែ១ ហើយក្រៅពីទ្រង់ គ្មានព្រះណាទៀតសោះ ហើយដែលស្រឡាញ់ទ្រង់អស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង នឹងអស់ពីកំឡាំង ហើយដែលស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង នោះវិសេសលើសជាងអស់ទាំងដង្វាយដុត នឹងយញ្ញបូជាទាំងប៉ុន្មានទៅទៀត កាលព្រះយេស៊ូវបានឃើញថា គាត់ឆ្លើយដោយប្រាជ្ញា នោះក៏មានបន្ទូលទៅគាត់ថា អ្នកមិនឆ្ងាយពីនគរព្រះទេ រួចគ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។ កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះទ្រង់មានបន្ទូលសួរថា ហេតុអ្វីបានជាពួកអាចារ្យថា ព្រះគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ ដ្បិតហ្លួងដាវីឌមានបន្ទូលដោយនូវព្រះវិញ្ញាណបរិសុទ្ធថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់ខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង» ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចមេ្ដចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន ឯហ្វូងមនុស្សដ៏ធំនោះ គេក៏ស្តាប់ទ្រង់ដោយអំណរ។ កំពុងដែលទ្រង់បង្រៀន នោះក៏មានបន្ទូលទៅគេថា ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងៗដើរចុះឡើង ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ នឹងអង្គុយទីមុខគេនៅក្នុងសាលាប្រជុំ ហើយនៅកន្លែងលេខ១ក្នុងការស៊ីលៀង គេឆស៊ីផ្ទះស្ត្រីមេម៉ាយ ដោយសូត្រធម៌ឲ្យច្រើន ដើម្បីដោះសាខ្លួន ពួកអ្នកទាំងនោះនឹងត្រូវទោសធ្ងន់ជាងទៅទៀត។ គ្រានោះ ព្រះយេស៊ូវគង់ទល់មុខនឹងឃ្លាំង ក៏ទតមើលទៅហ្វូងមនុស្ស ដែលគេដាក់ដង្វាយក្នុងឃ្លាំងជាយ៉ាងដូចមេ្ដច មានអ្នកមានជាច្រើន គេដាក់ច្រើន តែមានស្រីមេម៉ាយក្រម្នាក់ មកដាក់តែ២ស្លឹង ដែលត្រូវជាកន្លះសេន ទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ដ្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្ដីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួនផង។
អាន ម៉ាកុស 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 12:28-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ