ម៉ាកុស 12

12
1ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ថា មាន​មនុស្ស​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ នឹង​សង់​ប៉ម ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ 2ដល់​រដូវ​ហើយ គាត់​ចាត់​បាវ​ម្នាក់​ទៅ​ឯ​ពួក​អ្នក​ធ្វើ​ចំការ ដើម្បី​នឹង​ទទួល​ផល​ខ្លះ​ពី​ពួក​អ្នក​ទាំង​នោះ 3តែ​គេ​ចាប់​បាវ​នោះ​វាយ ហើយ​ឲ្យ​ត្រឡប់​ទៅ​វិញ​ទទេ 4គាត់​ចាត់​បាវ​១​ទៀត​ឲ្យ​ទៅ​ឯ​គេ តែ​គេ​ចោល​បាវ​នោះ​នឹង​ថ្ម ទាំង​វាយ​ក្បាល ហើយ​បណ្តេញ​ឲ្យ​ទៅ​វិញ ទាំង​ជេរ​ប្រមាថ​ផង 5គាត់​ក៏​ចាត់​ម្នាក់​ទៀត តែ​គេ​សំឡាប់​អ្នក​នោះ​បង់ ក៏​បាន​ចាត់​ជា​ច្រើន​នាក់​ទៅ​ទៀត ខ្លះ​ត្រូវ​គេ​វាយ ខ្លះ​ត្រូវ​គេ​សំឡាប់​ចោល 6គាត់​នៅ​មាន​កូន​សំឡាញ់​តែ​១ ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​គេ​ក្រោយ​បង្អស់ ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ 7តែ​ពួក​អ្នក​ធ្វើ​ចំការ​នោះ គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចេញ នោះ​មរដក​នេះ​នឹង​បាន​មក​លើ​យើង​រាល់​គ្នា​វិញ 8រួច​គេ​ចាប់​កូន​គាត់ សំឡាប់​បោះ​ចោល​ទៅ​ក្រៅ​ចំការ​ទៅ 9ដូច្នេះ តើ​ម្ចាស់​ចំការ​នឹង​ធ្វើ​ដូច​ម្តេច គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ 10តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​បទ​គម្ពីរ​នេះ​ផង​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក 11ការ​នោះ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ» 12គេ​ក៏​រក​ឱកាស​ចាប់​ទ្រង់ ព្រោះ​ដឹង​ថា ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស រួច​គេ​ដើរ​ចោល​ទ្រង់​បាត់​ទៅ។
13គេ​បាន​ចាត់​ពួក​ផារិស៊ី​ខ្លះ នឹង​ពួក​ហេរ៉ូឌ​ខ្លះ ទៅ​ឯ​ព្រះ‌យេស៊ូវ ដើម្បី​នឹង​ចាប់​ព្រះ‌បន្ទូល 14អ្នក​ទាំង​នោះ​ក៏​មក​ឯ​ទ្រង់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​មិន​អំពល់​ដល់​អ្នក​ណា​សោះ ពី​ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​លោក​ទេ លោក​បង្រៀន​តែ​ពី​ផ្លូវ​ព្រះ តាម​សេចក្ដី​ពិត​ប៉ុណ្ណោះ ដូច្នេះ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ 15តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់ ប៉ុន្តែ​ទ្រង់​ស្គាល់​ពុត​មាយា​របស់​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ ចូរ​យក​ប្រាក់​កាក់​ធំ​មក​ឲ្យ​ខ្ញុំ​មើល 16គេ​ក៏​យក​មក រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា រូប​នេះ នឹង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា គេ​ឆ្លើយ​ថា របស់​សេសារ 17នោះ​ទ្រង់​តប​ទៅ​វិញ​ថា ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ គេ​ក៏​អស្ចារ្យ​នឹង​ទ្រង់។
18ឯ​ពួក​សាឌូស៊ី ដែល​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​ក៏​មក​ទូល​សួរ​ទ្រង់​ថា 19លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា «បើ​បង​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ​ឥត​មាន​កូន នោះ​ត្រូវ​ឲ្យ​ប្អូន​យក​ប្រពន្ធ​គាត់ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន» 20ឥឡូវ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន 21ប្អូន​បន្ទាប់​ក៏​យក​នាង​នោះ ហើយ​ស្លាប់​ទៅ ឥត​មាន​កូន​ដែរ អ្នក​ទី​៣​ក៏​ដូច​គ្នា 22អ្នក​ទាំង​៧​នោះ​បាន​យក​នាង តែ​គ្មាន​កូន​១​សោះ ក្រោយ​បង្អស់​មក នាង​នោះ​ក៏​ស្លាប់​ទៅ​ដែរ 23ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​ត្រូវ​បាន​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​នោះ ពី​ព្រោះ​អ្នក​ទាំង​៧​បាន​យក​នាង​គ្រប់ៗ​គ្នា 24ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ដូច្នេះ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ​តើ ពី​ព្រោះ​មិន​ស្គាល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ 25ដ្បិត​កាល​ណា​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​មិន​ដែល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គេ​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ 26ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​គុម្ព​បន្លា ដែល​មាន​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ទេ​ឬ​អី ដែល​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» 27ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ខ្លាំង​ណាស់។
28នោះ​មាន​អាចារ្យ​ម្នាក់​ចូល​មក​ឮ​ជជែក​គ្នា ក៏​យល់​ឃើញ​ថា ទ្រង់​បាន​ឆ្លើយ​ត្រូវ​ចំ រួច​គាត់​ទូល​សួរ​ទ្រង់​ថា ក្នុង​បញ្ញត្ត​ទាំង​ប៉ុន្មាន តើ​មាន​បទ​ណា​សំខាន់​ជាង​គេ​ទាំង​អស់ 29ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា «ចូរ​ស្តាប់​ចុះ អ៊ីស្រាអែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះ‌អម្ចាស់​តែ​១​ព្រះ‌អង្គ​ទ្រង់ 30ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១ 31ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ 32អាចារ្យ​នោះ​ក៏​ទូល​ទ្រង់​ថា មែន​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ 33ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង នឹង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត 34កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ថា គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា នោះ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​មិន​ឆ្ងាយ​ពី​នគរ​ព្រះ​ទេ រួច​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។
35កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ 36ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» 37ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច‌មេ្ដច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន ឯ​ហ្វូង​មនុស្ស​ដ៏​ធំ​នោះ គេ​ក៏​ស្តាប់​ទ្រង់​ដោយ​អំណរ។
38កំពុង​ដែល​ទ្រង់​បង្រៀន នោះ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ប្រុង‌ប្រយ័ត​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែងៗ​ដើរ​ចុះ​ឡើង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ 39នឹង​អង្គុយ​ទី​មុខ​គេ​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​កន្លែង​លេខ​១​ក្នុង​ការ​ស៊ី‌លៀង 40គេ​ឆ​ស៊ី​ផ្ទះ​ស្ត្រី​មេម៉ាយ ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ដោះ‌សា​ខ្លួន ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។
41គ្រា​នោះ ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​នឹង​ឃ្លាំង ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូច‌មេ្ដច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន 42តែ​មាន​ស្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន 43ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង 44ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្ដី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 12: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល