ម៉ាកុស 1:21-39

ម៉ាកុស 1:21-39 ពគប

នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ពី​សេចក្ដី​បង្រៀន​របស់​ទ្រង់ ដ្បិត​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​ដូច​ជា​ពួក​អាចារ្យ​ទេ រីឯ​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​មនុស្ស​ម្នាក់​មាន​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ថា ហ៊ឹះ តើ​យើង​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា នែ ព្រះ‌យេស៊ូវ​ពី​ភូមិ​ណា‌សារ៉ែត​អើយ តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ថា​ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ ព្រះ‌យេស៊ូវ ទ្រង់​ក៏​បន្ទោស​ដល់​វា​ថា ចូរ​ស្ងៀម​ទៅ ហើយ​ថយ​ពី​មនុស្ស​នេះ​ចេញ កាល​អារក្ស‌អសោចិ៍​បាន​ជាន់​មនុស្ស​នោះ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង ហើយ​ស្រែក​ឡើង នោះ​វា​ក៏​ចេញ​ទៅ អ្នក​ទាំង​អស់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ដល់​ម៉្លេះ​បាន​ជា​គេ​សួរ​គ្នា​ថា នេះ​ជា​អ្វី​អេះ តើ​សេចក្ដី​បង្រៀន​បែប​ថ្មី​យ៉ាង​ណា​ហ្ន៎ បាន​ជា​លោក​បង្គាប់​ដល់​អារក្ស‌អសោចិ៍ ដោយ​អំណាច ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ នោះ​ព្រះ‌នាម​ទ្រង់​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ជា​១​រំពេច​ទួទៅ ពេញ​ក្នុង​ក្រវល់​ជុំ‌វិញ​នៃ​ស្រុក​កាលី‌ឡេ។ កាល​បាន​ចេញ​ពី​សាលា​ប្រជុំ​មក ក៏​ដំរង់​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន នឹង​អនទ្រេ នាំ​ទាំង​យ៉ាកុប ហើយ​នឹង​យ៉ូហាន​ទៅ​ជា​មួយ ឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន នាង​កំពុង​តែ​ដេក​គ្រុន គេ​ក៏​ពិត​ទូល​ទ្រង់​ជា​១​រំពេច ពី​ដំណើរ​នាង លុះ​ទ្រង់​យាង​ចូល​ទៅ ក៏​ចាប់​ដៃ​នាង​លើក​ឡើង ស្រាប់​តែ​គ្រុន​បាត់​អស់​ទៅ រួច​នាង​ខ្វល់‌ខ្វាយ​បំរើ​ទាំង​អស់​គ្នា ដល់​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច​ហើយ គេ​នាំ​អស់​ទាំង​មនុស្ស​ជំងឺ នឹង​មនុស្ស​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ ឯ​ពួក​ក្រុង​នោះ​ទាំង​អស់ គេ​បាន​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ ទ្រង់​ក៏​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​ឈឺ​ផ្សេងៗ​ជា​ច្រើន ឲ្យ​បាន​ជា នឹង​ដេញ​អារក្ស​ជា​ច្រើន​ដែរ តែ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ពី​ព្រោះ​វា​ស្គាល់​ទ្រង់។ កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ ឯ​ស៊ីម៉ូន នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ គេ​ក៏​ដើរ​តាម​រក​ទ្រង់ គ្រា​បាន​ឃើញ​ទ្រង់​ហើយ នោះ​ក៏​ទូល​ថា មនុស្ស​ទាំង​អស់​កំពុង​តែ​រក​ទ្រង់ តែ​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​យើង​ទៅ​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ភូមិ​ទាំង​នោះ​ដែរ ដ្បិត​គឺ​ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​មក ទ្រង់​ក៏​ប្រកាស​ប្រាប់​នៅ​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​របស់​គេ គ្រប់​ក្នុង​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ដេញ​អារក្ស​ផង។

អាន ម៉ាកុស 1