ម៉ាកុស 1:21-39
ម៉ាកុស 1:21-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកគេនាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយនៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅបង្រៀនក្នុងសាលាប្រជុំ។ គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិតព្រះអង្គបង្រៀនពួកគេ ដូចជាអ្នកដែលមានអំណាច មិនដូចជាពួកអាចារ្យទេ។ ពេលនោះ នៅក្នុងសាលាប្រជុំរបស់គេ មានបុរសម្នាក់មានវិញ្ញាណអាក្រក់ចូល វាស្រែកឡើងថា «ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយ ព្រះអង្គជាអង្គបរិសុទ្ធរបស់ព្រះ»។ ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម! ហើយចេញពីអ្នកនេះទៅ!» វិញ្ញាណអាក្រក់បានធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយស្រែកយ៉ាងខ្លាំង រួចក៏ចេញទៅ។ គេទាំងអស់គ្នាមានសេចក្ដីអស្ចារ្យ ហើយគេសួរគ្នាទៅវិញទៅមកថា៖ «តើស្អីហ្នឹង? សេចក្តីបង្រៀនថ្មីនេះមានអំណាចម៉្លេះ! លោកបញ្ជាពួកវិញ្ញាណអាក្រក់ ហើយវាក៏ស្តាប់បង្គាប់លោក»។ ភ្លាមនោះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ចាប់ផ្ដើមឮសុសសាយគ្រប់ទីកន្លែង ពាសពេញតំបន់កាលីឡេទាំងមូល។ កាលព្រះអង្គ និងពួកសិស្សចេញពីសាលាប្រជុំភ្លាម គេក៏ចូលទៅក្នុងផ្ទះស៊ីម៉ូន និងអនទ្រេ ហើយយ៉ាកុប និងយ៉ូហានក៏ទៅជាមួយដែរ។ ពេលនោះ ម្តាយក្មេករបស់ស៊ីម៉ូន កំពុងតែដេកគ្រុននៅលើគ្រែ ហើយគេក៏ទូលព្រះអង្គភ្លាមអំពីគាត់។ ព្រះអង្គយាងចូលទៅជិត ហើយចាប់ដៃគាត់ឲ្យក្រោកឡើង។ ពេលនោះ ស្រាប់តែគ្រុនចេញបាត់អស់ទៅ រួចគាត់ក៏ចាប់ផ្ដើមបម្រើពួកគេ។ ល្ងាចនោះ នៅពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សអារក្សចូលទាំងអស់ មករកព្រះអង្គ។ អ្នកក្រុងនោះទាំងអស់បានមកជួបជុំគ្នានៅមាត់ទ្វារ ព្រះអង្គប្រោសមនុស្សដែលមានជំងឺរោគាផ្សេងៗជាច្រើនឲ្យបានជា ហើយដេញអារក្សជាច្រើនចេញពីមនុស្ស តែព្រះអង្គមិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីសោះ ព្រោះពួកវាស្គាល់ព្រះអង្គ។ ព្រឹកឡើង កាលនៅងងឹតនៅឡើយ ព្រះអង្គតើនឡើង ហើយយាងចេញទៅកាន់ទីស្ងាត់ រួចអធិស្ឋាននៅទីនោះ។ ស៊ីម៉ូន និងពួកអ្នកដែលនៅជាមួយ នាំគ្នាតាមរកព្រះអង្គ។ លុះបានឃើញព្រះអង្គហើយ គេក៏ទូលព្រះអង្គថា៖ «មនុស្សគ្រប់គ្នាកំពុងស្វែងរកព្រះអង្គ»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរយើងនាំគ្នាទៅភូមិនានាដែលនៅជិតនេះ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅទីនោះដែរ ដ្បិតដោយហេតុនោះហើយបានជាខ្ញុំមក»។ ព្រះអង្គបានយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសប្រាប់នៅក្នុងសាលាប្រជុំរបស់គេ ព្រមទាំងដេញអារក្សចេញពីមនុស្សផង។
ម៉ាកុស 1:21-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងចូលក្រុងកាពើណិមជាមួយពួកសិស្ស*។ នៅថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនអ្នកស្រុក។ អ្នកដែលបានស្ដាប់ព្រះអង្គងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ*។ នៅពេលនោះ ក្នុងសាលាប្រជុំ* មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ស្រែកឡើងថា៖ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។ ព្រះយេស៊ូគំរាមវិញ្ញាណអាក្រក់នោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ វិញ្ញាណអាក្រក់ក៏ធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។ មនុស្សម្នាទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅវិញ្ញាណអាក្រក់ ហើយវិញ្ញាណអាក្រក់ក៏ស្ដាប់បង្គាប់លោក»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយ ពាសពេញតំបន់កាលីឡេទាំងមូល។ ព្រះយេស៊ូ និងសិស្ស*នាំគ្នាចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន ហើយលោកអនទ្រេ លោកយ៉ាកុប និងលោកយ៉ូហាន ក៏ទៅជាមួយដែរ។ ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។ ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឲ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។ លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សអារក្សចូលទាំងអស់ មករកព្រះយេស៊ូ។ អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។ ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ ដែលមានជំងឺផ្សេងៗឲ្យជាសះស្បើយ ហើយព្រះអង្គដេញអារក្សជាច្រើនចេញពីមនុស្សផង ព្រះអង្គមិនអនុញ្ញាតឲ្យអារក្សនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់ព្រះអង្គ។ ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយអធិស្ឋាន*នៅទីនោះ។ លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អ*នៅទីនោះដែរ ដ្បិតខ្ញុំចេញមក ដើម្បីបំពេញការនេះឯង»។ ព្រះអង្គយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ*នៅតាមសាលាប្រជុំ*ទាំងឡាយ ព្រមទាំងដេញអារក្សចេញពីមនុស្សផង។
ម៉ាកុស 1:21-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះក៏នាំគ្នាចូលទៅក្នុងក្រុងកាពើណិម ហើយទ្រង់ចូលទៅបង្រៀនក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក គេក៏នឹកប្លែកក្នុងចិត្ត ពីសេចក្ដីបង្រៀនរបស់ទ្រង់ ដ្បិតទ្រង់បង្រៀន ដូចជាមានអំណាច មិនដូចជាពួកអាចារ្យទេ រីឯនៅក្នុងសាលាប្រជុំរបស់គេ មានមនុស្សម្នាក់មានអារក្សអសោចិ៍ចូល វាស្រែកឡើងថា ហ៊ឹះ តើយើងនឹងទ្រង់មានហេតុអ្វីនឹងគ្នា នែ ព្រះយេស៊ូវពីភូមិណាសារ៉ែតអើយ តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ថាទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ ព្រះយេស៊ូវ ទ្រង់ក៏បន្ទោសដល់វាថា ចូរស្ងៀមទៅ ហើយថយពីមនុស្សនេះចេញ កាលអារក្សអសោចិ៍បានជាន់មនុស្សនោះឲ្យប្រកាច់ប្រកិនជាខ្លាំង ហើយស្រែកឡើង នោះវាក៏ចេញទៅ អ្នកទាំងអស់គ្នាក៏នឹកស្ងើចក្នុងចិត្ត ដល់ម៉្លេះបានជាគេសួរគ្នាថា នេះជាអ្វីអេះ តើសេចក្ដីបង្រៀនបែបថ្មីយ៉ាងណាហ្ន៎ បានជាលោកបង្គាប់ដល់អារក្សអសោចិ៍ ដោយអំណាច ហើយវាក៏ស្តាប់បង្គាប់លោកដូច្នេះ នោះព្រះនាមទ្រង់ក៏ឮល្បីខ្ចរខ្ចាយជា១រំពេចទួទៅ ពេញក្នុងក្រវល់ជុំវិញនៃស្រុកកាលីឡេ។ កាលបានចេញពីសាលាប្រជុំមក ក៏ដំរង់ទៅក្នុងផ្ទះស៊ីម៉ូន នឹងអនទ្រេ នាំទាំងយ៉ាកុប ហើយនឹងយ៉ូហានទៅជាមួយ ឯម្តាយក្មេករបស់ស៊ីម៉ូន នាងកំពុងតែដេកគ្រុន គេក៏ពិតទូលទ្រង់ជា១រំពេច ពីដំណើរនាង លុះទ្រង់យាងចូលទៅ ក៏ចាប់ដៃនាងលើកឡើង ស្រាប់តែគ្រុនបាត់អស់ទៅ រួចនាងខ្វល់ខ្វាយបំរើទាំងអស់គ្នា ដល់ពេលល្ងាច ជាពេលថ្ងៃលិចហើយ គេនាំអស់ទាំងមនុស្សជំងឺ នឹងមនុស្សមានអារក្សចូល មកឯទ្រង់ ឯពួកក្រុងនោះទាំងអស់ គេបានប្រជុំគ្នានៅមាត់ទ្វារ ទ្រង់ក៏ប្រោសមនុស្សដែលមានជំងឺឈឺផ្សេងៗជាច្រើន ឲ្យបានជា នឹងដេញអារក្សជាច្រើនដែរ តែទ្រង់មិនអនុញ្ញាតឲ្យអារក្សទាំងនោះនិយាយអ្វីសោះ ពីព្រោះវាស្គាល់ទ្រង់។ កាលនៅងងឹតមិនទាន់ភ្លឺស្រាងនៅឡើយ នោះទ្រង់តើនឡើងយាងចេញទៅឯទីស្ងាត់ ហើយអធិស្ឋាននៅទីនោះ ឯស៊ីម៉ូន នឹងពួកអ្នកដែលនៅជាមួយ គេក៏ដើរតាមរកទ្រង់ គ្រាបានឃើញទ្រង់ហើយ នោះក៏ទូលថា មនុស្សទាំងអស់កំពុងតែរកទ្រង់ តែទ្រង់មានបន្ទូលតបថា ចូរយើងទៅក្នុងអស់ទាំងភូមិនៅជុំវិញ ដើម្បីឲ្យខ្ញុំបានប្រកាសប្រាប់នៅភូមិទាំងនោះដែរ ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក ទ្រង់ក៏ប្រកាសប្រាប់នៅក្នុងអស់ទាំងសាលាប្រជុំរបស់គេ គ្រប់ក្នុងស្រុកកាលីឡេ ព្រមទាំងដេញអារក្សផង។