ម៉ាកុស 1:1-15

ម៉ាកុស 1:1-15 ពគប

នេះ​ជា​ដើម​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា «មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង» «មាន​សំឡេង​នៃ​មនុស្ស​ម្នាក់​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា ឲ្យ​រៀបចំ​ផ្លូវ​ទទួល​ព្រះ‌អម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ»។ ឯ​យ៉ូហាន ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក នៅ​ទី​រហោ‌ស្ថាន ក៏​មក​ដល់ គាត់​ប្រកាស​ប្រាប់ ពី​បុណ្យ​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​អស់​គ្នា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ក៏​ចេញ​ទៅ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់ ទាំង​លន់‌តួ​បាប​គ្រប់​គ្នា យ៉ូហាន​បាន​ប្រដាប់​ខ្លួន ដោយ​សំពត់​ធ្វើ​ពី​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​បរិភោគ​កណ្តូប នឹង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ គាត់​ប្រកាស​ថា ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង ឯ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។ នៅ​ក្នុង​គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ពី​យ៉ូហាន នៅ​ក្នុង​ទន្លេ​យ័រដាន់​ដែរ កាល​កំពុង​តែ​យាង​ឡើង​ពី​ទឹក​មក ស្រាប់​តែ​ឃើញ​មេឃ​របើក នឹង​ព្រះ‌វិញ្ញាណ​ចុះ​មក​សណ្ឋិត​លើ​ទ្រង់ មាន​រូប​ដូច​ជា​ព្រាប រួច​ឮ​សំឡេង​ពី​លើ​មេឃ​ថា ឯង​ជា​កូន​ស្ងួន‌ភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​បង្ខំ​ទ្រង់ ឲ្យ​យាង​ទៅ​ឯ​ទី​រហោ‌ស្ថាន ទ្រង់​ក៏​គង់​នៅ​ទី​នោះ​៤០​ថ្ងៃ ជា​មួយ​នឹង​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​អារក្ស‌សាតាំង​ល្បួង រួច​មាន​ពួក​ទេវតា​មក​គាល់​បំរើ​ទ្រង់។ គ្រា​ក្រោយ​ដែល​គេ​បញ្ជូន​យ៉ូហាន​ទៅ​ផុត​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ក្នុង​ស្រុក​កាលី‌ឡេ​វិញ ព្រម​ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ​ថា ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ។

អាន ម៉ាកុស 1