ម៉ាថាយ 19:16-30

ម៉ាថាយ 19:16-30 ពគប

នោះ​មាន​ម្នាក់​មក​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់‌កល្ប​ជានិច្ច ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ជា​ល្អ​ដូច្នេះ មាន​តែ​១​ទេ​ដែល​ល្អ គឺ​ជា​ព្រះ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ គាត់​ទូល​សួរ​ថា តើ​បញ្ញត្ត​ណា​ខ្លះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ» ហើយ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» មនុស្ស​កំឡោះ​នោះ​ក៏​ទូល​ទ្រង់​ថា ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ នៅ​ឯ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ កាល​មនុស្ស​កំឡោះ​បាន​ឮ​ព្រះ‌បន្ទូល​នោះ​ហើយ នោះ​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ នោះ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​នឹង​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​អ្នក​មាន​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពិបាក​ណាស់ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា ដែល​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ ជា​ជាង​ឲ្យ​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​វិញ កាល​ពួក​សិស្ស​បាន​ឮ​ដូច្នោះ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ក្រៃ‌លែង ហើយ​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ ដោយ​បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​មិន​កើត​ទេ តែ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់។ ពេត្រុស​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ខ្លះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដល់​គ្រា​កែ​ជា​ថ្មី​ឡើង​វិញ កាល​ណា​កូន​មនុស្ស​បាន​ឡើង​គង់​លើ​បល្ល័ង្ក​ឧត្តម​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ នឹង​បាន​អង្គុយ​លើ​បល្ល័ង្ក​១២​ដែរ ហើយ​នឹង​ជំនុំ​ជំរះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង ឬ​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ នោះ​នឹង​បាន​ជា​១​រយ​ភាគ​ឡើង​វិញ ហើយ​នឹង​បាន​គ្រង​ជីវិត​អស់‌កល្ប​ជានិច្ច ទុក​ជា​មរដក​ដែរ តែ​នឹង​មាន​មនុស្ស​មុន ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​នឹង​មាន​មនុស្ស​ក្រោយ ទៅ​ជា​មុន​វិញ។

អាន ម៉ាថាយ 19