នៅវេលានោះឯង ពួកសិស្សមកឯព្រះយេស៊ូវទូលសួរថា តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌ តែទ្រង់ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ រួចមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរស្ថានសួគ៌ហើយ អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំដែរ ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង វេទនាដល់លោកីយ ដោយព្រោះអស់ទាំងហេតុដែលនាំឲ្យរវាតចិត្ត ដ្បិតសេចក្ដីនោះត្រូវតែមាន តែវេទនាដល់មនុស្សណាដែលបង្កើតហេតុឲ្យរវាតចិត្តនោះ បើសិនជាដៃ ឬជើងអ្នក នាំឲ្យគេរវាតចិត្ត នោះចូរកាត់ចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃជើងវិញ ជាជាងមានដៃជើងទាំង២ នឹងត្រូវបោះទៅក្នុងភ្លើង ដែលឆេះនៅអស់កល្បជានិច្ច ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត ចូរខ្វែះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះទៅក្នុងភ្លើងនរក ចូរប្រយ័ត កុំឲ្យមើលងាយចំពោះកូនតូចណាមួយនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់វា ដែលនៅស្ថានសួគ៌តែងតែឃើញព្រះភក្ត្រព្រះវរបិតាខ្ញុំជានិច្ច ដែលទ្រង់គង់នៅស្ថានសួគ៌ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងជួយសង្គ្រោះអ្នកណាដែលបាត់បង់ បើមនុស្សណាមានចៀម១រយ ហើយមាន១វង្វេងបាត់ តើអ្នករាល់គ្នាគិតដូចម្តេច តើមិនទុកចៀម៩៩នៅលើភ្នំ នឹងទៅរកចៀម១ ដែលវង្វេងបាត់នោះទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើរកឃើញ នោះមានសេចក្ដីអំណរចំពោះចៀមនោះ ជាជាងចៀម៩៩ដែលមិនបានវង្វេងទៅទៀត ដូច្នេះ ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏មិនសព្វព្រះហឫទ័យ ឲ្យកូនតូចណាមួយនេះ ត្រូវវិនាសដូច្នោះដែរ។ បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២នាក់ក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ។ ខណនោះពេត្រុសក៏មកឯទ្រង់ទូលថា ព្រះអម្ចាស់អើយ បើបងឬប្អូនធ្វើបាបនឹងខ្ញុំ នោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដង តើដល់៧ដងឬអី ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត ដូច្នេះ នគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្តេច១អង្គ ដែលចង់គិតបញ្ជីនឹងពួកបាវព្រាវ កាលទ្រង់ចាប់តាំងគិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២កោដិ តែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសង បានជាចៅហ្វាយបង្គាប់ឲ្យលក់ខ្លួនវា ព្រមទាំងប្រពន្ធកូន នឹងរបស់ទាំងអស់ ដើម្បីនឹងសងបំណុលនោះ ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន ឯចៅហ្វាយរបស់បាវនោះ មានព្រះទ័យក្តួលអាណិត ក៏លែងវាឲ្យទៅ ព្រមទាំងលែងទារបំណុលផង តែកាលបាវនោះបានចេញទៅហើយ ក៏ចួបប្រទះនឹងគូកនម្នាក់ ដែលជំពាក់ខ្លួន២០រៀល នោះវាចាប់ច្របាច់កអ្នកនោះ ដោយពាក្យថា ចូរសងប្រាក់ដែលជំពាក់អញនោះមក អ្នកនោះក៏ទំលាក់ខ្លួន ក្រាបចុះនៅទៀបជើង សូមអង្វរថា សូមមេត្តាបង្អង់ឲ្យខ្ញុំសិន ខ្ញុំនឹងសងជូនអ្នក តែវាមិនព្រមទេ ត្រឡប់ជាបានចាប់អ្នកនោះ នាំទៅដាក់គុកវិញ ទាល់តែបានសងបំណុលរួច កាលពួកគូកនគេបានឃើញការនោះ គេមានចិត្តឈឺឆ្អាលណាស់ ក៏នាំគ្នាទៅទូលដល់ចៅហ្វាយ ពីការទាំងប៉ុន្មានដែលកើតមក ចៅហ្វាយក៏ឲ្យគេហៅបាវនោះមក រួចមានបន្ទូលថា នែ អាបំរើអាក្រក់ អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី ចៅហ្វាយក៏មានសេចក្ដីក្រោធ ហើយបញ្ជូនវាទៅឯមេភូឃុំ ទាល់តែបានសងបំណុលនោះគ្រប់ចំនួន យ៉ាងនោះ បើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូន ដោយស្ម័គ្រពីចិត្តទេ នោះព្រះវរបិតានៃខ្ញុំ ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរ។
អាន ម៉ាថាយ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 18:1-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ